សារអេឡិចត្រូនិច
តិច​ច្រឡំ​ស្រុកគេ! ឧទ្យាន​ជាតិ​មួយ​កន្លែង​នៅ​កម្ពុជា ទេសភាពល្អឯករកផ្ទឹមពុំបាន


លាត​សន្ធឹង​លើ​ផ្ទៃ​ដី​រាប់​រយ​ហិកតា គ្រប​ដណ្ដប់​ដោយ​វាល​ស្មៅ​ដ៏​ខៀវខ្ចី នៅ​លើ​កំពូល​ភ្នំ​ដ៏​ស្រស់​ស្អាត មាន​ដើម​រុក្ខជាតិ​តូច​ធំ ទទួល​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​ច្បាស់ បាន​ធ្វើ​ឧទ្យាន​ជាតិ​វីរៈជ័យ​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ទាក់ទាញ​បំផុត នៅ​លើ​ទឹកដី​ខេត្ត​រតនគីរី និង​ស្ទឹង​ត្រែង។


ស្ថិត​នៅ​ភូមិភាគ​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ឧទ្យាន​ជាតិ​វីរៈជ័យ គឺ​ជា​កន្លែង​លំហែ​អារម្មណ៍ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​ល្អ​បរិសុទ្ធ​មួយ​មិន​គួរ​មើល​រំលង។ ធម្មជាតិ​បាន​បង្កើត​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន ​​ក្នុង​ឧទ្យាន​មួយ​នេះ​សឹង​មិន​ជឿ​នឹង​ភ្នែក​​មាន​ទាំង​ដើម​ឈើ​ចម្រុះ​ពណ៌​យ៉ាង​ស្រស់​បំព្រង​នៅ​តាម​ដង​អូរ និង​សត្វព្រៃ​ជាច្រើន​កំពុង​សំងំ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ដូចជា សត្វ​ស្វា​កន្ទុយ​ស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លា​ពពក ខ្ទីង និង ខ្លា​ឃ្មុំ​ជាដើម។ ​​នេះ​បើ​តាម​គេហទំព័រ​របស់​ក្រសួង​បរិស្ថាន។​

ធ្វើ​ដំណើរ​ផ្សង​ព្រេង​បន្ត​ទៅ​មុខ​ទៀត ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ នឹង​ភ្លាំង​ភ្លឹក​ស្មារតី​ជាមួយ​សម្រស់​ទឹកជ្រោះ​ដ៏​ស្រស់​ត្រកាល​នៅ​កណ្ដាល​ព្រៃ​ស្រោង​មួយ​ហៅ​ថា​ ទឹក​ជ្រោះ​យក្ស​កែ។ ទឹក​ធ្លាក់​ហូរ​ពីលើ​កំពូល​ភ្នំ​ បង្កើត​ជា​សូរសៀង​គ្រឹកគ្រាក់ លាយ​ឡំ​ជាមួយ​សំឡេង​សត្វ​យំ អឺង​កង ចំណែក​ឯ​ទឹក​វិញ​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ដី​ ធ្វើ​ឱ្យ​ទប់​អារម្មណ៍​មិន​ជាប់​ចង់​តែ​ងូត​លេង​ឱ្យ​សប្បាយ​រីករាយ​។
អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ ក្នុង​តំបន់​ដ៏ស្រស់​ត្រកាល​នេះ​ មាន​ជនជាតិ​ដើម​ភាគតិច​ព្រៅ គឺ​ជា​ម្ចាស់​ស្រុក​ដែល​នឹង​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ​ មិន​ឱ្យ​ឃ្នើស​ចិត្ត។ ក្នុង​នោះ ​ផ្ដល់​ការ​ស្នាក់​នៅ​យ៉ាង​មាន​ផាសុកភាព​ បែប​ជនជាតិ​ និង​រីករាយ​ជាមួយ​វប្បធម៌​ប្រពៃណី ម្ហូប​អាហារ និង​ស្រា​ពាង​របស់​ជនជាតិ​ដើម​ព្រៅ។

សូម​ជម្រាប​ជូន​ថា ដើម្បី​ទៅ​ដល់​ទីតាំង​​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី​នេះ អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ស្រុក​តាវែង​ទៅ​ដល់​ភូមិ​មណ្ឌល​យ៉ន​ អ្នក​ទេសចរ​ត្រូវ​ឆ្លង​កាត់​ទន្លេ​សេសាន និង​អូរ​តាបូក​។ តាម​ផ្លូវ​ធ្វើ​ដំណើរ​អ្នក​ទេសចរ​អាច​មើល​ឃើញ​ផ្កា​ព្រៃ ទេសភាព​តាម​ដង​ព្រៃ​​មិន​ចេះ​ជិនណាយ​៕

ប្រភព: news.sabay.com.kh