សារអេឡិចត្រូនិច
ភូមិ​កណ្ដាលវាល​ខ្សាច់​ដាច់ស្រយាល បែរជា​មាន​បឹង​ទឹកថ្លា​ឈ្វេង​ដូច​ព្រះឥន្ទ​ជប់​


យើង​ធ្លាប់​ដឹង​ជា​ទូទៅ​ថា វាល​ខ្សាច់ គឺជា​តំបន់​ហួតហែង គ្មាន​ជីវជាតិ ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់ និង​ជា​កន្លែង​មនុស្ស​ភាគច្រើន​មិន​ចង់ទៅ​ទស្សនា​។

អាកាសធាតុ គឺ​ក្ដៅ​ដោយ​ស្វ័យប្រវត្តិ​នា​ពេល​ថ្ងៃ តែ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ពេល​យប់​។ ពេល​ខ្យល់​បក់​ខ្លាំង​បន្តិច ប្រសិនបើ​អ្នក​នៅ​លើ​វាល​ខ្សាច់ នោះ​ខ្លួន​អ្នក​ស្ទើរតែ​គ្រប់​ដណ្ដប់​ដោយ​ដីខ្សាច់​ជិត​។

ភូមិ​មួយ​ស្ថិត​នៅ​កណ្ដាលវាល​ខ្សាច់ ប្រទេស​ប៉េ​រូ ពេល​លោក​អ្នក​បានឃើញ​ហើយ​ប្រាកដជា​មាន​អារម្មណ៍​ប្លែក និង​ចង់ទៅ​ទស្សនា​ទៀត​ផង​។ ភូមិតូច​នេះ​មានឈ្មោះ Huacachina មាន​បឹង​ទឹកថ្លា​ឈ្វេង​មិន​ចេះ​រីងស្ងួត​គ្រប់​រដូវ ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង Ica ភាគ​និរតី​ប្រទេស​ប៉េ​រូ​។

ផ្ទះ​អ្នកស្រុក​មាន​ចំនួន ៩៦​ខ្នង ហើយ​បឹង​ធម្មជាតិ​នេះ​កកើត​ឡើង​តាំងពី​ឆ្នាំ ១៩៤០ មក​ម្ល៉េះ​។ ប៉ុន្តែ​បឹង​នេះ​ក៏​មានរឿង​ព្រេង​មួយ​ដំណាល​ថា កាលពីព្រេងនាយ​មាន​ម្ចាស់​ក្ស​ត្រី​វ័យក្មេង​មួយ​អង្គ កំពុង​ងូតទឹក ស្រាប់តែ​មាន​ព្រានព្រៃ​ម្នាក់​មក​ឃើញ ហើយ​នាង​ក៏​គេចខ្លួន​ដោយ​បន្សល់​ទុកជា​រណ្ដៅ​ទឹក​មួយ និង​បង្កើត​ឲ្យ​មាន​ខ្សាច់​ព័ទ្ធ​ជុំវិញ​ដែរ​។

ចំពោះ​របរ​ចិញ្ចឹមជីវិត​អ្នកស្រុក គឺ​ពឹង​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​មក​ឡើង​លេង​វាល​ខ្សាច់ មើល​ថ្ងៃ​លិច​ពណ៌​មាស និង​ជិះទូក​តាម​បឹង​កម្សាន្ត​៕