សារអេឡិចត្រូនិច
អាណាចក្រ​ពពក​រំលេច​អគារ​ខ្ពស់​បំផុត​ក្នុង​លោក​នៅ​ឌូបៃ


ក្រុងឌូបៃ: ជុំជិត​ដោយ​ពពក​ក្រាស់​ហ៊ុមព័ទ្ធ​អគារ​ខ្ពស់​បំផុត​ក្នុង​លោក ទស្សនីយភាព​ដ៏អស្ចារ្យ​នេះ​ហាក់បី​ដូចជា​ស្ថិត​ក្នុង​ឈុត​ឆាក​ភាពយន្ដ​អ៊ីចឹង។

ប៉ុន្ដែ​ដោយ​មិនមែន​ជា​ឈុត​ក្នុង​ភាពយន្ដ​ហូលីវូដ រូបភាព​ដ៏ស្រស់​ត្រកាល​ទាំង​នេះ គឺជា​លទ្ធផល​នៃ​វេលា​ថ្ងៃរះ អាកាសធាតុ​ត្រជាក់​នៅ​ទីក្រុង​ឌូបៃ។

អគារ​ខ្ពស់​បំផុត​ក្នុង​លោក Burj Khalifa ត្រូវ​បាន​ផ្ដិត​យក​រូបភាព​ហ៊ុមព័ទ្ធ​ដោយ​ពពក​ដេរដាស អម​ជាមួយ​ចុង​អគារ​ច្រូងច្រាង​ជាច្រើន​ទៀត។

សមុទ្រ​អ័ព្ទ​បាន​កកើត​ឡើង​ដោយ​បាតុភូត​ធម្មជាតិ។ រៀងរាល់​ឆ្នាំ​អំឡុង​ពេល​ចាប់​ពី​ខែ​តុលា​នេះ សីតុណ្ហភាព​ផ្ដើម​ចុះ​ត្រជាក់ និង​មាន​សំណើម ដែល​បង្កើត​បាន​ជា​អ័ព្ទ​ពពក​ក្រាស់់ ហើយ​ពេល​សូរិយា​រះឡើង វាបាន​ដុត​រំលាយ​អ័ព្ទ​បង្ហាញ​ឲ្យ​ច្បាស់​នូវ​សមុទ្រ​ខ្សាច់​ផុស​ឡើង​សា​ជាថ្មី​ដូច​ប្រក្រតី​វិញ។

រូបភាព​ទាំងនេះ​ត្រូវបាន​ថត​ដោយ​ជនជាតិ​អាល្លឺម៉ង់ Bjoern Lauen ដែល​បាន​ឡើង​អគារ​ខ្ពស់​មួយ​កណ្ដាល​តំបន់​ពាណិជ្ជកម្ម​នៅ​ពេល​ថ្ងៃរះ​ដើម្បី​ផ្ដិត​យក​រូបភាព​ដ៏កម្រ​នេះ។

លោក Lauen អាយុ ៣២ ឆ្នាំ​និយាយ​ថា៖ «នេះ​គឺជា​អគារ​ខ្ពស់​បំផុត Burj Khalifa កណ្ដាល​តំបន់​ពាណិជ្ជកម្ម​ឌូបៃ ដែល​ព័ទ្ធជុំវិញ​ដោយ​ពពក និង​អ័ព្ទ​ក្រាស់។ វាជា​ទស្សនីយភាព​ធម្មជាតិ​ដែល​ផុស​ឡើង​តែ​នៅ​ពេល​ព្រឹក​ព្រលឹម»។

លោក​បន្ដថា៖ «រៀងរាល់​ឆ្នាំ​នាពេល​ព្រឹក​ព្រលឹម​នៅ​រដូវ​នេះ​អ័ព្ទ​ក្រាស់ៗ​ទាប​ខ្ពស់​ហោះ​មីរដេរដាស​ពាសពេញ​ក្រុង​ឌូបៃ​ជាទី​ក្រុង​ដ៏អស្ចារ្យ​មួយ​ក្នុង​ពិភព​អារ៉ាប់។ វាជា​សញ្ញាប​ម្រែបម្រួល​ដែល​មនុស្ស​គ្រប់គ្នា​ទន្ទឹង​រង់ចាំ ចាប់ពី​រដូវ​មហា​ក្ដៅ​ដែល​មាន​សីតុណ្ហភាព​លើស ៥០ អង្សាសេ​មក​អាកាសធាតុ​ត្រជាក់​គ្រាន់​បើ។ ពេល​ថ្ងៃរះ​ជះ​ពន្លឺ​ព្រឿងៗ ធ្វើ​ឲ្យ​ផ្សែង​អ័ព្ទ​រសាត់​បាត់​បន្ដិច​ម្ដងៗ រំលេច​ឲ្យ​ច្បាស់​នូវ​អត្ដសញ្ញា​សមុទ្រ​ខ្សាច់​នៃ​ក្រុង​ឌូបៃ»។

ឈរលើ​កម្ពស់​ជាង ៨២៨ ម៉ែត្រ និង​ជាង ១៦០ ជាន់ អគារ Burj Khalifa កំពូល​ដ៏ស្រួច ក៏ជា​អគារ​តែឯង​ដ៏ខ្ពស់​បំផុត​ក្នុង​លោក​ផងដែរ។

កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៦ រាជទាយាទ​ព្រះអង្គម្ចាស់​ឌូបៃ បាន​ចែក​រំលែក​នូវ​វីដេអូ​ដ៏អស្ចារ្យ​នៃ​អគារ​កប់​ពពក​ភ្លឺ​ចិញ្ចាច រួមទាំង អគារ​ខ្ពស់​បំផុត​ក្នុង​លោក ក្រាល​អ័ព្ទ​ផ្សែង។

កម្រាល​អ័ព្ទ​ផ្សែង​រំលេច​ឲ្យ​ឃើញ​ចុង​អគារ​ខ្ពស់ៗ​ចាប់​ពី​កម្ពស់ ៣៤ ជាន់​ឡើង ហែហម​ដោយ​កំពូល​អគារ​ដទៃ​ក្បែរ​នោះ។ ទិដ្ឋភាព​ដ៏កម្រ​នេះ​អាច​កើត​មាន​នៅ​ចន្លោះ​ខែ​តុលា ដល់​ខែ​មីនា ពេល​ដែល​ជា​រដូវ​មិនសូវ​ក្ដៅ​នៅ​ក្រុង​ឌូបៃ៕

ប្រភព: postkhmer.com