សារអេឡិចត្រូនិច
ឧទ្យាន​ដងព្រែក​កំចាយ ​បង្ក​ភាពសប្បាយ​ជាមួយនឹង​ការ​ ជិះ​ខ្សែ​រ៉ក​កម្សាន្ត​


កំពត​: ភ្ញៀវ​ទាំងឡាយ​នឹង​បាន​បង្កើន​ភាព​សប្បាយ​រីករាយ ខណៈ​ពេល​មក​កម្សាន្ត​នៅ​ឧទ្យាន​ដង ព្រែក​កំចាយ ហើយ​នាំ​គ្នា​ជិះ​ខ្សែ​រ៉ក​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​។ ទី​កម្សាន្ត​នេះ ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត ប្រមាណ​ប្រាំបី​គីឡូម៉ែត្រ​ភាគ​ពាយព្យ នៃ​ទីរួមខេត្ត ក្បែរ​រមណីយដ្ឋាន​ទឹកឈូ​។

លោក ខាត់ ង៉ែត អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​បាន​រៀបរាប់​ថា លោក​មក​បម្រើ​ការងារ​ក្នុង​ឧទ្យាន​ដងព្រែក ជា​អ្នក​រៀបចំ​របៀបរៀបរយ និង​ជួយ​សម្រួល​ដល់​ភ្ញៀវ​ក្នុង​ការ​ជិះ​ខ្សែ​រ៉ក​ឆ្លង​ព្រែក រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​ថៅកែ​ចាប់ផ្តើម​បើក​ដំបូង​ម្ល៉េះ​។ នៅ​ទី​នេះ​មាន​ខ្សែ​រ៉ក​ប្រវែង ២១០​ម៉ែត្រ សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ត​ឆ្លង​ព្រែក​យ៉ាង​សប្បាយ​ព្រឺព្រួច​បំផុត ដោយ​តម្លៃ​ក្នុង​ម្នាក់ ៣០.០០០​រៀល​។

អ្នកបម្រើ​ការងារ​ដដែល​បាន​បញ្ជាក់​ថា ភ្ញៀវ​ដែល​អាច​ជិះ​ខ្សែ​រ៉ក​បាន​លុះត្រាតែ​មាន​កម្ពស់​ចាប់ពី​១,២០​ម៉ែត្រ​ឡើង​ទៅ ហើយ​ត្រូវ​អនុវត្តន៍​តាម​ការ​ណែនាំ​ដើម្បី​សុវត្ថិភាព​។ បើ​មិន​ដូច្នេះ​ទេ ខាង​លោក​ក៏​មិន​អនុញ្ញាត​ឱ្យ​ជិះ​ដែរ ដើម្បី​បង្ការ​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។ ក្រោយ​ពេល​ជិះ​ដល់​គោលដៅ ខាង​លោក​ត្រូវ​ជូន​ត្រឡប់​មក​វិញ ដោយ​ប្រើ​ទូក​ម៉ាស៊ីន​ដែល​ភ្ញៀវ​អាច​គយគន់​មើល ទេសភាព​ប្លែក​ៗ ពី​ក្នុង​ដងព្រែក​ទៀត​ផង​។

លោក ខាត់ ង៉ែត​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​កត់សម្គាល់ ភ្ញៀវ​ដែល​ចូល​ចិត្ត​ជិះ​ខ្សែ​រ៉ក​ភាគច្រើន​ជា​យុវវ័យ ហើយ​យូរ​ៗ​ម្តង​មាន​មនុស្ស​ចំណាស់ ៥០​ឆ្នាំទៅ​៦០​ឆ្នាំ​ដែរ ព្រោះតែ​ពួក​គាត់​ចង់​សាកល្បង​មើល​ពី​ភាព​រំភើប​យ៉ាងណា0x017d7​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​ហ៊ាន​ជិះ​ខ្សែ​រ៉ក ឧទ្យាន​ដងព្រែក​ក៏​មាន​ទូក​កូន​ទា ទូក​កៃ​យ៉ាក់​សម្រាប់​ជួល​ជិះ​លម្ហែ​កម្សាន្ត​ក្នុង​ដងព្រែក​ផង​ដែរ​។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​រៀបរាប់​ថា តាំងពី​មុន​ពេល​ចាប់ផ្តើម បើក​ដំណើរការ​ដំបូង​ម្ល៉េះ មន្ត្រី​របស់​លោក​បាន​ចុះ​ពិនិត្យ​មើល ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ភ្ញៀវ​។ ផ្អែក​លើ​ឧបករណ៍​ដំឡើង និង​ផ្នែក​ផ្សំ​ផ្សេង​ៗ នៃ​ខ្សែ​រ៉ក​ឃើញ​ថា មាន​លក្ខណៈ​ទំនើប​ប្រកបដោយ​គុណភាព ដែល​នាំ​មក​ពី​ប្រទេស​បារាំង​។ មុន​នឹង​សម្រេច​ជិះ​ខ្សែ​រ៉ក ក្រៅពី​ការ​ណែនាំ​របស់​អ្នក​រៀបចំ ភ្ញៀវ​ត្រូវ ផ្តោត​លើ​បញ្ហា​សុខភាព ស្មារតី​ផ្ទាល់ខ្លួន​អម​ដោយ​ការ​ចុះហត្ថលេខា​ត្រឹមត្រូវ​។

លោក​ប្រធាន​មន្ទីរ​បាន បន្ត​ថា តាម​ការ​ប៉ាន់​ប្រមាណ​សម្រាប់​ឆ្នាំ​ដំបូង ភ្ញៀវ​ដែល​មក​កម្សាន្ត ដោយ​ការ​ជិះ​ខ្សែ​រ៉ក​នោះ​ប្រមាណ​ប្រ មួយ​ម៉ឺន​នាក់​។ ទី​នេះ​លក្ខណៈ​អំណោយផល មាន​ខ្យល់អាកាស​បរិសុទ្ធ ពិសេស​តាម​ផ្លូវ​ធ្វើ​ដំណើរ និង​នៅ​តំបន់​ជុំវិញ ពោរពេញ​ដោយ​ចម្ការ​ដំណាំ ដូច​ជា​ទុរេន ល្មុត មង្ឃុត ក្រូច​តាម​បែប​ធម្មជាតិ​ពិត​ៗ ដែល​ភ្ញៀវ សប្បាយ​គយគន់ ព្រមទាំង​អាច​ទិញ​បរិភោគ​ជាមួយ​រសជាតិ​ឆ្ងាញ់​ពិសា​។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​អវិជ្ជមាន នោះ​គឺ​បញ្ហា​ផ្លូវ​នៅ​តូច​ចង្អៀត ដែល​អាច​ចរាចរ​ត្រឹមតែ​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ​។

ករណី​នេះ គួរ​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​នានា​គិតគូរ​ដោយ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ ព្រោះ​ពួក​គាត់​អាច​នឹង​ទទួល​ប្រាក់​ចំណូល​បន្ថែម​នៅ​ពេល ដែល​សេវាកម្ម​ផ្នែក​នេះ​កាន់ តែ​រីក​រាលដាល​ធំ​ឡើង​។

លោក សយ ស៊ី​ណុ​ល ក៏​បាន​អំពាវនាវ​ផង​ដែរ ដោយ​សូម​ឱ្យ​អ្នកមាន​លទ្ធភាព ដែល​កំពុង​រស់នៅ​ក្នុងភូមិ​សាស្ត្រ នេះ​បង្កើត​សេវាកម្ម​កម្សាន្ត​ដូច​គ្នា តាម​លក្ខណៈ​ការ​ប្រកួតប្រជែង ដើម្បី​ផ្តល់​ឱកាស​ការងារ និង​ការ​ប្រកប​មុខរបរ​ផ្សេង​ៗ សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ជុំវិញ​បំណង​ប​ញ​ញ​ចៀស​មួយ​ផ្នែក នៃ​ការ​ធ្វើ​ចំណាកស្រុក​។

លោក សេង ឆាយ មេឃុំ​មាក់ប្រាង​បាន​រៀបរាប់​ថា កន្លែង​ជិះ​ខ្សែ​រ៉ក​ឆ្លង​ព្រែក​នោះ បាន​កើតឡើង អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ តែ​មិន​មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​ទេ ពោល​គឺ​សុវត្ថិ​ភាពល្អ​។ កាល​ពេល​ទើបនឹង​ចាប់ផ្តើម​ថ្មី​ៗ ភ្ញៀវ​មានការ​ចាប់អារម្មណ៍​មក​ជិះ​លេង​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​មក ដល់​ពេល​នេះ ក្នុង​ថ្ងៃ​ធម្មតា​មិនសូវ​មាន​ទេ​។ បើ​ថ្ងៃ​សៅ​រិ៍ ថ្ងៃអាទិត្យ​ដែល​ជា​ថ្ងៃ​សម្រាក​ការងារ អាច​មាន ភ្ញៀវ​គួរសម​។ ដោយឡែក​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ធំ​ៗ ភ្ញៀវ​សម្រុក​មក​ច្រើន​បង្ក​ការ​កកស្ទះ​នៅ​បរិវេណ​កម្សាន្ត​រហូត​តម្រូវ​ឱ្យ​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​មេឃុំ​បាន​បញ្ជាក់​ថា រាល់ពេល​មាន​ពិធីបុណ្យ​ធំ​ៗ អាជ្ញាធរ​មូលដ្ឋាន​តែងតែ​រំលឹក​ម្ចាស់​កន្លែង ក៏​ដូច​ជា​ចុះ​ណែនាំ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ ដោយ​រថយន្ត​ឱ្យ​ចូល​តាម​ផ្លូវលំ​ខាងជើង​ខ្លោងទ្វារវត្ត​ស្នំ​ប្រាំពីរ និង​ពេល​ចាកចេញ​ត្រូវ​បន្ត​ទៅ មុខ​រហូត​ដល់​ក្បែរ​វត្ត​ទើប​ឡើង តាម​ផ្លូវ​បេតុង​មក​ភ្ជាប់​ជាមួយ​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកឈូ​វិញ​។

លោក​មេ ឃុំ​បាន​បន្ត​ថា កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​សម្រួល​សម្រួល ដើម្បី​ពង្រីក​ផ្លូវ​ឱ្យ​បាន​ធំ​ជាង​នេះ​ដែរ តែ​ពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ព្រម​។ ម្ល៉ោះហើយ​មាន​តែ​វិធី​មួយ​ទេ គឺ​សូម​ឱ្យ​គណៈកម្មការ​ដីធ្លី​ដាក់​ផែនការ​ចុះ​វាស់វែង​ប្លង់​ជា​លក្ខណៈ​ប្រពន្ធ សម្រាប់​មូលដ្ឋាន​នេះ ឱ្យ​បាន​ឆាប់​ដើម្បី​ពន្យល់​នូវ​នីតិវិធី និង​ភាព​ងាយស្រួល​ដល់​កូនចៅ​ទៅ​ថ្ងៃក្រោយ​៕