សារអេឡិចត្រូនិច
ដំណើរកំសាន្តឆ្ពោះទៅកោះ ទន្សាយ (Rabbit Island) នៅចុងថ្ងៃសប្តាហ៍


កោះទន្សាយ​គឺជា​កោះ​ដ៏​តូច​មួយ​ដែល​មា​នទី​តាំងនៅ​ដែន​ឈូង​សមុទ្រ​ខ្មែរ​-​ថៃ ដែល​មាន​ចំ​ង៉ា​យ ៤.៦ គីឡូម៉ែត្រ​ពី​ភាគ​ខាងត្បូង​នៃ​ទីក្រុង​កែប​។ យើង​អាច​ធ្វើ​ដំណើរ​ទៅ​តាម​ទូក​ឈើ​យឺត​ៗ ដោយ​ចេញពី​កំពុង​ផែ​ក្រុងកែប​ពី​ម៉ោង ៩.០០​ព្រឹក​-​ម៉ោង​១៣.០០​ថ្ងៃត្រង់ និង ជើង​ចុង​ក្រោយ​ម៉ោង ១៥.០០​ថ្ងៃត្រង់ ហើយ​យើង​អាច​ជួល​ទូក​ជា​លក្ខណៈ​គ្រួសារ និង ជា​លក្ខណៈ​ឯកជន​ផ្ទាល់ខ្លួន​ផង​ដែរ ក្នុង​តម្លៃ​ទូក​មួយ $២៥ ដែល​អាច​ផ្ទុក​ចំនួន​មនុស្ស​ដល់​ទៅ​១០​នាក់  ចំពោះ​តម្លៃ​សំបុត្រ​ក្នុង​ម្នាក់​តម្លៃ $៨ ទាំង​ទៅ​ទាំង​មក​សម្រាប់​ថ្ងៃ​ដដែល និង ថ្ងៃ​បន្ទាប់​ៗ​ទៀត​។ ក្នុង​ដំណើរ​កំសាន្ត​ឆ្ពោះទៅ​កាន់​កោះទន្សាយ ត្រូវ​ចំណាយ​រយៈពេល​វេលា ២០​នាទី​- ៤០​នាទី ទៅ​តាម​លក្ខខណ្ឌ​ធម្មជាតិ និង អាកាសធាតុ​។

កោះទន្សាយ​ជា​កោះ​ដែល​ស្ថិត​នៅ​ភាគ​នារ​តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​កោះ​នេះ​វា​មាន​ទ្រង់ទ្រាយ​ដូច​ជា​រាង​មួយ​ចំហៀង​របស់​ព្រះ​ចន្ទ ដែល​មាន​ឆ្នេរ​ពណ៌​ស​ម៉ត់ និង សមុទ្រ​ខៀវស្រងាត់​ដែល​មាន​ប្រវែង ២៥០​ម៉ែត្រ ហើយ​ជាទី​តាំង​សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ស្ងៀមស្ងាត់ និង ជីវិត​បែប​ព្រៃ​ភ្នំ​។ នៅ​លើ​កោះមាន​រុក្ខជាតិ​បៃតង​ជា​ច្រើន និង ដើម​ដូង​តាម​បណ្តា​យ​មាត់​ឆ្នេរសមុទ្រ​។ ចំពោះ​ការ​ហែល​ទឹក​កំសាន្ត កោះទន្សាយ​នេះ​នឹង​អាច​ផ្តល់​ភាព​ងាយស្រួល​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ហែល​ទឹក ដោយសារ​ឆ្នេរសមុទ្រ​មាន​លក្ខណៈ​ជម្រាល​ពី​មាត់​ឆ្នេរ​រហូត​ដល់​ទឹក​ជ្រៅ​។ ក្រៅពី​នេះ​ផ្ទះសំណាក់​ដែល​យើង​ស្នាក់​នៅ​ក៏​បាន​ផ្តល់​ឲ្យ​យើង​នូវ​សំភារៈ​សម្រាប់​ហែល​ទឹក និង ឧបករណ៍​ហែល​ទឹក​ដូច ជា​បំពុងខ្យល់  និង ម៉ាស់​សម្រាប់​ពាក់​មុ​ច​ទឹកជា​ដើម​។ សំរាប់​ការ​កំសាន្ត​នៅ​ក្នុង​បាតសមុទ្រ យើង​នឹង​ប្រទះ​ឃើញ​មាន​ប្រភេទ​សត្វ​ក្នុង​ទឹក​ដូច​ជា ត្រី​ដែល​មាន​ព​ណ៍​ចម្រុះ និង ប្រភេទ​ផ្កាថ្ម​សមុទ្រ​ដ៏​កម្រ​មួយ​ចំនួន​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ងាក​មក​និយាយ​អំពី​ការ​ដើរ​នៅ​លើ​កោះទន្សាយ​មួយ​នេះ​វិញ យើង​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជាមួយនឹង​ទេសភាព​របស់​ឈ្នេ​រ​ខ្សាច់​ដែ​មាន​ពណ៌​ស្រស់​ស្អាត និង​ធម្មជាតិ​ដ៍​ស្រស់ថ្លា ជាមួយនឹង​រុក្ខជាតិ​បៃតង ព្រម​ជាមួយ​ព្រៃកោងកាង ដែល​យើង​អាច​ថតរូប​បែប​ធម្មជាតិ ដែល​ទាំង​អស់នោះ​អាច​ជួយ​ឲ្យ​យើង​រំសាយ​អស់​នូវ​ក្តី​កង្វល់​ទាំងឡាយ​ដែល​យើង​មាន​។ ជាមួយ​គ្នា​នេះ​ដែល អ្នក​ក៏​អាច​ចំណាយពេល​វេលា​របស់​អ្នក​ជាមួយ​ការ​ដើរ​ដំណើរ​កំសាន្ត តាម​រយៈ​ការ​ជិះទូក​ដើម្បី​ផ្តិត​យក​រូបភាព និង ទស្សនីយភាព​ជុំវិញ​កោះទន្សាយ​ផង​ដែរ​។

ចំពោះ​អាហារ​និង​ការ​ស្នាក់​នៅ​វិញ មាន​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​តាម​ផ្ទះសំណាក់ ក្នុង​នោះ​យើង​អាច​កុ​ម៉​ង់​ម្ហូប​មាន​ដូច​ជា អាហារ​គ្រឿង​សមុទ្រ អាហារ​បែប​បរទេស និង អាហារ​បែប​ខ្មែរ​ជាដើម ជាមួយនឹង​តម្លៃ​សមរម្យ​ទៀត​ផង​។ រីឯ​ទីកន្លែង​ស្នាក់​នៅ​វិញ គឺ​មាន​ជា​ប្រភេទ​បែប​ខ្ទម និង កញ្ចុះ ដាច់​ៗ​ពី​គ្នា​ដោយ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​ជា​បែប​ខ្មែរ និង បរទេស ដោយ​យើង​អាច​ជ្រើសរើស​បាន​រវាង​បន្ទប់​កង្ហា ឬ ម៉ាស៊ីន​ត្រ​ជាត់​ផង​ដែរ ហើយ​បន្ទប់​ទាំង​អស់នោះ​សុទ្ធតែ​មានការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ទឹក និង ភ្លើង​សព្វគ្រប់​តែ​ម្តង  ជាមួយ​តម្លៃ​ក្នុង​មួយ​យប់​ចាប់ $១០-$១៥​។  ទោះជា​យ៉ាងណាមិញ​កោះទន្សាយ​នៅ​មានគុណ​វិបត្តិ​មួយ​នៅ​ត្រង់​ប្រព័ន្ធ​ទូរស័ព្ទ​នូវ​មាន​កម្រិត ដូច្នេះ​យើង​ពុំ​អាច​រំពឹង​ទុក​ថា​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ Internet ដោយ​ងាយស្រួល​នៅ​ក្នុង​តំបន់​នោះ​បាន​ឡើយ​។

និយាយ​រួមការ​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​លើ​កោះទន្សាយ​ពិតជា​មាន​ភាព​សប្បាយ​យ៉ាង​ខ្លាំង ជាមួយនឹង​ខ្យល់​ដ៏​បរិសុទ្ធ  ជា​ពិសេស​ក្រោយ​ពេល​ដែល​អ្នកធ្វើការ​នឿយហត់​ខ្លាំង ឬ មាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​។ អ្នក​គួរតែ​ទៅ​ឥឡូវនេះ នៅ​ពេល​ដែល​មិន​ទាន់​មាន​គេ​ទៅ​ច្រើន អ្នក​អាច​នឹង​ឃើញ​ឋានសួគ៌​ពិត​ៗ​នៅ​លើ​ផែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។