សារអេឡិចត្រូនិច
គន់​ទេសភាព​ថ្ងៃ​លិច​ដ៏​រ៉ូមេនទិក​ ពី​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ក្រោម


ក្រុងសៀមរាប: ស្រមោល​ស្រទន់​ចាំង​ពន្លឺ​ពណ៌​លឿង​ទុំ ឆ្លុះ​ផែន​ពពក​ព្រាលៗ ជះ​លើ​កាយា​ដៃគូ​ស្នេហ៍​ទាំងពីរ​រំលេច​រូប​សញ្ញា​បេះដូង​ក្រោម​បរិយាកាស​ថ្ងៃ​ហៀប​អស្ដង្គត​ឯ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ក្រោម ស័ក្ដិសម​សម្រាប់​ការ​សាង​ឱកាស​ជួបជុំ​ដ៏​រ៉ូមេនទិក។

ទួល​កម្ពស់​ប្រមាណ ២ ម៉ែត្រ ស្ថិត​នៅ​ជ្រុង​ម្ខាង​គន់​ទិដ្ឋភាព​ក្យូស​ជាង ៦០ ប្រប​មាត់ស្រះ​សួនផ្កា ជាទី​ផ្ដល់​ទស្សនីយភាព​សុរិយា​បន្ទាប​ខ្លួន​ដ៏ស្រស់​ត្រកាល​រួមទាំង​ការ​ថតរូប​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ផងដែរ។

តុខ្ពស់​ក្រាល​កម្រាល​យ៉ាង​ស្រស់​ស្អាត​បន្ថែម​ដោយ​នំប៉័ង​ស្រួយ កែវ និង​ស្រាបៀរ​បង្អែម​នំនែក​រៀបចំ​យ៉ាង​ស្អាត ត្រៀម​ស្វាគមន៍​សម្រាប់​គូស្នេហ៍ និង​មិត្ដភក្ដិ​ដែល​ប្រាថ្នា​ក្រេបស្រា​ក្លែម​ទេសភាព​ថ្ងៃ​លិច​អែប​ភ្នំក្រោម ជាពិសេស ការ​ផ្ដិត​យក​រូបភាព​លន្លង់​លន្លោច​មិន​អាច​បំភ្លេច​បាន​សម្រាប់​ជីវិត។

រមណីយដ្ឋានធម្មជាតិ​ភ្នំក្រោម ស្ថិត​នៅ​ក្បែរ​ជើងភ្នំ​ក្រោម ជាទី​ផ្ដល់​ផាសុកភាព​ពី​ជំនោរ​ខ្យល់​រហើយ​ត្រសៀក​ម្លប់ឈើ​ត្រឈឹង​ត្រឈៃ សួនផ្កា​ដែល​ខ្លះ​ត្រូវ​បាន​រចនា​ជា​មេអំបៅ និង​ក្ងោក និង​ស្រះ​ឈូក​ទ្រក្យូស​ជាច្រើន ជាអ្វី​ដែល​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ប៉ង​ប្រាថ្នា​ក្រោយ​ការដើរ​ទស្សនា​ប្រាសាទ និង​នឿយហត់​នោះ។

ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង ៣០ ហិកតា ក្នុង​ទំហំ​ផ្ទៃដី​សរុប ១៤៥ ហិកតា​លាតសន្ធឹង​ដ៏​ល្វឹងល្វើយ​ក្បែរ​ភ្នំ​ក្រោម​ក្នុង​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប រមណីយដ្ឋាន​ធម្មជាតិ​ភ្នំក្រោម​ដែល​បាន​សម្ពោធ​នៅ​ក្នុង​ឆ្នាំ ២០១៦ បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​ពី​ព្រឹក​ព្រលឹម​រហូតដល់​ម៉ោង ៩ យប់​រៀងរាល់ថ្ងៃ​ជាមួយ​នឹង​សេវាកម្ម​ម្ហូបអាហារ​ក្យូស​លម្ហែ សួនផ្កា​សួន​កុមារ​ជិះ​ទាទឹក ស្ទូចត្រី​និង​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេង។

លោក ខាំ សេរី​ចន្ថា អនុប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្ដិ​នៃ​សម្ព័ន្ធ​អេម​ប្រីស​ហ៊ោស្ពីតថល​លីតធីគ្រុប​បាន​ប្រាប់​ថា ថ្មីៗ​នេះ រមណីយដ្ឋាន​បាន​បន្ថែម​ទូ​កុងតឺន័រ ២ ដែល​មាន​ទីតាំង​នៅ​ក្បែរ​ក្យូស​សម្រាប់​ភ្ញៀវ​ងាយស្រួល​កុម្ម៉ង់។ កុងតឺន័រ​ទីមួយ​មាន​លក់​ភេសជ្ជៈ កាហ្វេ​តែ​ក្រឡុក​គ្រប់​ប្រភេទ​ដែល​មាន​តម្លៃ​ពី ៣០០០ ទៅ ៤០០០ រៀល ហើយ​កុងតឺន័រ​មួយ​ទៀត​លក់​បាញ់ឆែវ។

ចំពោះ​ការចូល​កម្សាន្ដ និង​ថតរូប ភ្ញៀវ​ត្រូវ​ទិញ​សំបុត្រ ១០០០ រៀល​ក្នុង​ម្នាក់ ហើយ​ឡាន​មាន​តម្លៃ ២០០០ រៀល។ ប៉ុន្តែ​ភ្ញៀវ​មក​ទទួល​ទាន​អាហារ​មិនត្រូវ​បាន​គិត​ប្រាក់​ថ្លៃ​សំបុត្រ​ចូល​រីសត​ឡើយ។

ក្រោម​បរិយាកាស​ដ៏ស្រស់​ត្រកាល​នៃ​ក្យូស​សង់​លើ​ស្រះ​ឈូក​អម​ដោយ​សួនផ្កា​ចម្រុះ​ពណ៌ និង​សួន​ដំណាំ​ហូប​ផ្លែ​ដ៏ធំ​ល្វឹងល្វើយ រីសត​ស្ទួយ​សម្រស់​ធម្មជាតិ​មួយ​នេះ​ទាក់ទាញ​ភ្ញៀវ​ទាំង​ជាតិ និង​អន្ដជាតិ​ខ្លាំង​រួមទាំង​តម្លៃ​សមរម្យ​បើ​ធៀប​នឹង​បណ្ដា​ភោជនីយដ្ឋាន​ផ្សេង។

រមណីយដ្ឋាន ធម្មជាតិ​ភ្នំក្រោម នៅ​ក្រុង​សៀមរាប ដែល​ភ្ញៀវ​ជិះ​តាម​ផ្លូវ​ភ្នំក្រោម ហើយ​ជិត​ដល់​ភ្នំ បត់ស្ដាំ​តាមផ្លូវ​ក្រហម​ធំ​ចម្ងាយ ២ គីឡូម៉ែត្រ ទូរស័ព្ទ ០៨១ ៣០០១៥២ និង ០៨១ ៣០០១៦១៕

ប្រភព: postkhmer.com