សារអេឡិចត្រូនិច
ប្រជុំ​រូបថត​បក្សី​ល្អ​ឯក​ ប្រចាំឆ្នាំ​២០១៧​ ចេញ​ហើយ​!


រូបថត​សត្វ​បក្សី​ដ៏​ស្អាត​បំផុត​ក្នុងឆ្នាំនេះ​រួម​ទាំង​សត្វ​ចចាត​ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស៊ី​អាហារ​ពេល​រសៀល​របស់​វា ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បណ្តុំ​រូបភាព​បក្សី​អស្ចារ្យ​បំផុត​។

ឆ្នាំ​នេះ​លោក អា​ឡិ​ចាន់​ដ្រូ ព្រី​តូ រ៉ូ​ចាស (Alejandro Prieto Rojas) ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​អ្នក​ថតរូប​ឆ្នើម​ប្រចាំឆ្នាំ​សម្រាប់​រូបភាព​មិន​អាច​បំភ្លេច​បាន​របស់​គាត់​អំពី​សត្វ​ក្រៀល​កំពុង​ឱ្យ​ចំណី​កូន​របស់​វា​នៅ​ម៉ិ​ក​ស៊ិ​ក​។

លោក គ្រី​ស ផាក​ខាំ ប្រធាន​ចៅក្រម​នៃ​ការ​ប្រកួតប្រជែង​រូបភាព​នេះ​បាន​និយាយ​ថា “​ក្នុង​នាម​ជា​ប្រធាន​នៃ​អង្គការ​សត្វវិទ្យា​របស់​ចក្រភព​អង់គ្លេស ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​អ្នក​ថតរូប​បក្សី​ដ៏​ឆ្នើម​ប្រចាំឆ្នាំ ដែល​ជា​ការ​ប្រកួតប្រជែង​មួយ នឹង​ជំរុញ​អ្នក​ថតរូប​សត្វ​បក្សី​ទៅ​រក​កម្រិត​ថ្មី​មួយទៀត​។ យើង​បានឃើញ​រូបភាព​ដែល​សម្រេច​បាន​ដោយ​បច្ចេកទេស​និង​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​ប្រភេទ​សត្វ​នានា​ដ៏​ទាក់ទាញ​។ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​ស្វែងរក​ក្នុង​នាម​ជា​ចៅក្រម​គឺជា​រូបភាព ដែល​មាន​កត្តា​នៃ “​ភាព​អស្ចារ្យ​” ដ៏​ពិសេស​និង​ចីរភាព​យូរអង្វែង​”​។

លោក​បន្ត​ថា “​ការ​ដែល​ទទួល​បាន​រូបថត​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​នៃ​ការ​ប្រឡងប្រជែង​នេះ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ព្រោះ​ការ​ថតរូប​បក្សី​គឺ​ជួប​ការ​ប្រឈម​ខ្លាំង​សម្បើម​ណាស់​។ ខ្ញុំ​មាន​ក្តី​រំភើប​ណាស់​ដែល​បានឃើញ​នូវ​អ្វី​ដែល​ឆ្នាំ​នេះ​បាន​នាំ​មក​និង​ចូលរួម​ក្នុង​ការ​ជ្រើសរើស​យក​រូបភាព​ល្អ​ដាច់​គេ​”​។

រូបភាព​ដែល​ជាប់​ជ័យ​លា​ភី​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​សៀវភៅ​ដែល​អាច​រក​ទិញ​បាន​ពី​អង្គការ​សត្វវិទ្យា​របស់​ចក្រភព​អង់គ្លេស ហើយ​វា​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​តាំងពិព័រណ៍​នៅ​ជុំវិញ​ចក្រភព​អង់គ្លេស​៕