សារអេឡិចត្រូនិច
បុរស​ម្នាក់ បើក​រ៉ឺ​ម៉ក​ម៉ូតូ ធ្លាក់​ប្រឡាយ​ស្លាប់


ភ្នំពេញ​: បុរស​ម្នាក់ បើក​រ៉ឺ​ម៉ក​ម៉ូតូ​លឿន​ពេក និង​ផ្លូវ​ងងឹត បួង​ចង្កូត​មិន​ទាន់ បណ្តាល​ឲ្យ​ជ្រុល​ធ្លាក់ ប្រឡាយ​ទឹក​ស្អុយ សង្កត់​ម្ចាស់​នៅ​ជាប់​នឹង​ភក់​ស្លាប់​។ ករណី​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧  នៅ​ក្បែរ​សាលាសង្កាត់​ជើងឯក នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ ឈ្មោះ ឯម យុំ​ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានមុខ​របរ ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី មានស្រុក​កំណើត នៅ​ក្នុងភូមិ​ត្រពាំង ឃុំ​ញ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ហើយ​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ ពាក់​ស្លាក ភ្នំពេញ 1AM-6251 ។

មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ ធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ផ្លូវ​មាន​ភាព​ងងឹត និង​ស្ពាន​តូច​ជាង​ផ្លូវ ក៏​ធ្វើ​ឲ្យ​បុរស​រង​គ្រោះ បួង​ចង្កូត​មិន​ទាន់ ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ ហើយ​រ៉ឺ​ម៉ក​ម៉ូតូ ក៏​បាន​សង្កត់​ម្ចាស់ នៅ​ជាប់​នឹង​ភក់​ប្រឡាយ​ទឹក​ស្អុយ ជាប់​ជិត​១​ម៉ោង​ដោយ​គ្មាន​អ្នក​ជួយ បណ្ដាល​ឲ្យ​លិចខ្លួន​ជាប់ និង​ភក់ ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ឲ្យ​រថយន្ត​ស្ទួ​ច មក​ស្ទួ​ច​យក​ម៉ូតូ​រ៉ឺ​ម៉ក​ចេញ រួម​ទាំង​បាន​រាវ​យក ជន​រង​គ្រោះ មក​ដាក់​លើគោក ដើម្បី​ស្វែងរក​អត្តសញ្ញាណ ។

បន្ទាប់​មក ដោយសារ​សាច់ញាតិ ជន​រង​គ្រោះ​នៅ​ខេត្ត​ឆ្ងាយ ទើប​សមត្ថកិច្ច សម្រេច​ឲ្យ​រថយន្ត​សា​មុ​យ​ដឹក​សព យក​ទៅ​តម្កល់ នៅ​វត្ត​ទឹកថ្លា ឯ​ខណ្ឌ​សែន​សុខ ៕