សារអេឡិចត្រូនិច
ប៉ូលិស​ថៃ រក​ឃើញ​ផែនការ​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​រឹបអូស​បាន​គ្រឿង​អាវុធ លាក់​ទុកជា​ច្រើន


កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​ថៃ​បា​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ផែនការ ដើម្បី​សម្លាប់ នាយក​រដ្ឋមន្ត្រី របស់​ប្រទេស​នេះ បន្ទាប់​ពី​ប៉ូលិស​បាន​រឹបអូស​បាន គ្រឿង​អាវុធ​លាក់​ទុក​ដ៏​ច្រើន របស់​សកម្មជន​ប្រឆាំង​របប​យោធា​ម្នាក់ ដែល​បាន​កំពុង​រត់គេច​ខ្លួន​។

កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​រក​ឃើញ កាំភ្លើង​រាប់​សិប​ដើម និង​គ្រាប់បែក​ជា​ច្រើន​គ្រាប់ ព្រមទាំង​គ្រាប់រំសេវ ជា​ច្រើន​នៅផ្ទះ​មួយ​របស់ លោក វុ​ទ្ធី​ពង្ស កូ​ឆា​ថា​មា​គុន (Wuthipong Kochathamakun) មេដឹកនាំ​អាវ​ក្រហម ដែល​បាន​រត់គេច​ខ្លួន ចាប់តាំងពី រដ្ឋប្រហារ​យោធា មក​នោះ​។

បុរស​ចំនួន​៩​នាក់ ត្រូវ​បាន​ចាប់ខ្លួន ដោយ​ប៉ូលិស ដោយសារ​មានការ​ជាប់​ទាក់ទង ជាមួយ​គ្រឿង​អាវុធ ដែល​រឹបអូស បាន​ទាំង​អស់នេះ ។

ប៉ូលិស បាន​និយាយ​ថា ពួក​គេ​មាន​ភស្តុ​តាង គ្រប់គ្រាន់ និង​ច្បាស់លាស់ ដែល​ថា ក្រុម​ជនសង្ស័យ និង​ក្រុម​បណ្តាញ បក្ខពួក​របស់​ពួក​គេ មាន​ផែនការ ដើម្បី​បង្ក​ឱ្យ​មាន ភាព​ចលាចល​ខ្លាំង នៅ​ប្រទេស​នេះ​។

នេះ​ជា​ការ​រក​ឃើញ ចុង​ក្រោយ​បំផុត នៃ​កន្លែង​លាក់​គ្រឿង​អាវុធ របស់​សមាជិក នៃ​ចលនា​ក្រុម​អាវ​ក្រហម ដែល​ជា​ក្រុម​អ្នកនយោបាយ​មួយ ដែល​ស្មោះត្រង់​ជាមួយ នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន នៅ​បរទេស​នេះ​។

លោក ចាក់​ធីប ចាយ​ជី​ន​ដា (Jakthip Chaijinda) មេ​ប៉ូលិស​ជាតិ ដែល​បាន​និយាយ សំដៅ​ទៅ​លើ​លោក ប្រា​យុទ្ធ ចាន់ អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​នោះ  បាន​ប្រាប់​ក្រុម​អ្នកកាសែត កាលពី​ថ្ងៃអាទិត្យ​ថា "​យើង​បាន​រក​ឃើញ កាំភ្លើង​បាញ់​ស៊ី​ប មួយ​ដើម​។ យើង​អាច​អះអាង​បាន​ថា នេះ​គឺ​មិនមែន សម្រាប់​បាញ់​សត្វ​ទេ ប៉ុន្តែ វា​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​សម្លាប់​មេដឹកនាំ របស់​ប្រទេស​នេះ "​។

នៅ​ក្នុង​ការ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ លោក ប្រា​យុទ្ធ ចាន់ អូ​ចា បាន​ទម្លាក់​រដ្ឋាភិបាល របស់​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ដែល​ជា​ប្អូនស្រី របស់​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន នៅ​ក្រៅប្រទេស​៕