សារអេឡិចត្រូនិច
ថតរូប​សែ​ល​ហ្វី ដើម្បី​ប្រកួត​រូបថត​ថ្ងៃ​រះ នៅ​ប្រាសាទ​អង្គរ ថ្ងៃ​ទី​២០-២១ មីនា


ភ្នំពេញ​: នៅ​ចន្លោះ​ថ្ងៃ​ទី​២០ -២១ មីនា ២០១៧ ប្រទេស​កម្ពុជា​នឹង​មាន​អភូតហេតុ ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​ប្រាង្គ​ប្រាសាទអង្គរវត្ត ជា​ថ្មី​ទៀត ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង ៧​ព្រឹក​។ ដូច្នេះ​លោក​អ្នក​អាច​យក​រូបថត សែ​ល​ហ្វី​ដ៏​ស្រស់​ស្អាត​របស់​លោក​អ្នក​មក​ប្រកួតប្រជែង ដើម្បី​ទទួល​រង្វាន់​ពិសេស ពី​ក្រសួងទេសចរណ៍​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញ​ថា ភ្ញៀវ​ជាតិ និង​ភ្ងៀ​វ​អន្តរជាតិ​ចូលរួម​ទស្សនា​ទិដ្ឋភាព ថ្ងៃ​រះ​នៅ​លើ​កំពូល​កណ្ដាល របស់​ប្រាសាទ​អង្គរ អោយ​បាន​ច្រើន​កុះករ ដោយ​អភូតហេតុ​ថ្ងៃ​រះ នៅ​ចំ​កំពូល​ប្រាសាទ​អង្គរ ជា​ថ្មី​ទៀត​ហើយ នៅ​ចន្លោះ​ព្រឹក​ថ្ងៃ​ទី​២០ និង​២១ មីនា ចាប់ពី​ម៉ោង​៥ ដល់​ម៉ោង​៧​ព្រឹក​។ ដូច្នេះ​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប ឫ សែ​ល​ហ្វី អាច​ចូលរួម​ក្នុង ព្រឹត្តិការណ៍​ឈ្មោះ​ថា "​សែ​ល​ហ្វី​(Selfie)​អង្គរ​អច្ឆរិយៈ​"​។ 

ប្រភព​បាន​បន្ត​ទៀត​ថា រាល់​អ្នក​ដែល​បាន​ថតរូប​សែ​ល​ហ្វី រួច​បញ្ជូន​រូប​សែ​ល​ហ្វី​ដែល​មាន​ភ្ជាប់ ជាមួយនឹង​រូប​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ មក​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួង ឬ ផ្ញើ​មក​កាន់ www.facebook.com/cambodiamot ដោយ​គ្រាន់តែ​បញ្ជាក់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​គឺជា​ការ​ស្រេច​។

ជាមួយ​គ្នា​នោះ មន្ត្រី​ទទួល​បន្ទុក​លើ​ការ ប្រកួតប្រជែង​នេះ​បាន​ឲ្យ​ដឹង​ថា នេះ​ឱកាស​ជួយ​អោយ​អ្នក ចូល​ចិត្ត​ថតរូប​សែ​ល​ហ្វី​សប្បាយចិត្ត ហើយ​ក៏ ដើម្បី​អោយ ទិដ្ឋភាព​ថ្ងៃ​រះ នៅ​លើ​កំពូល​ប្រាសាទ​អង្គរ មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ផង​។ លោក​ថា​ព្រឹត្តិការណ៍​ត្រូវ​បាន​បង្កើត ឡើង​យ៉ាង​ជោគជ័យ​កាលពី​លើក​ទី​១ ដោយ​ការ​ប្រកួត​សម្រាប់​លើក​ទី​២​នេះ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពិសេស ដោយ​អាជ្ញាធរ​អប្សរា គ្រឹះស្ថាន​អង្គរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

រូប​សែ​ល​ហ្វី​ណា​ទទួល​បាន​ចំនួន Like និង Share ច្រើន​ជាងគេ នឹង​ត្រូវ​កំណត់​ថា​ជា រូប​ដែល​ឈ្នះ​រង្វាន់​ប្រចាំឆ្នាំ​។ ក្រសួង​ប្រកាស​ថា​រូបថត​សែ​ល​ហ្វី មាន​អ្នក​ចូល​ចិត្តច្រើន​ជាងគេ នឹង​ទទួល​បាន​ប័ណ្ណសរសើរ អម​ដោយ​ទឹកប្រាក់​១​លាន​រៀល ឬ​២៥០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​៨០​ម៉ឺន​រៀល ស្មើនឹង​២០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​៥០​ម៉ឺន​រៀល ស្មើនឹង​ជាង​១២៥​ដុល្លារ​៕