សារអេឡិចត្រូនិច
ប្រវត្តិ​រឿងរ៉ាវ ទាក់ទង អាង​ទឹក​កំពីងពួយ ខេត្តបាត់ដំបង


ខេត្តបាត់ដំបងៈ អាង​ទឹក​កំពីងពួយ​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​តា​គ្រាម និង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ភាគ​និរតី​នៃ​ក្រុង​បាត់ដំបង​។ អាង​ទឹក​នេះ មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​រវាង​ភ្នំ​ខ្ពស់ ឬ​ភ្នំ​តា​ង៉ែ​ន និង​ភ្នំ​ព្រះ ឬ​ភ្នំ​កំពីងពួយ ដែល​មាន​ចម្ងាយ​ផ្លូវ​ពី​ទីក្រុង​បាត់ដំបង ប្រមាណ​ជា ៤៨ គ​.​ម បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៧ កាត់​តាម​ភ្នំ​សំពៅ​។

​ កាលពីដើម​ទី​នេះ​មិនមែន​ជា​អាង​ទឹក​, បឹង ឬ​ជា​ទំនប់​ទឹក ដូច​អ្វី​ដែល​យើង​កំពុង​ឃើញ​នៅ​ពេល​នេះ​ឡើយ តែ​វា​ជា​ដី​រាបស្មើ ជា​វាលស្រែ​របស់​ពលរដ្ឋ​ធម្មតា​។ ពាក្យ​ថា “​កំពីងពួយ​” ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង មាន​សណ្ឋាន​ជា​ស្មៅ ដែល​ដុះ​អណ្តែត​លើ​ទឹក ឬ​ដុះ​លើ​ដី​សើម វា​មាន​ឬ​ស​ចេញពី​ថ្នាំង មាន​ផ្កា​ពណ៌​ស ឬ​ក្រហម​។ អាង​ទឹក​នេះ​ត្រូវ​បាន​គេ​យកឈ្មោះ​តាម​ភូមិ​កំពីងពួយ ដែល​សព្វ​ថ្ងៃនេះ ត្រូវ​បាន​ចែក​ទៅ​ឲ្យ​ភូមិ​តា​ង៉ែ​ន និង​ភូមិ​អន្លង់​ស្វាយ​។

   អាង​ទឹក​កំពីងពួយ ជា​សម​ទ្ធិ​ផល​ធារាសាស្ត្រ ដែល​បន្សល់​ទុក​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ប៉ុ​ល​ពត​។ ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ហើយ​មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ដើមឆ្នាំ​១៩៧៦ ទើប​មាន​ផែនការ​លើក​ទំនប់​នេះ​កើតឡើង​។ ទំនប់​នេះ​មាន​គោលបំណង​ក្នុង​ការ​ស្តុក​ទឹក​ស្រោចស្រង់​បង្កបង្កើន​ផល សម្រាប់ វិស័យ​កសិកម្ម​នៅ​ទី​ជនបទ​នៃ​ខេត្តបាត់ដំបង​នេះ​។​ការ​ជ្រើសរើស​ទី​នេះ​ធ្វើ​ជា​អាង​ស្តុក​ទឹក​ក៏​ព្រោះតែ​ស្ថានភាព​ភូមិសាស្ត្រ​អំណោយផល​ខ្លាំង​ដែល​មាន​ភ្នំ​ព័ទ្ធ​ជុំវិញ​។

 ចំពោះ​ភូមិសាស្ត្រ​អាង​ទឹក​នេះ គឺ​គេ​សាងសង់​ដោយ​យក​ភ្នំ​ធ្វើ​ជា​ជញ្ជាំង ហើយ​សល់​ប៉ុន្មាន​គឺ ត្រូវការ​កម្លាំង​មនុស្ស​សុទ្ធសាធ ដើម្បី​ជីកដី លើក​ទំនប់ សាងសង់​ឲ្យ​ចេញ​ជា​អាង​ទឹក ដែល​មាន​បណ្តោយ ៦,០០០​ម៉ែត្រ និង​ទទឹង ១,៩០០​ម៉ែត្រ ចំណែក​ទទឹង​នៃ​ទំនប់​ផ្នែក​បាត​ក្រោម​មាន​ប្រវែង ៧០​ម៉ែត្រ និង​ខ្នង​ទំនប់​ប្រវែង ៣០​ម៉ែត្រ និង​កម្ពស់​ចាប់ពី ១០​ម៉ែត្រ ទៅ ១៥​ម៉ែត្រ តាម​សណ្ឋាន​ដី​ជាក់ស្តែង​។ នៅ​ក្នុង​រដូវវស្សា អាង​ទឹក​នេះ​អាច​ផ្ទុក​ទឹកបាន​ជាង ១១០​លាន​ម៉ែត្រគូប ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វិស័យ​កសិកម្ម ម្យ៉ាង​បើ​និយាយ​ពី​ផល​ត្រី​វិញ វា​គឺជា​តំបន់​សម្បូរ​ត្រី​មួយ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។

បច្ចុប្បន្ន​ទំនប់​អាង​ទឹក​កំពីងពួយ​នេះ បាន​ក្លាយជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ​របស់​ខេត្តបាត់ដំបង ដែល​មាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​មក​ងូតទឹក​លេង​កម្សាន្ត ជា​ពិសេស​គឺ​នៅ​រដូវភ្លៀង​ធ្លាក់​។

ដកស្រង់​ពី កិច្ចការ​ស្រាវជ្រាវ​ស្ដី​ពី “​អាង​ទឹក​កំពីងពួយ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​”