សារអេឡិចត្រូនិច
អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ត្រូវ​គេ​ចោទប្រកាន់​ថា បោះបង់​ឆ្កែ​ចោល


ក្រុម​អ្នក​ការងារ​សិទ្ធិ​សត្វ​ចិញ្ចឹម បាន​ចោទប្រកាន់​អ្នកស្រី ផាក ហ្គឺ​ន​ហេ ដែល​ត្រូវ​បាន​គេ​ដក​ចេញ ពី​តំណែង​ប្រធានាធិបតី កូរ៉េ​ខាងត្បូង កាលពី​ថ្មី​នេះ​ៗ ថា​បាន​បោះបង់​ចោល ឆ្កែ​របស់​អ្នកស្រី ហើយ​ទុក​ពួក​វា​ចោល នៅ​វិមាន​ប្រធានាធិបតី ខណៈ​ពេល​ដែល​អ្នកស្រី បាន​រើ​ទៅ​នៅផ្ទះ​ផ្ទាល់ខ្លួន​វិញ នៅ​ខ័​ណ្ឌ​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​យប់​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​។​ប៉ុន្តែ​សត្វ​ឆ្កែ​ទាំង ៩ របស់​អ្នកស្រី មិន​ត្រូវ​បាន​គេ​យក​ទៅ​តាម​អ្នកស្រី​នោះ​ទេ​។

អង្គការ​មួយ​ឈ្មោះ​ថា សម្ព័ន្ធ​បូ​សាន​កូរ៉េ ដើម្បី​ការពារ ការ​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ លើ​សត្វ (Busan Kapca) បាន​កត់សំគាល់​ឃើញ​ថា អ្នកស្រី ផាក ល្មើសច្បាប់​ការពារ​សត្វ ដោយ​អ្នកស្រី បាន​ទុក​ឆ្កែ​ទាំង ៩ ក្បាល​នោះ ចោល​។

ក្រុម​អ្នក​ការពារ​សិទ្ធិ​សត្វ បាន​អះអាង​ថា អ្នកស្រី ផាក បាន​បោះបង់​ឆ្កែ របស់​គាត់​ចោល ហើយ​ឥឡូវ អង្គការ​របស់​ពួក​គេ បាន​កំពុង​ស្វែងរក​ផ្ទះ​ថ្មី សំរាប់​ឆ្កែ​ទាំងនោះ​។

ទោះបី​យ៉ាងណា​ក៍ដោយ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី បាន​ច្រានចោល ការ​ចោទប្រកាន់​ទាំងនេះ ហើយ​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Reuters ថា ឆ្កែ​ទាំងនោះ ត្រូវ​បាន​គេ​ទុក នៅ​វិមាន​ដោយឡែក​សិន ព្រោះ​ពួក​វា​នឹង​លំបាក បើសិនជា​យើង យក​វា​ចេញពីផ្ទះ​របស់​ពួក​វា​។

អ្នកនាំពាក្យ​ដដែល បាន​ថ្លែង​ទៀត​ថា បុគ្គលិក​នៅ​ទី​នេះ បាន​មើលថែ​វា ហើយនឹង​រក​ផ្ទះ​ល្អ សំរាប់​ពួក​វា ប្រសិនជា​មានការ​ចាំបាច់​។

ការ​ចោទប្រកាន់​ថ្មី មួយទៀត​នេះ កើតឡើង បន្ទាប់​ពី​អ្នកស្រី ត្រូវ​បាន​តុលាការ ធម្មនុញ្ញ​របស់​កូរ៉េ​ខាងត្បូង សំរេច​ដក​អ្នកស្រី ចេញពី​តំណែង ដោយ​តំកល់​សេចក្តីសំរេច របស់​រដ្ឋសភា ដែល​បាន​បោះ​ឆ្នោត ទំលាក់​អ្នកស្រី កាលពី​ចុងឆ្នាំ ២០១៦ កន្លង​ទៅ​។

អ្នកស្រី ក៍​ត្រូវ​បាន​រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង កោះហៅ​ដើម្បី​ធ្វើការ​សាកសួរ ក្នុង​នាម​ជា​ជនសង្ស័យ ក្នុង​ករណី​រឿងអាស្រូវ​ពុក​រលួយ ដែល​ញាំញី​អ្នកស្រី រហូត​ដល់​របូត​ពី​តំណែង​នេះ​។

អ្នកស្រី​គឺជា​មេដឹកនាំ ប្រជាធិបតេយ្យ​ទី​១ ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​តំណែង​។

ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស ប្រធានាធិបតី​ថ្មី នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ខាង​មុខ​៕