សារអេឡិចត្រូនិច
តារា​សម្តែង កញ្ញា ស៊ី​ស៊ី មិន​ប្រើប្រាស់​ភាព​សិច​ស៊ី​ដើម្បី​ល្បីឈ្មោះ


ភ្នំពេញ​: បន្ទាប់​ពី​ទទួល​បាន​តំណែង តួឯក តារា​ស្រី​ល្បីឈ្មោះ ខាង​សិច​ស៊ី កញ្ញា ស៊ី​ស៊ី បាន​អះអាង​ថា ថ្វីបើ​នាង​ល្បីឈ្មោះ គ្រង​តំណែង​ជា តារា​សិច​ស៊ី ប៉ុន្តែ​ភាព​ចំហរ​ល្វែង លើ​ក្រោម របស់​នាង ត្រឹមតែ​បង្អួត​សាច់ ដែល​មើលទៅ​គួរ​ឲ្យ​ស្រឡាញ់ ចេញ​សាច់​បែប​គួរ ឲ្យ​ក្នាញ់​ប៉ុណ្ណោះ​។ 

ទោះបី​ខ្លួន ធ្លាប់​បាន​បង្ហាញ ភាព​សិច​ស៊ី បែប​លេច​លើ លេច​ក្រោម របស់​នាង តាម​រយៈ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​តាម​រយៈ ការ​ថត​ខ្សែភាពយន្ត​ក្តី ពោល​នាង​ធ្វើ​ត្រឹម លក្ខខណ្ឌ​ដែល​អាច ទទួលយក​បាន​ប៉ុណ្ណោះ​។ 

តារា​ស្រី​វ័យ​ខ្ទង់​២០​ឆ្នាំ រូប​នេះ បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​ហ៊ាន​ស្លៀក​សិច​ស៊ី តែ​ត្រូវ​បាន​កម្រិត​មួយ ដែល​មហាជន អាច​ទទួលយក​បាន មិន​ជ្រុស​ហួសហេតុ ពេក​នោះ​ទេ ជា​ពិសេស ការ​ស្លៀកពាក់ សិច​ស៊ី​ណាមួយ ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ ខ្លួនឯង (​សំដៅលើ​រូប​នាង​) និង​ខូច​ឈ្មោះ ដល់​នារី​ទូទៅ​ផង​”​។ 

ស៊ី​ស៊ី បញ្ជាក់​ថា «​ខ្ញុំ​មាន​របៀប​សិច​ស៊ី របស់ខ្ញុំ មើលទៅ​មិនអាក្រក់​ពេក ឬ​ធ្វើ​ឱ្យ​ខុស​ប្រពៃណី​ទេ ពោល​ភាព​សិច​ស៊ី មិន​ចាំបាច់ ទាល់តែ​បញ្ចេញ ដើមទ្រូង​ខ្លាំង ឬ​បញ្ចេញ​គល់ភ្លៅ​ខ្លាំង ទើប​ហៅ​ថា សិច​ស៊ី​ទេ ខ្ញុំ​មាន​វិធីសាស្ដ្រ ធ្វើ​យ៉ាងណា ឱ្យ​គេ​មើលឃើញ​ថា សិច​ស៊ី ប៉ុន្ដែ​គួរ​ឱ្យ​ចង់​គយគន់​»​។ 

ងាក​មក​ការងារ​សិល្បៈ​វិញ ត្បិត​តែ​តារា​រូប​នេះ ទើបតែ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត បាន​ចំនួន​តិច​រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ទេព​កោសល្យ សម្តែង​របស់​នាង បាន​ធ្វើ​ឲ្យ​អ្នកដឹកនាំ សម្តែង​ការ​កោតសរសើរ និង​ផ្តល់​ឱកាស ឲ្យ​នាង​សម្តែង​ជា​តួឯក ស្រប​ពេល​ដែល កញ្ញា ស៊ី​ស៊ី បាន​ឈាន​ជើង​ចូល សម្តែង​ជា​តួឯក​ក្នុង​រឿង​ថ្មី របស់​ផលិតកម្ម Wonder Film Cambodia រឿង “​ស្នូរ​ជើង​អ្នក​ណា?​”​។ 

រឿង “​ស្នូរ​ជើង​អ្នក​ណា? ” ជា​រឿង​ទី​៤ របស់​កញ្ញា ស៊ី​ស៊ី បន្ទាប់​ពី រឿង វាសនា​កូនភ្លោះ​, ចំការ​លាក់​ស្នេហ៍​, កំពុង​ដំណើរការ​ថត រឿង រាជបុរី Come back​។ 

ដើម្បី​ទាក់ទាញ​ការ​គាំទ្រ ពី​ទស្សនិកជន តារា​សម្តែង​ស្រី សាច់​សខ្ចី​រូប​នេះ អះអាង​ថា ទោះបីជា​នាង សម្តែង​ជា​តួអង្គ​អ្វី ក៏​នាង​មិន​ប្រកាន់​ដែរ ថ្វី​ត្បិត​នាង​ធ្លាប់​សម្តែង ជា​តួឯក​ក្តី នាង និយាយ​បែប​នេះ ក្រោម​ហេតុផល ជា​អ្នកសិល្បៈ ត្រូវ​តែ​ទទួល​សម្តែង គ្រប់​ឈុត​ឆាក មិន​ប្រកាន់​ថា តួ​តូច ឬ​ធំ​នោះ​ឡើយ​៕