សារអេឡិចត្រូនិច
សាលា​នាយទាហាន​សកម្ម ត្រូវ​ឈរ​ជា​មជ្ឈមណ្ឌល ប្រកបដោយ​ឆន្ទៈ​ជំនាញ​វិជ្ជាជីវៈ


: សាលា​នាយទាហាន​សកម្ម ត្រូវ​ឈរ​ជា​មជ្ឈមណ្ឌល​សាមគ្គី​ឯកភាព​គ្នា ប្រកបដោយ​ឆន្ទៈ​ជំនាញ​វិជ្ជាជីវៈ ចូលរួម​គ្រប់​សកម្មភាព និង​រក្សា​តម្លៃ កេរ្តិ៍ឈ្មោះ​ឱ្យ​បាន​ល្អ ដើម្បី​អភិវឌ្ឍ​សាលា​នាយទាហាន​សកម្ម ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

នៅ​សាលា​នាយទាហាន​សកម្ម ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នាយទាហាន​សកម្ម​ជំនាន់​ទី​១៧ ដែល​ជា​ជំនាន់​«​តេ​ជោ​សន្តិភាព » លោកនាយ​ឩ​ត្តម​សេនីយ៍​ប៉ុ​ល​សា​រឿ​ន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ បាន​ថ្លែង​ថា សន្តិភាព​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ហេតុនេះ​ពល​ទាហាន ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​រឹង​មាំ និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌ ដើម្បី​ក្មួយ​ៗ ទទួល​បាន​ឱកាសល្អ​កាន់តែ​ច្រើន ក្នុង​ការ​កសាង​ជីវិត​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​សុភមង្គល​។

លោក​បាន​បន្ត​ថា "​ក្មួយ​ៗ ត្រូវ​បន្ត​ការ​សិក្សា​រៀនសូត្រ​តាម​គ្រប់​រូបភាព ដូច​ជា តាម​ប្រព័ន្ធ Internet ជាដើម មាន​ន័យ​ថា «​រៀន​ហើយ​រៀន​ទៀត រៀន​គ្មាន​ទី​បញ្ចប់ រៀន​ដើម្បី​ចេះ មិនមែន​រៀន​ដើម្បី​ចប់​» និង​មាន​សេចក្តី​អំណត់​តស៊ូ​ខិតខំ​ប្រឹងប្រែង​មិន​រា ថយ ដើម្បី​សម្រេច​បាន​បំណងប្រាថ្នា​របស់​ខ្លួន ពីព្រោះ​ថា ការ​តាំងចិត្ត និង​ការ​ខិតខំ​ព្យាយាម គឺជា​កត្តា​នាំ​ឱ្យ​យើង​ជោគជ័យ ដូចដែល​ក្មួយ​ៗ ទទួល​បាន​សញ្ញាបត្រ​ដែល​ជា​ជ័យ​លា​ភី​របស់​ខ្លួន ក៏​ដូច​ជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​នៃ​សង្គម​គ្រួសារ និង​សង្គម​ជាតិ​"​។

លោក ក៏​បាន​ណែនាំ​ឱ្យ​ពល​ទាហាន ត្រូវធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​បន្ត​ទៀត ដូច្នេះ ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​តម្រង់​ទិស និង​គោលដៅ​មួយ​ឱ្យ​បាន​ច្បាស់លាស់ សំដៅ​ទទួល​បាន​ជោគជ័យ​ក្នុង​វិ​ថី​នៃ​ជីវិត​។ ត្រូវ​យកចំណេះ​ដឹង​ដែល​បាន​សិក្សា និង​ការ​ចុះ​ដក​បទ​ពិសោធន៍​កន្លង​មក ប្រែក្លាយ​ទៅ​ការ​អនុវត្ត​ជាក់ស្ដែង និង​ត្រូវ​ចេះ​ចាប់​យក​ចំណុច​គន្លឹះ​សំខាន់​ៗ ដែល​រៀមច្បង​យើង​អនុវត្ត​បាន​ជោគជ័យ​ក្នុង​ការងារ យក​មក​អនុវត្ត​ក្នុង​ការ​បំពេញភារកិច្ច​ផ្ទាល់ខ្លួន ចេះ​សិក្សា​ការងារ​ពី​អ្នក​ជិតខាង​ខ្លួន បន្ត​ការ​ស្រាវជ្រាវ​បន្ថែម រៀន​ផង​ធ្វើការ​ផង ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​បាន​ជោគជ័យ ក្នុង​អាជីព​ជា​កងទ័ព​។ ជា​ដាច់ខាត កងទ័ព ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​គ្រប់យ៉ាង និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុខ​សុវត្ថិភាព​ខ្លួន​យើង​ទាំងអស់​គ្នា​។ 

មេបញ្ជាការ មេបញ្ជាការ​រង យោធា​ចា​រ្យ និង​គ្រូ​គ្រប់គ្រង​ទាំងអស់ ត្រូវ​ពង្រឹង​គរុកោសល្យ អប់រំ​ចិត្តសាស្ត្រ យកចិត្ត ទុកដាក់​បង្ហាត់បង្រៀន​ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​ឯកទេស យោធា ជូន​ដល់​សិក្ខា​ម ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​។ ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ​បន្ថែម ដើម្បី​បង្កើន​សមត្ថភាព​យល់​ដឹង​របស់​ខ្លួន ឱ្យ​កាន់តែ​រីក​ចម្រើន ស្រប​តាម​ការ​វិវឌ្ឍន៍​នៃ​សភាពការណ៍​និង​ការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក​។ 

សាលា ត្រូវ​បន្ត​សហការ​ជាមួយ​ទីចាត់ការ​ហ្វឹកហ្វឺន និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​ឯកសារ និង​កម្មវិធី​ហ្វឹកហ្វឺន ឱ្យ​កាន់តែ​ល្អ សំដៅ​បង្កើន​គុណភាព​ហ្វឹកហ្វឺន និង​ខិតខំ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​វ័យក្មេង រៀបចំ​កម្រិត​ថ្នាក់​យោធា​ចា​រ្យ​ឱ្យ​សម​មូល​ទៅ​នឹង​ប្រព័ន្ធ​អប់រំ​ជាតិ ធ្វើការ​សិក្សា​រៀបចំ​បញ្ចូល​ផ្នែក​ចំណេះដឹង​ទូទៅ ព័ត៌មានវិទ្យា Internet និង​បច្ចេកវិទ្យា​ថ្មី​ៗ៕