សារអេឡិចត្រូនិច
អាជ្ញាធរ​ខេត្តតាកែវ ព្រួយបារម្ភ កន្លែង​ឃុំខ្លួន អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន មាន​ចំនួន​កើនឡើង


តាកែវ​: ខណៈ​ពេល​ដែល​មាន​យុទ្ធនាការ​ដ៏​ក្តៅ​ករ​គុក ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កំពុង​តែ​ធ្វើ​ឡើង អ្នក​ដែល​ពាក់ព័ន្ធ ទៅ​នឹង​គ្រឿងញៀន ប្រមាណ​ជាង ២​រយ​នាក់ ត្រូវ​បាន​ឃុំខ្លួន នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ហើយ​ចំនួន​អ្នកទោស​ដ៏​ច្រើន​នេះ បាន​ធ្វើ​អោយ​ពន្ធនាគារ ខេត្តតាកែវ ដែល​កំពុង​មាន​សភាព​ចាស់ ហើយ​ទ្រុឌទ្រោម ដែល​អាច​ផ្ទុក​អ្នកទោស បាន​តែ​ជិត ៣០០​នាក់​នោះ បាន​កើនឡើង​អ្នកទោស រហូត​ដល់​ទៅ​ជិត ៦០០ នាក់ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ 

 លោក អ៊ុ​ន វ​ណ្ណា អភិបាលរង​ខេត្តតាកែវ បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធនាការ ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​សាលាខេត្ត​តាកែវ ។ 

លោក​អភិបាលរង ខេត្តតាកែវ បាន​បន្ត​ថា ក្នុង​រយៈពេល​ប្រមាណ​ជាង ១​ខែ​នេះ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សមត្ថកិច្ច បាន​ចុះ​អនុវត្តន៍​ច្បាប់ ដោយ​បង្ក្រាប​បាន ២៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ៩១​នាក់ រួម​នឹង​វត្ថុ​តាង​ជា​គ្រឿងញៀន មធ្យោបាយ​ប្រើប្រាស់ មួយ​ចំនួន​ទៀត​។ តែ​អ្វី​ដែល​ធ្វើ​អោយ​យើង មានការ​ព្រួយបារម្ភ​នោះ គឺ​កន្លែង​ឃុំខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន ព្រោះថា តាម​របាយ​ណ៍ បាន​អះអាង​ថា ពន្ធនាគា​ខេត្ត កំពុង​ផ្ទុក​អ្នកទោស លើស​ចំណុះ​។

លោក គង់ ស៊ី​ថា ប្រធាន​ពន្ធនាគា​ខេត្តតាកែវ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ​ដ៏​ក្តៅ​គគុក នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​បង្ក្រាប និង​ចាប់​បញ្ជូន​ជនសង្ស័យ មក​ជា​រៀងរាល់ថ្ងៃ និង​ជនសង្ស័យ​មួយ​ចំនួន ត្រូវ​បាន​បញ្ជូន​ទៅ មជ្ឈមណ្ឌល​ស្តារ​យុវ​នីតិសម្បទា ហើយ​រហ​តូ​មក​ដល់​ពេល​នេះ ទណ្ឌិត ជន​ត្រូវ​ចោទ ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន ដែល​កំពុង​តែ​ឃុំខ្លួន នៅ​ក្នុង​ពន្ធនាគារ ខេត្តតាកែវ មាន​រហ​តូ​ដល់​ជាង ២០០ នាក់ បូក​រួម​ទាំង​អ្នកទោស ដែល​មានទោស​បទល្មើស ផ្សេង​ៗ​ទៀត ធ្វើ​អោយ​អ្នកទោស នៅ​ក្នុង​ពន្ធនាគា​ខេត្តតាកែវ មានការ​កើនឡើង ដល់​ជិត ៦០០ នាក់ ៕