សារអេឡិចត្រូនិច
លោក​គឹ​ម សុខ ដើរ​ពី​វត្ត​ចាស់ មក​បំភ្លឺ​នៅ​តុលាការ រឿង​នាយក​រដ្ឋមន្ត្រី ប្តឹង


   ភ្នំពេញ​: លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ បាន​ធ្វើ​ដំណើរ ដោយ​ថ្មើរជើង ដើរ​ចេញពី​វត្ត​ចាស់ (​នៅ​ជ្រោយចង្វារ​) មក​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ នេះ​។ ការ​ធ្វើ​ដំណើរ​នេះ គឺ​មាន​លោកសង្ឃ ២ អង្គ ដើរ​ជាមួយ និង​មាន​អ្នកគាំទ្រ តាម​ពីក្រោយ​។

លោក​សៀង សុខ ព្រះរាជអាជ្ញា​រង សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពន្យារពេល​ចូលខ្លួន ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ នេះ​ទេ ។ លោក​បាន​សរសេរ​ចារ លើ​លិខិត​សុំ​ពន្យារពេល​ថា “​យើង សៀង សុខ មិន​អនុញ្ញាត លើ​ការ​ស្នើ​សុំ​នេះ​ទេ សា​ម៉ី​ខ្លួន​ត្រូវ​តែ​ចូល​មក​កាន់ អយ្យការ​តាម​ការ​កំណត់​”​។ ការ​មិន​អនុញ្ញាត​នេះ គឺ​បន្ទាប់​ពី​លោក គឹ​ម សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ដាក់​ពាក្យសុំ​ពន្យារពេល ចូលខ្លួន​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ មិន​ទាន់​បាន​ពឹងពាក់​មេធាវី​។

លោក គី តិច មេធាវី​តំណាង សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​លោក​គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ទៅ​ដាក់​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​បាន​ឲ្យ​មេធាវី ដាក់​ពាក្យ​ប្តឹង​លោក​គឹ​ម សុខ គឺ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​ឃ្លាំមើល​លោក គឹ​ម សុខ ប្រយ័ត្ន​រត់​ចេញ ទៅ​ក្រៅប្រទេស​។

លោក គឹ​ម សុខ គឺជា​មនុស្ស​ទី​៣​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​ទៅ​តុលាការ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​លើ គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តារ​ម៉ាត ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​។

លោក​គី តិច បាន​បញ្ជាក់​ថា ការ​ប្តឹង​នេះ គឺ​បន្ទាប់​ពី​លោក​គឹ​ម សុខ បាន​ថ្លែង​នៅ​ក្នុង​វេទិកា វិទ្យុ​អាស៊ី​សេរី កាលពី​យប់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ដោយ​បាន​ធ្វើការ​ចោទប្រកាន់ គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​រៀបចំ​ផែនការ​កំទេច គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​លោក​កែម ឡី​។

លោក​គី តិច មេធាវី​តំណាង សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ប្តឹង​លោក​កឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ គឺ​ប្តឹង​ពី​បទ​បរិហា​កេរ្តិ៍ ជា​សាធារណៈ និង​ពី​បទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ នៅ​ក្នុង​សង្គម ដែល​ការ​ចោទប្រកាន់ របស់​លោក​គឹ​ម សុខ មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​មាន​បញ្ហា​ធ្ងន់ធ្ងរ ដែល​មាន​ចេតនា ធ្វើ​ឲ្យ​មាន​វឹកវរ​នៅ​ក្នុង​សង្គម​៕