សារអេឡិចត្រូនិច
មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ រក​ឃើញ​ទំនិញ​ខូចគុណភាព ជា​ច្រើន​មុខ នៅ​ផ្សារ ត្រពាំង​អណ្តើក


តាកែវ​: នៅ​ព្រឹក​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៧​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ដកហូត ទំនិញ ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជា​ប្រភេទ​ទឹកក្រូច ទឹក​ស៊ី​អ៊ឹ​វ ទឹកត្រី​ម្ទេស ជា​ច្រើន​ដប នៅ​ឯ​ផ្សារ ត្រពាំង​អណ្តើក ដែល​ជា​ផ្សារ​នៅ​ទី​ជនបទ​មួយ ស្ថិត​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​នឹង​មន្ទីរ​ពិ​ា​ជ្ជ​កម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ទីផ្សារ​ខាងលើ បាន​ថ្លែង​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ នៅ​តែ​បន្ត​យុទ្ធនាការ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ និង​នៅ​តែ​បន្ត​ដកហូត​ទំនិញ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត មិន​ថា នៅ​ទីណា​នោះ​ទេ​ឲ្យ​តែ​ចរាចរណ៍ នឹង​ឲ្យ​តែ​មាន​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​ដូច​ជា​កំប៉ិត និង​ច្រេះ​កំប៉ុង​ជាដើម​។

លោក ប៉ោ លាង​គង់ បន្ត​ថា នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ក្នុងថ្ងៃនេះ មន្ត្រី ជំនាញ​របស់​យើង​បាន​រក​ឃើញ​នូវ​ប្រភេទ​ទឹកក្រូច​ដប​ធំ ចំណុះ​៣.១​លី​ត្រ​ចំនួន​១៨​ដប ទឹក​ស៊ី​អ៊ឹ​វ​៤​ដប និង​ទឹកត្រី​ម្ទេស​២​ដប ដែល​សុទ្ធតែ​ហួស​កាលកំណត់​ប្រើប្រាស់ និង​គ្មាន​គុណភាព ហើយ​ទំនិញ​ប្រភេទ​នេះ​គឺ​មន្ត្រី​ជំនាញ​ធ្វើ​សម្រេច​ដកហូត យក​មក​រក្សា​ទុក​ដើម្បី​ធ្វើការ​បំផ្លាញ​ចោល​តាម​នីតិវិធី​ច្បាប់ ព្រមទាំង​ធ្វើការ​អប់រំ ណែនាំ​ដល់​ម្ចាស់​ទំនិញ​ឲ្យ​ឧស្សាហ៍ មើល​កាលបរិច្ឆេទ​ប្រើប្រាស់​ទំនិញ​ដែល​ខ្លួន​ដាក់​តាំង​លក់​ជៀសវាង​ទំនិញ​ដែល​ហួស​កាល​កាលកំណត់ នៅ​ពេល​ដាក់​លក់​ជូន ប្រជាពលរដ្ឋ​។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បន្ថែម​ទៀត​ថា ក្រៅ​តែ​ពី​ការ​ត្រួតពិនិត្យ មើល​ពី​គុណភាព​ទំនិញ​នោះ មន្ត្រី​របស់​លោក​ក៍បាន​ធ្វើ​ត្តេស​បឋម​ផង​ដែរ​ទៅ​លើ ប្រហិត​សាច់​គោ បាត​តេ និង​បន្លែ​ខ្ចី គល់​ស្លឹក​ជ្រៃ​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ប៉ុន្តែ​ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​សារធាតុ​គីមី​នោះ​ទេ ម្យ៉ាងទៀត​ក្នុង​ការ​ចុះ​ពិនិត្យ​នេះ យើង​ក៏​នៅ​តែ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ស្ករត្នោត​ដែល​កែ​ច្នៃ​ចេញពី​ស្ករស ដែល​មាន​ប្រភព​មក​ពី​ស្រុក​បាទី ថា​តើ​នៅ​មាន​ចរាចរណ៍​លើ​ទីផ្សារ​ខេត្តតាកែវ​ឬ​យ៉ាងណា​។

ជាមួយ​គ្នា​នេះ​ដែរ លោក ប៉ោ លាង​គង់ ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវករ សូម​ជួយ​បន្ត​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​កាំ កុងត្រូល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​ទំនិញ​អន់​គ្មាន​គុណភាព មាន​សារធាតុ​គីមី និង​ហួស កាលកំណត់​ប្រើប្រាស់ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​៕