សារអេឡិចត្រូនិច
ម៉ា​ឡេ​ស៊ី ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្នុង​ការ​ជាប់​ពាក់ព័ន្ធ ការ​សម្លាប់ លោក គី​ម ជុង ណា​ម បងប្អូន​ប្រុស​របស់ មេដឹកនាំ​កូរ៉េ​ខាងជើង


លោក គី​ម ជុង ណា​ម (Kim Jong-nam)  ដែល​ជា​បងប្អូន​ប្រុស ម្តាយ​ទីទៃ​របស់ លោក គី​ម ជុង អ៊ុ​ន មេដឹកនាំ​កូរ៉េ​ខាងជើង​នោះ ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​ដាក់​ថ្នាំ​បំពុល ខណៈ​ដែល គាត់​បាន​កំពុង​រង់ចាំ ដើម្បី​ឡើង​ជិះ​យន្តហោះ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​ច័ន្ទ​។

 ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​២​នាក់​ដែល​ត្រូវ​បាន​សង្ស័យ​សម្លាប់ លោក គី​ម ជុង ណា​ម    ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​កាមេរ៉ា​សន្តិសុខ​នៃ​អាកាសយានដ្ឋាន​ម៉ា​ឡេ​ស៊ី

ប៉ូលិស​ម៉ា​ឡេ​ស៊ី បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្នុង​ការ​ជាប់​ពាក់ព័ន្ធ ការ​សម្លាប់ លោក គី​ម ជុង ណា​ម និង​កំពុង​ស្វែងរក តាម​ចាប់ខ្លួន ក្រុម​ជនសង្ស័យ​ផ្សេង​ៗ​ទៀត​។

កាលពី​ថ្ងៃ​ពុធ ប៉ូលិស​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ស្ត្រី​ម្នាក់​នេះ ត្រូវ​បាន​ឃុំខ្លួន នៅ​អាកាសយានដ្ឋាន ក្រុង​គូ​ឡា​ឡាំ​ពួរ និង​ថា ស្ត្រី​នេះ បាន​កាន់​ឯកសារ ធ្វើ​ដំណើរ​ពី ប្រទេស​វៀតណាម​។ 

ស្ត្រី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ឈ្មោះ Doan Thi Huong រស់នៅ​ទីក្រុង Nam Dinh ប្រទេស​វៀតណាម​។ នេះ​បើ​យោង​តាម​ឯកសារ ធ្វើ​ដំណើរ​របស់​ស្ត្រី​នេះ​។

ស្ត្រី​ឈ្មោះ Doan Thi Huong  អាយុ​២៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន នៅ​អាកាសយានដ្ឋាន​នេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ គឺ​២​ថ្ងៃ​បន្ទាប់ ពី​ការ​សម្លាប់​នេះ​។ នេះ​បើ​យោង​តាម លោក Khalid Abu Bakar  ប្រធាន​ប៉ូលិស​ម៉ា​ឡេ​ស៊ី​។

សមាជិក​សភា​កូរ៉េ​ខាងត្បូង បាន​និយាយ កាលពី​ពេល​មុន​នេះ ថា ក្រុម​ភ្នាក់ងារ ស៊ើប​ការ​សម្ងាត់ កូរ៉េ​ខាងត្បូង សង្ស័យ​ថា ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងជើង ជា​ស្ត្រី​ចំនួន​២​នាក់ បាន​ធ្វើឃាត លោក គី​ម ជុង ណា​ម  កាលពី​ថ្ងៃ​ច័ន្ទ ខណៈ​ដែល គាត់​បាន​កំពុង​រង់ចាំ នៅ​អាកាសយានដ្ឋាន ក្រុង​គូ​ឡា​ឡាំ​ពួរ ដើម្បី​ធ្វើ​ដំណើរ​តាម​យន្តហោះ ទៅ​កាន់​ទីក្រុង​ម៉ា​កាវ (Macau)៕