សារអេឡិចត្រូនិច
កូរ៉េ​ខាងជើង សុំ​យក​សាកសព គី​ម ជុង​ណា​ម ពី​ម៉ា​ឡេ​ស៊ី


ប្រទេស​កូរ៉េ​ខាងជើង បាន​ស្នើ​សុំ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​យក​សាកសព របស់​បុរស​ម្នាក់ ត្រូវ​គេ​ជឿជាក់​ថា ជា​បងប្រុស ម្តាយ​ទីទៃ​របស់​មេដឹកនាំ កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​យប់​ថ្ងៃ​ពុធ ជិត​ឈាន​ចូល ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។

លោក គី​ម ជុង​ណា​ម ត្រូវ​បាន​គេ​សំលាប់ ដោយ​ថ្នាំពុល ដោយ​ស្ត្រី​ពីរ​នាក់ ដែល​ត្រូវ​គេ​ជឿជាក់​ថា ជា​ភ្នាក់ងារ​សំងាត់ របស់​កូរ៉េ​ខាងជើង ខណៈ​ពេល​ដែល គាត់​កំពុង​អង្គុយ ចាំជើង​យន្តហោះ ទៅ​កាន់​ទីក្រុង​ម៉ា​កាវ នៅ​ព្រ​លាន​យន្តហោះ ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ច័ន្ទ​។

អាជ្ញាធរ​មូលដ្ឋាន កំពុង​តែ​ធ្វើការ​ពិនិត្យ សាកសព​របស់​ជន​រង​គ្រោះ ដើម្បី​ស្វែងរក​មូលហេតុ នៃ​ការ​ស្លាប់​របស់​លោក គី​ម ជុង​ណា​ម ប៉ុន្តែ​ត្រូវ​បាន​ទីក្រុង​ព្យុ​ង​យ៉ាង ប្រកែក​មិន​ឲ្យ​ធ្វើ​បែប​នេះ​។

ក្រោយ​ពេល ហេតុការណ៍​នេះ ប៉ូលិស​ម៉ា​ឡេ​ស៊ី បាន​ចាប់​ស្ត្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការ​ស្លាប់​នេះ ប៉ុន្តែ​ក៍​កំពុង​បន្ត​ស្វែងរក ជនសង្ស័យ​ផ្សេង​ទៀត​ដែរ​។

បើ​យោង​តាម​សេចក្តីរាយការណ៍ ប្រទេស​កូរ៉េ​ខាងជើង បាន​បញ្ជូន​អ្នកតំណាង ជា​ច្រើន​នាក់ ទៅ​កាន់​មន្ទីរពេទ្យ កន្លែង​ដែល​គេ កំពុង​វះ ដើម្បី​ពិនិត្យ​មើល​សាកសព នៅ​ថ្ងៃ​ពុធ ដើម្បី​សុំ​យក​សាកសព របស់​លោក គី​ម ជុង​ណា​ម ត្រឡប់​ទៅ​កូរ៉េ​ខាងជើង​វិញ​។

ទោះបី​យ៉ាងណា​ក៍ដោយ ប្រទេស​ម៉ា​ឡេ​ស៊ី មិន​ព្រម​ធ្វើ​តាម ការ​ទាមទារ​របស់ កូរ៉េ​ខាងជើង​នោះ​ទេ ដោយ​លើក​ឡើង​ថា ខ្លួន​មិន​ទទួល​រង​សំពាធ ដើម្បី​ឲ្យ​ធ្វើ​អ្វីមួយ​ឡើយ ហើយ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​អនុវត្តន៍ តាម​នីតិវិធី​។

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ក៍បាន​ប្រកាស​ផង​ដែរ ពី​ការ​ចាប់ខ្លួន ស្ត្រី​វៀតណាម​ម្នាក់ អាយុ ២៨​ឆ្នាំ​។

សេចក្តីរាយការណ៍ ពី​ប្រទេស​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា ស្ត្រី​ពីរ​នាក់ ដែល​ត្រូវ​គេ​និយាយ​ថា ជា​ជនជាតិ​កូរ៉េ​ខាងជើង បាន​ជាប់​ពាក់ព័ន្ធ នឹង​ការ​ស្លាប់​របស់​លោក គី​ម ជុង​ណា​ម ហើយ​បាន​រត់គេច​ខ្លួន តាម​រយៈ​តាក់ស៊ី​។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ជឿជាក់​ថា លោក​គី​ម ជុង​ណា​ម ត្រូវ​គេ​សំលាប់ ដោយ​ការ​ដាក់​ថ្នាំពុល​៕