សារអេឡិចត្រូនិច
iPhone 8 នឹង​បំពាក់​អេ​ក្រង់​កោង​ផ្គត់ផ្គង់​ដោយ Samsung


ត្រកូល iPhone ស៊េរី​ថ្មី នឹង​បំពាក់​ដោយ​អេ​ក្រង់​ប្លា​ស្ទិ​ក​កោង ប្រភេទ OLED ផ្គត់ផ្គង់​ដោយ Samsung​។ បើ​តាម​សារព័ត៌មាន​កូរ៉េ Koreaherald បញ្ជាក់​។

ប្រភព​ដដែល​បញ្ជាក់​ថា Samsung មាន​លទ្ធភាព​អាច​ផ្គត់ផ្គង់​អេ​ក្រង់​ប្លា​ស្ទិ​ក OLED កោង​ចំនួន​ចន្លោះ​ពី ៧០ ទៅ ១០០ លាន​ផ្ទាំង​ដល់ Apple ដើម្បី​បំពាក់​លើ iPhone 8 នៅ​ឆ្នាំ​ក្រោយ​។ ចំនួន​នេះ​ស្មើ​តែ​ពាក់កណ្ដាល​នៃ​ចំនួន​លក់ iPhone ប្រចាំឆ្នាំ​ដែល​មាន​ចំនួន​ដល់​ទៅ ២០០ លាន​គ្រឿង​។ សម្រាប់​ផ្ទាំង​អេ​ក្រង់​រាបស្មើ​ដែល​ជា​ប្រភេទ​អេ​ក្រង់ Liquid Crystal (LC) ក្រុមហ៊ុន LG និង JDI ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ Apple​។

អេ​ក្រង់​ប្លា​ស្ទិ​ក OLED កោង Samsung ធ្លាប់​យក​ទៅ​បំពាក់​លើ Galaxy S7 Edge ឯ OLED ប្រភេទ​កញ្ចក់​ប្រើ​សម្រាប់​បំពាក់​លើ​ផ្ទៃ​អេ​ក្រង់​រាបស្មើ​។

iPhone 8 អាច​ប្រើ​បច្ចេកវិទ្យា​សិន​ស័​រ​ទំនើប ដែល​អាច​ឲ្យ​ទូរ​សព្ទ​ឆ្លើយ​តប​និង​ដំណើរការ​មុខងារ​ជា​ច្រើន ពេល​យកដៃ​ប៉ះ​ទៅ​នឹង​ផ្នែក​ណាមួយ​ស្មា​ត​ហ្វូ​ន​។ ប៉ុន្តែ​យ៉ាងណា ប្រភព​អះអាង​ថា Apple ប្រហែល​មិន​ជ្រើសរើស​បំពាក់​បច្ចេកវិទ្យា​នេះ​លើ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​ឡើយ​។

ទោះជា​ត្រូវ​ពឹង​លើ Samsung ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​អេ​ក្រង់​កោង OLED ក្រុមហ៊ុន​ផលិត iPhone អា​មេ​រិ​ក​នេះ នឹង​ព្យាយាម​អស់​លទ្ធភាព​ការពារ​មិន​ឲ្យ​មាន​ព័ត៌មាន​លេចឮ​សំខាន់​ៗ​ទាក់ទង​នឹង iPhone 8 ឲ្យ​ដៃគូ​ប្រជែង Samsung បានដឹង​ឡើយ​៕