សារអេឡិចត្រូនិច
ទៀង ទី​នី ជា​កីឡាករ​បាល់ទាត់ ចង់​បើក​ក្លឹ​ប​បាល់ទាត់ អោយ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន


ភ្នំពេញ​: ជា​កីឡាករ​បាល់ទាត់​ដែល​មានបទពិសោធន៍​ជាង​១៦​ឆ្នាំ លោក ទៀង ទី​នី ចង់​បន្ត​អាជីព​ទាត់​បាល់ ក្នុង​អំឡុង ពេល​២​ឆ្នាំ​ទៀត លោក​នឹង​បញ្ចប់​អាជីព​នេះ ហើយ​លោក​ចង់​ក្លាយជា​គ្រូបង្វឹក​វិញ ដោយ​បំណង​របស់​លោក​នោះ​គឺ ប្រមូល​យក​យុវជន​ក្រីក្រ រួម​មាន​យុវជន​ស្ម័គ្រចិត្ត មក​បណ្តុះបណ្តាល អោយ​ក្លាយជា​កីឡាករ​បាល់ទាត់ ជៀសវាង ធ្លាក់​ក្នុង​គន្លង​ក្នុង​អំពើ​អបាយមុខ​ផ្សេង​ៗ​។

ក្នុង​រយៈពេល​១៦​ឆ្នាំ​មកនេះ លោក ទៀង ទី​នី បាន​ឆ្លងកាត់​លេង​អោយ​ក្លឹ​ប​ជា​ច្រើន មាន​ដូច​ជា ដំបូង​បំផុត​លេង​នៅ​ក្លឹ​ប មួយ​ក្នុង​ខេត្តសៀមរាប បន្ទាប់​មក​ទៀត លេង​នៅ​ក្លឹ​ប ខេមរា កីឡា និង​ភ្នំពេញ​ផាយ​អ័​រ រួច​បន្ត​ចូល ណា​ហ្គា​វើ​ល ចេញពី​នេះ ចូល ក្លឹ​ប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឹ​រ ហើយ​ពេល​នេះ ឈប់​ពី​នេះ​ហើយ​។

លោក ទៀង ទី​នី អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ និង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រូបង្វឹក​បាល់ទាត់​ដោយ​មាន​អាជ្ញាប័ណ្ណ ផង​នោះ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ខ្ញុំ​នឹង​ឈប់​លេង​បាល់ទាត់​ហើយ ហើយ​ចង់​បណ្តុះបណ្តាល ចំណេះដឹង​នេះ ទៅ​កាន់​ក្មេង​ៗ​ជំនាន់​ក្រោយ ដូច​ជា​យុវជន​ទីទាល់​ក្រ និង​រាល់​យុវជន​ណា​ដែល​ចង់ ចូលរួម​ក្នុង​វិស័យ នេះ​។

លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ប្រមូល​យក​យុវជន ទាំងនេះ​អោយ​ងាក​មក​លេង​កីឡា គឺ​ដោយសារ​បច្ចុប្បន្ន មាន​យុវជន​មួយ​ចំនួន​តូច ពួក​គេ​កំពុង​ភ្លើតភ្លើន ទៅ​សម័យកាល​បែប​ថ្មី និង​យុវជន​មួយ​ចំនួន​ទៀត បែរជា​ទៅ​សេ​ប គ្រឿង អោយ​ពួក​គេ​ចាប់​ការ​លេង​កីឡា ដើម្បី​សុខភាព វិញ​៕