សារអេឡិចត្រូនិច
ពន្យារពេល លើ​ការ​នាំ​ចេញ​អង្ករ និង​សន្លឹក​ថ្នាំជក់​ស្ងួត ដោយ​រួច​ពន្ធ​ទៅ​វៀតណាម


ភ្នំពេញ​: ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​ជូន​ផលិតករ និង​អ្នក​នាំ​ចេញ ឲ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​ពន្យារពេល ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​មុខទំនិញ​ថ្នាំជក់ និង​អង្ករ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​ក្រោម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​នោះ កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ ភាគរយ នូវ​មុខទំនិញ​ចំនួន ៣៩ បន្ទាត់​ពន្ធ​ពី​ប្រទេស​វៀតណាម​សម្រាប់​ឆ្នាំ​២០១៧​។ ការ​ពន្យារ​នោះ​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ ថ្ងៃ​ទី​៣១​ខែមករា រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​។

បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​៣១​ខែមករា​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា បងប្អូន​ផលិតករ និង​អ្នក​នាំ​ចេញ ដែល​បាន​និង​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​មុខទំនិញ​សន្លឹក​ថ្នាំជក់​ស្ងួត និង​អង្ករ ហើយ​បាន​ចុះបញ្ជី ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និង​បាន​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ឆ្នាំ​២០១៦ ឬ​ឆ្នាំ​២០១៧​មាន​បំណង នាំ​ចេញ សន្លឹក​ថ្នាំ ជក់​ស្ងួត និង​អង្ករ ទៅ​ប្រទេស​វៀតណាម​ដោយ​រួច​ពន្ធ សូម​មេត្តា​រួសរាន់​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​នាំ​ចេញ នៅ​ក្រសួងពាណិជ្ជកម្ម (​នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល​) រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៧​។

បើ​យោង​តាម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​កម្ពុជា​អាច​នាំ​បរិមាណ​អង្ករ ដែល​មាន​ប្រភព​ដើម​នៅ​កម្ពុជា ទៅ​ប្រទេស​វៀតណាម ត្រូវ​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពិសេស​អត្រា​សូន្យ​ភាព គឺ​ឆ្នាំ​២០១៦​ស្មើនឹង ៣០០.០០០​តោន ឆ្នាំ​២០១៧ ស្មើនឹង​៣០០.០០០​តោន ចំណែក​បរិមាណ​សន្លឹក​ថ្នាំជក់​ស្ងួត មាន​ប្រភព​ដើម​នៅ​កម្ពុជា ទទួល​ភាព​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពិសេស​អត្រាពន្ធ​សូន្យ​ភាគរយ ឆ្នាំ​២០១៦ ស្មើនឹង​៣.០០០​តោន ឆ្នាំ​២០១៧​ស្នើ​នឹង​៣.០០០​តោន​។ 

ជា​រៀង​រាល់​ឆ្នាំ​មុន​ថ្ងៃ​ទី​២០​ខែធ្នូ ភាគី​ទាំង​ពីរ ត្រូវ​ផ្ទៀងផ្ទាត់​ឯកសារ​សម្រាប់​មុខទំនិញ​ជាប់​កម្រិត​កំណត់​។ 

ក្នុង​ករណី​ការ​នាំ​ចេញ​នាំ​ចូល​ក្នុង​ឆ្នាំ​នីមួយ​ៗ មិន​គ្រប់​តាម​បរិមាណ​កំណត់ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាច​ផ្ញើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ស្នើ​សុំ​អនុញ្ញាត​ឲ្យ​អាជីវក​កម្ពុជា ប្រើប្រាស់​បរិមាណ​ដែល​នៅ​សល់​នៅ​ឆ្នាំ​ចាស់ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​បន្ទាប់​៕