សារអេឡិចត្រូនិច
ចុង​ស​ប្ដា​ហ៍​នេះ ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ


ចុង​ស​ប្ដា​ហ៍​នេះសូម​នាំ​ប្រិ​យ​មិត្ត​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទេសចរណ៍​មួយ​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ដើមឈើ​ស្រស់បំព្រង​រួម​ទាំង​ប្រាសាទបុរាណ​កសាង​ឡើង​តាំងពី​សតវត្ស​ទី​១១ រំលេច​បាន​នូវ​សម្រស់ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​គួរសម​អោយមក​កម្សាន្ត​ទី​នេះ​តែ​ភ្ញៀវ​ភាគច្រើន​សំបូរ​នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​។​បើ​យើង​ធ្វើ​ដំណើរ​ពី​ខេត្តតាកែវ​តាម​ផ្លូវជាតិ​លេខ​២ មក​ដល់ទី​ប្រជុំជន​ផ្សារ​ថ្នល់ទទឹង​រួច​បន្តដំណើរ​ចុះ​តាម​ផ្លូវលំ​ក្រាល​កៅស៊ូ​កាត់​ផ្សារ​សៃ​វ៉ា​ឆ្លង​កូន​បឹង​តូច​មួយ​ហើយ​ងាក​មក​ខាងជើង​បន្តិច មិនយូរ​ប៉ុន្មាន​នឹង​មក​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ​ហើយ​។

ភ្ញៀវ​អាច​ធ្វើ​ដំណើរ​គយគន់​ទេសភាព​តាំងពី​ជើង រហូត​ដល់​កំពូលភ្នំ​ដោយ​គ្រាន់តែ​ឡើង​តាម​កាំជណ្ដើ​រទាំង​៤១២​កាំ​ពី​ទិស​ខាងត្បូង​។ ភ្ញៀវ​ខ្លះ​ជួប​ការ​លំបាក​ដោយសារ​តែ​កាំជណ្ដើរ​រាង​ចោទ​បន្តិច ទោះបីជា​យ៉ាងណា​ពួក​គាត់​អាច​ដើរ​បណ្ដើរ​ឈប់​គយគន់​សម្រស់​ធម្មជាតិ​ពី​ចង្កេះភ្នំ​ដ៏​គួរ​អោយ​ទាក់ភ្នែក​ចំឡែក​អារម្មណ​។