សារអេឡិចត្រូនិច
រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ខ្សោះ​ទឹក ភ្ញៀវ​ទេសចរ​តិច


នៅ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​កំពង់ថ្ម ប្រហែលជា ១​គីឡូម៉ែត្រ មាន​រមណីយដ្ឋាន​មួយ​មានឈ្មោះ​ថា "​ស្ទឹង​ជី​និ​ត​" ពាក់កណ្ដាល​ធម្មជាតិ និង​សិប្បនិម្មិត​មួយ​កន្លែង ដែល​ធ្លាប់តែ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​កម្សាន្ត សប្បាយ​យ៉ាងច្រើន​កុះករ តែ​ពេល​នេះ​បែរ​ស្ងាត់​ទៅ​វិញ​។

កញ្ញា យឺន លាង​អ៊ី អ្នកលក់​សំបុត្រ​នៅ​រមណីយដ្ឋាន​ខាងលើ បានឱ្យ​ដឹង​ថា “​រមណីយដ្ឋាន​ឆ្នាំ​នេះ​មិនសូវ​មាន​មនុស្ស​មក​លេង​ទេ ជា​ពិសេស​នា​រដូវក្តៅ​ប៉ុន្មាន​ខែ​នេះ អាកាសធាតុ​ក្ដៅ​ខ្លាំង​ធ្វើ​ឱ្យ​ទឹកស្ទឹង​ស្រក​ខ្លាំង មិន​ហៀរ​តាម​ផ្ទាំង​ថ្ម ធ្វើ​ឱ្យ​ស្ងួត និង​ក្តៅហែង ។ បើ​ពី​ឆ្នាំ​មុន​ៗ ទឹក​ច្រើន ហើយ​ហៀរ​តាម​ផ្ទាំង​ថ្ម​ដែល​បាន​ធ្វើ​បែប​សិប្បនិម្មិត​នេះ គឺ​ស្រស់​ស្អាត ហើយ​មនុស្ស​មក​លេង​យ៉ាងច្រើន ជា​ពិសេស​ពេល​រដូវ​ភ្ជុំ មនុស្ស​ច្រើន​ស្ទើ​តែ​ដែរ​មិន​រូ​ច ” ។

អ្នកលក់​សំបុត្រ​ខាងលើ​និយាយ​ទៀត​ថា "​រមណីយដ្ឋាន​នេះ​បាន​បង្កើត​ឡើង​ជាង ១០​ឆ្នាំ​ហើយ ដោយ​មាន​កន្លែង​លេង​ទឹក កញ្ចុះ​សម្រាប់​ហូប​អាហារ ពោង​លេង​ទឹក អាវ​ពោង ទូក​ទា​ជិះ​លេង​ផ្សេង​ៗ​។ ចំណែក​សំបុត្រ​វិញ តម្លៃ ១ ០០០៛ ក្នុង​មនុស្ស​ម្នាក់ ហើយ​ក្មេង​តូច​ៗ មិន​យក​លុយ​ទេ ”​។