សារអេឡិចត្រូនិច
រឿង​ខ្លី​៖ ដើម​ផ្លែ​ប៉ោម​ចំណាស់


មាន​ដើម​ផ្លែ​ប៉ោម​ចំណាស់​មួយ​ដើម វា​ចាស់​ពេក​ណាស់​ទៅ​ហើយ ដូច្នេះ​វា​លែង​ផ្តល់​ផ្លែផ្កា​អោយ ម្ចាស់​ចំការ​ជា​យូរណាស់​មក​ហើយ​។ វា​អាច​ត្រឹមតែ​ផ្តល់​ជា​ជំរក​ដល់​សត្វ​ដូច​ជា​ចាប កណ្តូប និង​កុក និង​ធ្វើ​ជា​ម្លប់​ដល់​ម្ចាស់​ចំការ​តែ​ប៉ុណ្ណោះ​។

ថ្ងៃមួយ​, បុរស​ម្ចាស់​ចំការ​ក៏​បាន​សំរេចចិត្ត​ថា​នឹង​កាប់​ដើម​នោះ​ចោល ព្រោះ​គាត់​គិត​ថា​វា​លែង​មាន​ប្រយោជន៍​អ្វី​ទាំងអស់​ទៅ​ហើយ​។ លើស​ពី​នេះ​, គាត់​ចង់​យក​ដើម​នោះ​ទៅ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ ព្រោះថា​ដើម​នេះ​វា​នៅ​រឹង​មាំ​ល្អ​ណាស់​។

គិត​រួច​គាត់​ក៏​បាន​យក​ពូថៅ​ដ៏​មុត​មួ​យមក​កាប់​នៅ​ត្រង់​គល់​របស់​ដើមឈើ​នោះ​។ នៅ​ពេល​ដែល​លឺ​សំលេង​កាប់​ដើមឈើ ធ្វើ​អោយ​ផ្អើល​អស់សត្វ​ដែល​រស់នៅ​លើ​ដើមឈើ​នោះ​។ ពួក​គេ​ក៏​បាន​ចេញពី​ក្នុង​សំបុក ហើយ​រត់​មក​សុំ​អង្វរក​ដល់​បុរស​ជា​ម្ចាស់​ចំការ​ដើម្បី​បញ្ឈប់​ការ​កាប់​របស់​គាត់ ដោយ​ពួក​គេ​បាន​និយាយ​ទៅ​កាន់​បុរស​ថា «​សូម​លោក​ឈប់​កាប់​ដើម​ប៉ោម​ដ៏​ចំណាស់​នេះ​ទៀត​ទៅ ពួក​យើងខ្ញុំ​សុំ​អង្វរ​លោក​។ ទុក​ជីវិត​ដើមឈើ​នេះ​ផង​។ វា​គឺជា​ផ្ទះ​របស់​ពួក​យើង​»​។

ប៉ុន្តែ​បុរស​ម្ចាស់​ចំការ​មិន​ទទួល​ការ​អង្វរក​របស់​សត្វ​ទាំងនោះ​ឡើយ បុរស​នៅ​តែ​បន្ត​ការ​កាប់​របស់​គាត់​ដដែល​។ «​ពួក​យើង​សុំ​សន្យា​ថា​នឹង​ច្រៀង​ជូន​លោក​ស្តាប់​រាល់ពេល​រសៀល នៅ​ពេល​ដែល​លោក​ធ្វើការ​ហត់នឿយ​។ វា​នឹង​អាច​សម្រាល​កិច្ចការ​របស់​អ្នក​បាន​» ពួក​សត្វ​ទាំងនេះ​នៅ​តែ​ខំប្រឹង​អង្វរ​ម្ចាស់​ចំការ​។

ប៉ុន្តែ​សម្រែក​អង្វរក​ហែរ​ហម​ជាមួយ​ការ​យំយែក​របស់​ពួក​គេ​គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ​។ បុរស​ម្ចាស់​ចំការ​នៅ​តែ​បន្ត​ដោយ ការ​ផ្តោតអារម្មណ៍​របស់​គាត់​ទៅ​លើ​ការ​កាប់​ដើមឈើ ហើយ​មិន​រវល់​នឹង​ពាក្យ​អង្វរក​ទេ​។

គាត់​ប្រញាប់ប្រញាល់​ដើម្បី​អោយ​ឆាប់​ហើយ​នៅ​រសៀល​នេះ​។ នៅ​ពេល​ដែល​គាត់​កាប់​មួយ​ពូថៅ​ទៀត​, ស្រាប់តែ​គាត់​ប្រទះ​ភ្នែក​នឹង​ប្រហោង​មួយ ដែល​នៅ​ក្នុង​នោះ​មាន​សំបុក​ឃ្មុំ​យ៉ាង​ធំ​។ គាត់​ខិត​ទៅ​ជិត​ប្រហោង​នោះ គាត់​លាន់មាត់​ថា «​យី​សុទ្ធតែ​ទឹកឃ្មុំ​» មិន​អ​ង្អ​ង់​យូរ​គាត់​ក៏​បាន​លូកដៃ​យក​ទឹកឃ្មុំ​មក​ភ្លក្ស «​ឆ្ងាញ់​មែន​» គាត់​ភ្ញាក់ផ្អើល​នឹង​រសជាតិ​ទឹកឃ្មុំ​។

រំពេច​នោះ​បុរស​ក៏​ភ្ញាក់ខ្លួន ហើយ​ការ​គិត​របស់​គាត់​ដែល​ថា​ដើមឈើ​នេះ លែង​មាន​ប្រយោជន៍​នោះ​បាន​ប្រែ​ផ្ទុយ​ទាំងស្រុង​។ នៅ​ក្នុង​ប្រហោង​នោះ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​សត្វ​ឃ្មុំ​។ ហើយ​ប្រសិនបើ​គាត់​យក​ទឹកឃ្មុំ​ចេញ​ឥលូវ​នេះ​, សត្វ​ឃ្មុំ​នឹង​ធ្វើ​វា​កាន់តែ​ច្រើន​។ ពួក​វា​ពិតជា​មិន​បោះបង់​ចោល​សំបុក​របស់​វា​ទេ​។

គិត​ហើយ​បុរស​ម្ចាស់​ចំការ​ក៏​បាន​ស្រែក​ប្រាប់​ទៅ​ពួក​សត្វ​ដែល​រស់នៅ​ខាងលើ​ថា « អ្នក​ទាំងអស់​គ្នា​អើយ​! ខ្ញុំ​នឹង​ទុក​ជីវិត​ដើមឈើ​នេះ​បន្ត​ទៀត​។ អ្នក​អាច​រស់នៅ​ដោយ​មាន​ក្តី​សុខ​ជាមួយនឹង​គ្នា​របស់​អ្នក​ចុះ​ណា​»​។

សត្វ​ចាប និង​សត្វ​ផ្សេង​ៗ​ទៀត​ដែល​កំពុង​យំ​ស្រែក​នោះ ក៏​បាន​ធូរចិត្ត​ឡើង​វិញ​។ សត្វ​កុក​ក៏​បាន​ពោល​ទាំង​ក្តី​រីករាយ​ថា «​ប្រសើរ​ណាស់​ដែល​ម្ចាស់​ចំការ​បាន រក​ឃើញ​នូវ​ប្រយោជន៍​នៃ​ដើមឈើ​នេះ​។ ចាប់ពី​ពេល​នេះ​តទៅ​យើង​អាច​រស់នៅ​ដោយ​សុខសាន្ត​ហើយ ពួក​យើង​មិន​ខ្លាច​អត់​ជំរក​ទៀត​ទេ​»៕