សារអេឡិចត្រូនិច
ស្គាល់​នំ​នេះ​ទេ? នំ​នេះ មាន​ប្រវត្តិ​កំណើត​កម្សត់​ណាស់​!!!


នំគ្រក់ មាន​រសជាតិ​ឆ្ងាញ់ ដែល​នរណា​ៗ​ក៏​ទទួលស្គាល់​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ពី​ប្រវត្តិ​កំណើត​របស់​វា​ទេ? តោះ​! អាន​ទាំងអស់​គ្នា ៖

កាលពីដើម​ឡើយ មាន​គូស្នេហ៍​មួយគូ​បាន​ស្បថសច្ចា​ជាមួយនឹង​គ្នា ទោះបី​មាន​ឧបសគ្គ​រារាំង​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​មិន​បែក​ពី​គ្នា​ដាច់ខាត​។ មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មានការ​សច្ចា​បែប​នេះ ក៏​ព្រោះ​បុរស​នោះ​ជា​កូន​អ្នកស្រែ​ចម្ការ ចំណែក​ខាង​ស្រី​វិញ​ជា​កូនលោក​មេឃុំ​មាន​ឋានៈ​ស្ដុកស្ដម្ភ​នោះ​ឯង​។

   ក្រោយមក​ខាង​ប្រុស​គេ​ខំ​សន្សំ​ប្រាក់​បាន​មួយ​ចំនួន ក៏​ទៅ​ស្ដីដណ្ដឹង​កូនក្រមុំ​លោក​មេឃុំ តែ​ត្រូវ​លោក​មេឃុំ​បដិសេធ​។ មិន​ត្រឹមតែ​មិន​លើក​ឲ្យ លោក​មេឃុំ​ថែម​ទាំង​បញ្ជូន​កូនចៅ​ឲ្យ​ទៅ​វាយ​ធ្វើបាប​បុរស​នោះ​ទៀត​ផង​។ ក្រោយមក​ក្ដី​សង្ឃឹម​របស់​គេ​ក៏​រលាយ​អស់ ដោយសារ​លោក​មេឃុំ លើក​កូនស្រី​ឲ្យ​ទៅ​បាឡាត់ស្រុក​។ ថ្ងៃ​រៀប​ការ លោក​មេឃុំ​បាន​រៀបចំ​អន្ទាក់​ជីករណ្ដៅ​កប់​ចម្រូង​ចាំ​សម្លាប់​បុរស​នោះ តែ​ត្រូវ​កូនស្រី​លួច​ស្ដាប់​ឮ នាង​ក៏​លួចរ​ត់ទៅ​ប្រាប់​សង្សារ​។ តែ​អនិច្ចារ​នាង​បែរជា​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ឪពុក​ខ្លួនឯង​។ ពេល​ឃើញ​នារី​ជាទី​ស្រឡាញ់​ធ្លាក់​ស្លាប់​នៅ​ចំពោះ​មុខ​បែប​នេះ បុរស​នោះ​ក៏​លោត​ទៅ​តាម​ក្រោយ​ស្លាប់​ទាំង​ពីរ​តែ​ម្ដង​។ ក្រោយ​ពេល​អ្នកស្រុក​ដឹង​ឮ​រឿង​នេះ ពួក​គេ​ក៏​នាំ​គ្នា​ធ្វើ​នំ​មួយ​ចំហៀង​ម្ដង​ៗ រួច​ផ្គុំ​ចូល​គ្នា​ដើម្បី​រំលឹក​ដល់​គូស្នេហ៍​ដ៏​កម្សត់​ដែល​សច្ចា​ថា​មិន​បែក​គ្នា​នោះ​៕