សារអេឡិចត្រូនិច
រឿង​ខ្លី​៖ ក្រោយ​បែក​គ្នា


មាន​សង្សារ​មួយគូ​បាន​បែក​គ្នា​ជិត ១​ឆ្នាំ​មក​ហើយ​។ ពួក​គេ​កំពុង​ដើរ​លើ​វី​ថី​រៀង​ៗ​ខ្លួន អនុស្សាវរីយ៍​ទាំងឡាយ​ដែល​ធ្លាប់​មាន​កន្លង​មក ពួក​គេ​ព្យាយាម​បំភ្លេច​ចោល​ទាំងស្រុង​។ ពួក​គេ​ចាប់​យក​ពេលវេលា​រវល់​ដាក់​តែ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ធ្លាប់​ព្យាយាម​សាកល្បង​មាន​ស្នេហា​ថ្មី​នោះ​ទេ ពួក​គេ​គិត​ថា​ពួក​គេ​អាច​បំភ្លេច​គ្នា​បាន​ទាំងស្រុង​បាន​ហើយ នេះ​ក៏​ដោយសារ​តែ​កាលវិភាគ​ការងារ​ដ៏​មមាញឹក ទើប​ធ្វើ​អោយ​ពួក​គេ គ្មាន​ពេល​គិតដល់​រឿង​អតីតកាល​។

ថ្ងៃមួយ​, នារី​បាន​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​តែ​ម្នាក់ឯង ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សំរាក​។ នាង​មិន​ដែល​ភ្លេច​រសជាតិ​កាហ្វេ​ដើម​ដែល​នាង​ចូល​ចិត្ត​នោះ​ទេ​។ កំពុង​តែ​ស្លុង​អារម្មណ៍​គិតដល់​រឿង​អ្វីមួយ​មិនដឹង​, ស្រាប់តែ​នាង​ភ្ញាក់​ព្រឺ​ត​ដូច​មាន​អ្វី​ចាប់​កន្ត្រាក់​នាង​។ សំលេង​បុរស​ម្នាក់​បាន​ឈរ​កុម្ម៉ង់​កាហ្វេ​ដែល​មាន​រសជាតិ​ដូច​នាង​។ សំលេង​នោះ​គឺ​ប្រហាក់ប្រហែល​ខ្លាំង​ណាស់​។ នាង​មិន​ទាន់​ងាក​រក​មើល​ម្ចាស់​សំលេង​នោះ​ទេ​។

នៅ​ជ្រុង​ម្ខាង​ត្រង់​កន្លែង​ទទួល​ការ​កុម្ម៉ង់​របស់​ភ្ញៀវ​, បុរស​រាង​ខ្ពស់​សង្ហារ ស្លៀកខោ​ខាវ​ប៊ូ​យ​វែង ពាក់អាវ​ស​ដៃ​វែង​មូរ​ដៃ បាន​សំលឹង​មើល​នារី​ស្រស់ ដែល​អង្គុយ​ផឹក​កាហ្វេ​តែ​ម្នាក់ឯង​។ កែវភ្នែក​មុត​ថ្លា​សំលឹង​មិន​ដាក់​ភ្នែក​ចំពោះ​ស្រស់​ស្រី​។ នាង​បែរ​រក​មើល​ម្ចាស់​សំលេង​ដែល​កុម្ម៉ង់​កាហ្វេ​រសជាតិ​ដូច​នាង​។ កែវភ្នែក​ទាំង​ពីរ​ប្រសព្វ​គ្នា​, ធ្វើ​អោយ​អនុ​វស្សា​វ​រី​យ៍​ចាស់​ៗ​ទាំង​ប៉ុន្មាន​អណ្តែត​ពេញ​ខួរក្បាល​របស់​ពួក​គេ​។ ពួក​គេ​ជា​គូ​ស្នេហា​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជិត ១ ឆ្នាំ​។

អ្វី​ៗ​ដែល​ធ្លាប់​គិត​ថា​ភ្លេច​ទាំងស្រុង​នោះ​គឺ​មិន​ពិត​នោះ​ទេ​។ ពេលវេលា​ដែល​សប្បាយ​រួម​គ្នា​, ពេលវេលា​ដ៏​រ៉ូ​មែន​ទិច​, ពេលវេលា​ផ្អែម​ល្វីង​ជូរ​ចត់​, ពាក្យ​សន្ទនា​ល្អ​ៗ​ដែល​ធ្លាប់​មាន​, ទឹកភ្នែក​ដែល​ធ្លាប់​ហូរ​, ពេលវេលា​ឈ្លោះ​គ្នា និង​ថ្ងៃ​ចុង​ក្រោយ​ដែល​ស្រស់​ស្រី ប្រមូល​របស់របរ​ដើរ​ចេញពីផ្ទះ​,​។ វា​បាន​លេច​រូបរាង​ឡើង​ពេញ​ក្នុង​ខួរក្បាល​របស់​ពួក​គេ​។ អារម្មណ៍​ពេល​នោះ​ហាក់ដូចជា​យ៉ាងម៉េច​មិនដឹង​។ រីករាយ​ផ្សំ​ជាមួយនឹង​អារម្មណ៍​ខឹង ហើយ​នៅ​មាន​អារម្មណ៍​ជា​ច្រើន​ទៀត ដែល​កំពុង​ច្រាស់ច្រាល​ពេញ​ក្នុង​បេះដូង​។ បុរស​សំលឹង​កែវភ្នែក​នារី​ដោយ​ក្តី​ស្រលាញ់ និង​នឹករលឹក​។ អត់ទ្រាំ​មិន​បាន​គេ​ក៏​ដើរ​សំដៅ​មក​រក​នាង​។ នារី​ឃើញ​បែប​នេះ​បុក​ពោះ​អរ​ភើ​ត មិនដឹង​គួរ​ធ្វើ​បែប​ណា​។ បុរស​ដើរទៅ​ដល់​តុ​ដែល​នាង​អង្គុយ គេ​ដាក់​កែវ​កាហ្វេ​ចុះ ហើយ​ភ្នែក​របស់​គេ​រក្សា​លំ​នឹក​មិន​ងាករេ​នោះ​ទេ​។ នាង​មើល​មុខ​បុរស​ជាមួយនឹង​អារម្មណ៍​យ៉ាងណា​មិនដឹង​, នាង​មិនដឹង​ថា​គួរ​និយាយ​អ្វី​មុន​ទៅ​កាន់​ពួក​គេ​នោះ​ទេ​, មាន​តែ​នៅ​ស្ងៀមស្ងាត់ ទុក​អោយ​ខាង​ប្រុស​ជា​អ្នក​ផ្តើម​មុន​ទៅ​ចុះ​។

បុរស​ទាញ​កៅអី ហើយ​អង្គុយ​ចុះ​ពីមុខ​នាង​។ គេ​ចាប់ផ្តើម​ប​ន្ទឺ​រ​ជា​សំនួរ​ទៅ​កាន់​នាង​ថា​៖

បុរស​៖ តើ​អ្នកសុខ​សប្បាយ​ជា​ទេ?

នារី​៖ ខ្ញុំ​សុខ​ជា​ធម្មតា​ទេ​, ចុះ​ចំណែក​អ្នក​វិញ0? (​ឆ្លើយ​តប​ដោយ​អារម្មណ៍​ភ័យ​)

បុរស​៖ ខ្ញុំ​ក៏​សុខ​ធម្មតា​ដែរ​។ អស់​ពេល​ជា​យូរណាស់​ហើយ​ដែល​យើង​មិន​ដែល​ជួប​គ្នា​។

នារី​៖ ពិតមែន​ហើយ​, ខ្ញុំ​សង្ឃឹមថា​ជីវិត​របស់​អ្នក​នឹង​មានរឿង​ល្អ​ៗ​។

បុរស​៖ ជីវិត​ប្រែប្រួល​ហើយ​, មិន​ដូច​មុន​នោះ​ទេ​។

នារី​៖ អ្នក​ចង់​ថា​វា​មាន​តែ​រឿង​ល្អ​ៗ​មែន​ទេ? (​នារី​និយាយ​បែប​ឌឺដង​)

បុរស​៖ តើ​អ្នក​កំពុង​តែ​ព្យាយាម​បញ្ឈឺរ​ខ្ញុំ​មែន​ទេ?

នារី​៖ ទេ​ខ្ញុំ​មិន​ដែល​នោះ​ទេ​...

បុរស​៖ ចុះ​ចឹ​ង​ម៉េច​បានជា​អ្នក​និយាយ​បែប​នេះ?

នារី​៖ ខ្ញុំ​គិត​ថា​អ្នក​នៅ​ជាមួយ​ខ្ញុំ​មាន​តែ​រឿង​ឈឺចាប់​, អ្នក​ធ្លាប់​និយាយ​បែប​នេះ​។ ខ្ញុំ​គ្រាន់តែ​ចង់អោយ​អ្នក​គ្មាន​ការ​ឈឺចាប់ ហើយ​មាន​តែ​ភាព​រីករាយ​។

បុរស​៖ តើ​អ្នក​គិត​ថា​ឥលូវ​នេះ​ខ្ញុំ​រីករាយ?

នារី​៖ ស្ងាត់​មួយសន្ទុះ​... ខ្ញុំ​ម៉េច​នឹង​ដឹង​ទៅ​...

បុរស​៖ តើ​អ្នក​រីករាយ​ទេ?

នារី​៖ នៅ​ត្រឹង​សំលឹង​ទៅ​កែវ​កាហ្វេ​.... ខ្ញុំ​ព្យាយាម​ធ្វើ​អស់ពី​លទ្ធភាព​។

បុរស​៖ តើ​អ្នកមាន​នរណា​ម្នាក់​នៅ​ក្នុង​ជីវិត​ហើយ​មែន​ទេ?

នារី​៖ សួរ​ធ្វើ​អី? តើ​វា​មាន​ន័យ​អ្វី​សំរាប់​អ្នក​នៅ​ពេល​នេះ?

បុរស​៖ គ្រាន់តែ​ឆ្លើយ​ទៅ​តាម​សំនួរ​ដែល​ខ្ញុំ​សួរ​បាន​ហើយ​។

នារី​៖ វា​គ្មាន​ន័យ​អ្វី​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​អ្នក​ច្បាស់​ជា​មាន​រួច​ហើយ​។

បុរស​៖ តើ​ហេតុ​អ្វី​បាន​អ្នក​ច្បាស់លាស់​ម្ល៉េះ?

នារី​៖ ខ្ញុំ​ជួយ​ត្រេកអរ​, ប្រសិនជា​អ្នកមាន​។

បុរស​៖ (​សំលឹង​មើល​មុខ​នារី​) មើល​កែវភ្នែក​របស់ខ្ញុំ​មក ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា អ្នក​រីករាយ​ពេល​ដែល​ឃើញ​ខ្ញុំ​នៅ​ជាមួយ​អ្នក​មនុស្ស​ស្រី​ដទៃ​។

នារី​៖ (​មើល​មុខ​បុរស​) ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​នោះ​ទេ​។

បុរស​៖ ពិត​ណាស់​អ្នក​ត្រូវ​តែ​បញ្ជាក់​។ អ្នក​ត្រូវ​តែ​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា «​អ្នក​មិន​ស្រលាញ់​ខ្ញុំ​ទៀត​ទេ​»​។

នារី​៖ ខ្ញុំ​.....​មិន​ស្រលាញ់​អ្នក​ទៀត​ទេ​... (​និយាយ​ទាំង​រអាក់រអួល​)

បុរស​៖ និយាយ​ថា​អ្នក​មិន​ធ្លាប់​ដែល​នឹក​ខ្ញុំ​ទេ រយៈពេល​កន្លង​មកនេះ​។

នារី​៖ ខ្ញុំ​..... មិន​ធ្លាប់​នឹក​អ្នក​សូ​ម្បី​តែ​ម្តង ចាប់តាំងពី​យើង​បែក​គ្នា (​និយាយ​ទាំង​រលីងរលោង​ទឹកភ្នែក​)

បុរស​៖ (​បុរស​យកដៃ​ជូត​ទឹកភ្នែក​របស់​នាង​) ទាំងនេះ​គឺ​គ្រប់គ្រាន់​ហើយ​។

នារី​៖ អ្នក​ចង់បាន​ន័យ​ថា​ម៉េច?

បុរស​៖ ខ្ញុំ​ដឹង​ថា​អ្នក​នៅ​តែ​ស្រលាញ់​ខ្ញុំ ហើយ​តែងតែ​នឹក​ខ្ញុំ​ជា​និច្ច​។

នារី​៖ អ៊ីចឹង​, ហេតុ​អ្វី​បានជា​អ្នក​មិន​ធ្លាប់​ខ​ល​រក​ខ្ញុំ?

បុរស​៖ ព្រោះ​អ្នក​ចាក់​ចេញពី​ខ្ញុំ​... អោយ​ខ្ញុំ​ឯក​កោរ​...

នារី​៖ ខ្ញុំ​ចាក់ចេញ ព្រោះតែ​អ្នក​និយាយ​ថា​រស់នៅ​ជាមួយ​ខ្ញុំ​គឺជា​ក្តី​ឈឺចាប់​...

បុរស​៖ ខ្ញុំ​គ្មាន​ចេតនា​នោះ​ទេ​, ខ្ញុំ​និយាយ​វា​មក​ទាំង​ខឹង​។ តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​អ្នក​ទេ​មែន​ទេ​ថា​, រស់នៅ​ជាមួយ​អ្នក បាន​ធ្វើ​អោយ​ខ្ញុំ​ប្រែ​ក្លាយជា​មនុស្ស​ប្រុស​ល្អ? តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​អ្នក​ទេ​មែន​ទេ​ថា រស់នៅ​ជាមួយ​អ្នក ធ្វើ​អោយ​ខ្ញុំ​ក្លាយជា​មនុស្ស​ដែល​មាន​ក្តី​សុខ? តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​អ្នក​ទេ​មែន​ទេ​ថា រាល់ពេល​ដែល​យើង​ឈ្លោះ​គ្នា ធ្វើ​អោយ​ខ្ញុំ​ភ័យ​ខ្លាច​បាត់បង់​អ្នក? តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​អ្នក​ទេ​មែន​ទេ​ថា ខ្ញុំ​ចង់អោយ​អ្វី​ៗ​ដែល​ពួក​យើង​បន់ស្រន់​ក្លាយជា​ការ​ពិត? តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​ទេ​មែន​ទេ​ថា ខ្ញុំ​ចង់​រស់នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត?

នារី​៖ អ្នក​ធ្លាប់​ប្រាប់​ខ្ញុំ​... (​ទឹកភ្នែក​របស់​នាង​ដណ្តើម​គ្នា​ស្រក់​ចុះ​).. ខ្ញុំ​សុំ​ទោស​... ខ្ញុំ​ចាក​ចេញពី​អ្នក​ដោយសារ​តែ​ខឹង​ពេក​។

បុរស​៖ (​ចាប់ដៃ​នារី​)... ខ្ញុំ​សុំ​ទោស​, ខ្ញុំ​ពិតជា​សុំ​ទោស​ខ្លាំង​ណាស់ ដែល​មិន​បាន​ឃាត់​អ្នក​នៅ​ពេល​នោះ​.. ខ្ញុំ​ពិតជា​សុំ​ទោស ដែល​មិន​បាន​ទាក់ទង​ទៅ​អ្នក​ក្នុង​រយៈពេល​កន្លង​មក​, ខ្ញុំ​ពិតជា​សុំ​ទោស​ដែល​ខ្ញុំ​និយាយ​ពាក្យ​ទាំងនោះ​ចេញ​មក​.... ខ្ញុំ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់​...

បុរស​លូកដៃ​យក​ចិញ្ចៀនពេជ្រ ដែល​គេ​តែងតែ​ដាក់​តាម​ខ្លួន មក​បំពាក់​អោយ​នាង​...

នារី​៖ បើកភ្នែក​ធំ​ៗ... !!!​?​?​?

បុរស​៖ រៀប​ការ​ជាមួយ​បង​បាន​ទេ? រយៈពេល​ជិត ១​ឆ្នាំ​នេះ​, បង​ដឹង​ថា​បង​មិន​អាច​រស់​ដោយ​គ្មាន​អូន​បាន​ទេ​, បង​បាន​ព្យាយាម​រស់នៅ​ដោយ​គ្មាន​រូប​អូន​។ បង​គិត​ថា​បង​ដូច​ជា​មនុស្ស​ឆ្កួត​អ៊ីចឹង​។ បង​ធ្វើខ្លួន​អោយរ​វល់ មាន​តែ​ពេល​រវល់​ទេ ដែល​ធ្វើ​អោយ​បងអាច​ដកឃ្លា​មិន​នឹក​ដល់​អូន​។ បង​មិន​ចង់​បាត់បង់​រូប​អូន​ម្តងទៀត​បាន​ទេ​។ រៀប​ការ​នឹង​បង​បាន​ទេ? ធ្វើ​ជា​មនុស្ស​ស្រី​តែ​ម្នាក់រ​បស់បង​ជា​រៀង​រហូត​បាន​ទេ?

នារី​៖ ទឹកភ្នែក​ហូរ​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ​។ នាង​ញញឹម ហើយ​ជូត​ទឹកភ្នែក​របស់​នាង​។ រួច​និយាយ​ថា «​អូន​យល់ព្រម​!!!» អូន​ក៏​មិន​អាច​បំភ្លេច​បង​បាន​ដែរ​៕

អរគុណ​សំរាប់​ការ​អាន​អត្ថបទ​ខ្លី ហើយ​ក៏​ជូនពរ​ដល់​អ្នក​ដែល​ស្រលាញ់​គ្នា​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត ហើយ​អាច​រស់នៅ​ជាមួយ​ដល់​ចាស់​កោង​ខ្នង​៕