សារអេឡិចត្រូនិច
រឿង​អប់រំ​ខ្លី​៖ ប្រសិនបើ​អ្នក​តែងតែ​រង់ចាំ​ឳ​កាស ចូរ​អាន​អត្ថបទ​នេះ​!!!


មានរឿង​មួយ​តំណាល​ថា មាន​បុរស​ម្នាក់​បាន​លួច​ស្រលាញ់​កូនស្រី​កសិករ​ម្នាក់​។ នាង​ជានា​រី​ដ៏​ស្រស់​ស្អាត​បំផុត​ទាំង​ចរិយា និង រូបសម្បត្តិ​។ ដោយ​អត់ទ្រាំ​មិន​បាន បុរស​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​នាង ហើយ​បាន​និយាយ​ប្រាប់​ឪពុក​របស់​នាង​អំពី​សេចក្តី​ស្រលាញ់ និង សុំ​ការ​អនុញ្ញាត្តិ​ចូល​ស្តីដណ្តឹង​នាង​។

កសិករ​សំលឹង​មើល​មុខ​បុរស ហើយ​និយាយ​ទៅ​កាន់​គេ​ថា​, «​ខ្ញុំ​នឹង​អនុញ្ញាត្តិ​អោយ​ឯង​រៀប​ការ​ជាមួយ​កូនស្រី​របស់ខ្ញុំ លុះត្រា​ណា​តែឯង​អាច​បំពេញ​តាម​លក្ខ​ខ័​ណ្ឌ​របស់ខ្ញុំ​បាន​»​។

លក្ខ​ខ័​ណ្ឌ​នោះ​គឺថា​, «​ឯង​ត្រូវ​ចេញ​ទៅ​ឈរ​នៅ​ទីវាល​ខាង​មុខ​ក្រោលគោ​។ ខ្ញុំ​នឹង​ព្រ​លែងគោ​បី​ក្បាល ប៉ុន្តែ​ម្តង​មួយ​ក្បាល​ៗ ហើយ​ឯង​ត្រូវ​តែ​ចាប់​កន្ទុយគោ​អោយ​បាន មួយ​ក្បាល​ណា​ក៏​បាន​ដែរ​។ ប្រសិនបើ​ឯង​អាច​ចាប់​កន្ទុយ​គោមួយ​ណា​បាន ក្នុង​ចំណោម​គោ​ទាំង​បី​នោះ ខ្ញុំ​នឹង​អនុញ្ញាត្តិ​អោយ​ឯង​រៀប​ការ​ជាមួយ​កូនស្រី​ខ្ញុំ​»​។

បុរស​វ័យក្មេង​បាន​ចេញ​ទៅ​ឈរ​នៅ​មុខ​ក្រោលគោ ហើយ​រង់ចាំ​គោ​រត់​ចេញពី​ក្នុង​ក្រោល​។

ទ្វារ​ក្រោលគោ​ក៏​បាន​បើក ហើយ​គោ​ធំ​មួយ​ស្ទុះ​រត់​ចេញ​មក​ក្រៅ​។ បុរស​វ័យក្មេង​មិន​ធ្លាប់​ឃើញ​គោ​ណា​ដែល​ធំ​ដូច​គោមួយ​នេះ​ទេ ដូច្នេះ​គេ​ក៏​សំរេចចិត្ត​អោយ​វារ​ត់ទៅ ដោយ​មិន​ចាប់​កន្ទុយ​របស់​វា​ទេ ហើយ​រង់ចាំ​គោ​ទី​ពីរ​ចេញ​មក​ក្រៅ ក្រែងលោ​វា​តូច​ជាង​នេះ​។

ក្រោលគោ​ក៏​របើក​ជា​លើក​ទី ២​។ គោមួយ​ទៀត​ក៏​រត់​ចេញ​មក​ក្រៅ ប៉ុន្តែ​មួយ​នេះ​ធំ​ជាង​គោ​មុន​ទៅ​ទៀត ហើយ​មើលទៅ​ដូច​ជា​កាច​សាហាវ​ខ្លាំង​ណាស់​។ សារ​ជា​ថ្មី​ម្តងទៀត​បុរស​ក៏​សំរេចចិត្ត​អោយ​វា​រត់ ដោយ​មិន​ចាប់​កន្ទុយ​របស់​វា​ទេ​។ គេ​រង់ចាំ​គោ​ទី ៣ ដែល​នឹង​រត់​ចេញពី​ក្រោល​ក្រែង​ល្អ​ជាង​នេះ​។

មិនយូរ​ប៉ុន្មាន​, គោ​ទី ៣ ក៏​បាន​រត់​ចេញពី​ក្រោល​។ បុរស​ចាប់ផ្តើម​មាន​សង្ឃឹម គេ​ញញឹម ដោយ​ឃើញ​គោ​ចុង​ក្រោយ​នេះ​តូច​ល្មម ហើយ​ហាក់ដូចជា​ខ្សោយ​ជាង​គោ​មុន​ៗ ថែម​ទាំង​រត់​មិនសូវ​លឿន​ទៀត​ផង​។ បុរស​ក៏​ប្រុងប្រៀប​ខ្លួន​ដើម្បី​ចាប់​កន្ទុយគោ​នោះ​។ ពេល​ដែល​គោ​រត់​មក​ដល់ គេ​ក៏​ស្ទុះ​ទៅ​ចាប់​កន្ទុយគោ ប៉ុន្តែ​ជា​អកុសល​គោ​នោះ​គឺ​គ្មាន​កន្ទុយ​នោះ​ទេ​។

បុរស​បាត់បង់​ឳ​កាស​ក្នុង​ការ​តាម​ស្រលាញ់​កូនស្រី​របស់​កសិករ​ហើយ គេ​ដើរ​ចេញ​ទាំង​ស្តាយក្រោយ​។ គេ​គិត​ថា​ប្រសិនបើ​គេ​ព្យាយាម​ចាប់​គោ​ទី ១ ប្រហែលជា​ល្អ​។

ន័យ​អប់រំ​៖ ជីវិត​របស់​មនុស្ស​គឺ​ពោរពេញ​ទៅ​ដោយ​ឳ​កាស​។ ដូច្នេះ​ចូរ​ចាប់​ឳ​កាស​ទី ១ ដែលរ​ត់ម​ករក​អ្នក​។ កុំ​ទាន់​បដិសេធ​ឳ​កាស​នោះ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​សាកល្បង​។ ព្យាយាម​ធ្វើ​វា​អោយ​បាន​ល្អ ប្រសើរ​ជាង​ឈរ​មើល​ដោយ​មិន​បាន​សាកល្បង ហើយ​អង្គុយ​ស្តាយក្រោយ​ពេល​ដែល​វា​កន្លង​ផុត​ទៅ​៕