សារអេឡិចត្រូនិច
សណ្ឋាគារ​ចំនួន​៦​លើ​លោក​ដែលមាន​“​ខ្មោច​”​ច្រើន​បំផុត​


​សណ្ឋាគារ​ឡាន​ហា្កម​(Langham) ​នៅ​ទីក្រុង​ឡុង ឬ​សណ្ឋាគារ​ប៊ើ​ច្យាន​ទី​ (Burchianti) ​នៅ​ហ្វ្ល័រ​រេ​ន គឺជា​សណ្ឋាគារ​ពីរ ក្នុងចំណោម​សណ្ឋាគារ​ល្បី​ឈ្មោះ​ថា​មាន​“​ព្រលឹង​វិលវល់​”​ស្វាគមន៍​ភ្ញៀវ​មិនសូវ​លោះ​ពេល​សោះ​។​ ប្រសិន​អ្នក​ជា​មនុស្ស​ខ្លាច​ខ្មោច សូម​អ្នក​ស្គាល់​សណ្ឋាគារ​ទាំងនោះ​ដូចខាងក្រោម​នេះ​។

1. សណ្ឋាគារ​ឡាន​ហា្កម​(Langham) ទីក្រុង​ឡុង​, អង់គ្លេស

សណ្ឋាគារ​Langham ត្រូវបាន​ស្តេច​អេ​ដ​វើត​ទី​XII បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៨៦៥ ហើយ​ធ្លាប់​ទទួល​មនុស្ស​ល្បីៗ​ជាច្រើន​ដូច​ជា​អ្នកនិពន្ធ​លំដាប់​កំពូល​របស់​សហរដ្ឋ​អា​មេ​រិ Mark Twain ,​អ្នកនិពន្ធ​និង​កវី​អៀរ​ឡង់ Oscar Wilde និង​ Sir Arthur Conan Doyle អ្នកនិពន្ធ​ស្កុត​ឡែន ។ ទោះជា​យ៉ាងណា សណ្ឋាគារ​នេះ​ក៏​ជា​កន្លែង​ចូល​លេង​ជា​ធម្មតា​របស់​ខ្មោច​ទាំងឡាយ​។​

​រឿង​អាថ៌កំបាំង​ដែល​ត្រូវបាន​មនុស្ស​ភាគច្រើន​រំលឹក​ដល់ ទាក់ទង​នឹង​ស្រមោល​បុរស​ម្នាក់​នៅក្នុង​បន្ទប់​លេខ 333 ដែល​ហាក់បីដូចជា​លេចឡើង​តែ​នៅក្នុង​ខែ​តុលា​ប៉ុណ្ណោះ​។ ភ្ញៀវ​ផ្សេងទៀត​បាន​និយាយថា ពួកគេ​បាន​ឃើញ​បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​យោធា ឈរ​ក្បែរ​បង្អួច​នៅ​ជាន់​ទី 4 ដែល​ត្រូវបាន​គេ​ជឿ​ថា​ជា​ខ្មោច​របស់​ព្រះអង្គម្ចាស់​អាល្លឺម៉ង់​មួយ​ព្រះអង្គ​, ដែល​បាន​លោត​តាម​បង្អួច​នោះ មុន​ពេល​សង្គ្រាមលោកលើកទី​I ផ្ទុះឡើង​។ លើសពីនេះ​ទៀត​ក៏​មាន​ពាក្យ​ច​ចាម​អារាម​អំពី​ខ្មោច​នៃ​អធិរាជ Napoleon III ដែល​ជា​ភ្ញៀវ​ចាស់​របស់​សណ្ឋាគារ បង្ហាញមុខ​នៅ​បន្ទប់ក្រោមដី​របស់​សណ្ឋាគា​រ​។​
 
2 - សណ្ឋាគារ​ប៊ើ​ច្យាន​ទី (Burchianti) ក្រុង​ហ្វ្ល័រ​រេ​ន​,​អ៊ីតាលី​

សណ្ឋាគារ Burchianti ជា​កន្លែង​ដែល​មាន​ពាក្យ​ច​ចាម​អារាម​ថា​ពោរពេញ​ដោយ​ព្រលឹង​ខ្មោច តាំង​ពី​ព្រលឹង​កូន​ក្មេង​ដែល​លោត​នៅ​ក្នុង​សាល​នៃ​សណ្ឋាគារ រហូត​ដល់​ខ្មោច​ស្ត្រី​អង្គុយ​ចាក់​អំបោះ​ឡែន និង​ខ្មោច​អ្នកបំរើ​ដើរ​សម្អាត​ជា​រៀងរាល់​ព្រឹក​។ ភ្ញៀវ​មួយចំនួន​សម្រាក​នៅ​បន្ទប់​ឈ្មោះថា Fresco ជា​កន្លែង​ដែល​ជន​ផ្ដាច់ការ​បេនី​តូ មូសូ​លីនី (Benito Mussolini)​ ធ្លាប់​ស្នាក់នៅ បាន​និយាយថា​ពួកគេ​មាន​អារម្មណ៍​ថា​មាន​នរណា​ម្នាក់​កំពុង​សម្លឹង​មើល​ខ្លួន ​និង​មាន​អារម្មណ៍​ថា​ខ្យល់​ត្រជាក់​បាន​ជះ​ចំ​មុខ​របស់​ខ្លួន​។​
 
3-​សណ្ឋាគារ​រូស្សែ​ល​(Russell) ទីក្រុង​ស៊ីដនី​, អូស្ត្រាលី​

ទីនោះ​ជា​ផ្ទះសំណាក់​ចាស់​សំរាប់​នាវិក និង​ជា​សណ្ឋាគារ​ដំបូង​គេ​បង្អស់​ដែល​បាន​កសាងឡើង​នៅក្នុង​តំបន់​ The Rock, ទីក្រុង​ស៊ីដនី​។ ព្រលឹង​នាវិក​មួយរូប​ត្រូវបាន​គេ​និយាយថា​នៅ​តែ​វិលវល់​ក្នុង​បន្ទប់​សណ្ឋាគារ​លេខ 8 ។ បុគ្គលិក​ថែទាំ​បន្ទប់​បានឱ្យដឹងថា​ពួកគេ​បាន​ឮ​សំឡេង​ដើរ​លើ​កំរាល​ឥដ្ឋ​នៅ​ពាក់កណ្តាល​អាធ្រា​ត ប៉ុន្តែ​មិន​អាច​កំណត់​បាន​ថា​សំឡេង​នោះ​លាន់​ពី​ណា​មក​ទេ​។ ទោះជា​យ៉ាងណា​រឿងរ៉ាវ​ភ័យរន្ធត់​ខាងលើ​មិន​ត្រឹមតែ​មិន​បំផ្លាញ​អាជីវកម្ម​របស់ Russell​ ទេ​ផ្ទុយទៅវិញ វា​អាច​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ចង់ដឹង​ចង់​ឃើញ​ពី​សណ្ឋាគារ​នេះ​។​
 
4-​សណ្ឋាគារ​ហូលីវូដ រូ​សើ​វែល​(Hollywood Roosevelt) សហរដ្ឋអាមេរិក​

កំពូល​តារា​ម៉ា​រី​លីន ម៉ុន​រ៉ូ​(Marilyn Monroe) ធ្លាប់ធ្វើ​ជា​ភ្ញៀវ​នៅ​សណ្ឋាគារ​នេះ ដែល​ជា​កន្លែង​ដំបូង​គេ​ប្រារព្ធ​ពិធី​ប្រគល់​ពានរង្វាន់ Academy (​អូ​ស្កា​) 1929 ។ ភ្ញៀវ​ និង​បុគ្គលិក​បាន​និយាយថា​ពួកគេ​បាន​ឃើញ​ស្ត្រី​សក់​ព៌ណ​ទង់​ដែង​លេច​ក្នុង​កញ្ចក់​វែង​នៃ​បន្ទប់​ដែល​Monroe ធ្លាប់​ស្នាក់នៅ​។ មាន​ច​ចាម​អារាម​ថា​មានព្រលឹង បង្ហាញ​ខ្លួន​នៅ​អាង​ហែល​ទឹក​នៃ​ក្លឹប​រាត្រី​Tropicana ដែល​ស្ថិត​នៅក្នុង​សណ្ឋាគារ​នេះ​។ ទន្ទឹមនឹងនោះ​ដែរ មាន​មនុស្ស​មួយចំនួន​បាន​ជួប​ខ្មោច​របស់​តារា​ម៉ុង​ហ្កូ​មែ​រី ក្លី​ហ្វ​(Montgomery Clift) កំពុង​ផ្លុំ​ត្រុំ​ប៉ែត​ពី​បន្ទប់​លេខ 928 ដែល​ជា​កន្លែង​គាត់​ធ្លាប់​ស្នាក់នៅ​។​
 
5-​សណ្ឋាគារ​ហែម​សៀ​(Hampshire) អង់គ្លេស​

​ផ្ទះសំណាក់​ដ៏​ចាស់​នេះ​ត្រូវបាន​កសាងឡើង​នៅក្នុង​ឆ្នាំ 1795 ហើយ​ត្រូវបាន​គេ​និយាយថា​វិញ្ញាណ​របស់​ស្ត្រី​អ្នកបំរើ​ម្នាក់​ដែល​ស្លាប់​ក្នុង​បន្ទប់​លេខ 22 បាន​លង​។ គេ​បាន​និយាយ​ថា​ខ្មោច​នាង​អង្គុយ​លើ​គែម​គ្រែ​ឬ​ដើរ​ចុះ​ឡើង​នៅ​របៀង​ខាងក្រៅ​។ មានព្រលឹង​ចំនួន​បី​ត្រូវ​បាន​គេ​និយាយថា​នៅ​វិលវល់​ជុំវិញ​សណ្ឋាគារ​នេះ​។​
 
6-​សណ្ឋាគារ​ក្លឹប​នៃ​កោះ Jekyll, ជក​ជៀ​(Georgia), សហរដ្ឋអាមេរិក​

សណ្ឋាគារ​ប្រណីត​នៅ Georgia មួយ​នេះ ធ្លាប់​ជា​ផ្នែក​មួយ​នៃ​សមាជិក​ផ្តាច់មុខ​ក្នុង​ក្លិប Georgia នា​ចុងឆ្នាំ​1800 ដែល​ជា​ទីស្នាក់អាស្រ័យរ​បស់​ជនជាតិ​អាមេរិក​ដែល​មាន​ទ្រព្យសម្បត្តិ​ល្បីៗ​។ អ្នក​ហិរញ្ញវត្ថុ JP Morgan ដែល​ត្រូវបាន​ស្គាល់​ថា​ជា​អ្នក​ដែល​ជក់បារី​ស៊ី​ហ្កា​នៅ​ម៉ោង​៥​ភ្លឺ​រៀងរាល់​ថ្ងៃ​នោះ​គឺជា​ភ្ញៀវ​មួយរូប​ក្នុង​ចំណោម​នោះ​។​
​ភ្ញៀវ​ដែល​ទៅកាន់​សណ្ឋាគារ​ក្លឹប​កោះ Jekyll ថ្មីៗ​នេះ បានឱ្យដឹង​ថា​ពួកគេ​បាន​ធុំក្លិន​ស៊ី​ហ្កា នៅ​ពេលវេលា​ស្រដៀង​គ្នា​ជា​រៀងរាល់​ព្រឹក​។ មេ​ធំ​ខាង​ផ្លូវ​ដែក​គឺ​លោក​សាមូ​អែល ស្ពែន​ស៊ើ ក៏​ជា​សមាជិក​នៃ​ក្លឹប​មួយ​នេះ​ដែរ​។ ស្ពែន​ស៊ើរ​បាន​ស្លាប់​នៅ​ឆ្នាំ 1906 ប៉ុន្តែ​គេ​ជឿ​ថា​គាត់​បាន​ទៅលេង​បន្ទប់​សំណព្វចិត្ត​របស់គាត់​ដើម្បី​ផឹក​កាហ្វេ​និង​អាន​កាសែត​ពេលព្រឹក​៕