សារអេឡិចត្រូនិច
លើកឡើង​ពី​ស្នាដៃ​ធំធេង ក្នុងពេល​ប្រារព្ធ​ខួប ៥ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​


កណ្តាល:  នា​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៤ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប នៃ​ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការ​រដ្ឋា​ន​អង្គរក្ស (​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០០៩ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៤)​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បន្ទាយ​សុវត្ថិភាព​ទួល​ក្រសាំង ក្រុង​តាខ្មៅ ស្ថិតក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។

ទន្ទឹម​នោះដែរ ក៏មាន​វត្តមាន​ចូលរួម​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ រដ្ឋលេខា អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​តំណាង​ស្ថានទូត​សេនានុព័ន្ធ​យោធា​នានា ប្រចាំ​នៅ​កម្ពុជា​យ៉ាងច្រើន​កុះករ ។​
 
​ឧ​ត្ត​ម​សេនីយ៍​ឯក ឌៀង សារុន មេបញ្ជាការរង​កងទ័ព​ជើងគោគ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស បានធ្វើ​របាយការណ៍​ស្វាគមន៍ ដោយ​គូសបញ្ជាក់ថា បញ្ជាការដ្ឋាន​អង្គរក្ស​ជា​អង្គភាព ដែល​បាន​បង្កើត​ចេញពី​វរ​´​សេនា​តូច​លេខ ២៤៦ រហូតមកដល់​បច្ចុប្បន្ន មាន​អាយុកាល ៥​ឆ្នាំ គិតពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០០៩ ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៤ ។

​ក្នុង​រយៈពេល​៥​ឆ្នាំនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​បំពេញ​តួនាទី​ភារកិច្ច​យ៉ាងសកម្ម​ក្នុង​ការងារ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី នៅ​តំបន់​ទិស​ប្រា​សទ​ព្រះវិហារ ការងារ​កា​ពារ​សន្តិសុខ សុវត្ថិភាព ស្ថេរភាព​នយោបាយ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ការពារ​ឥស្សរជន​ជាន់ខ្ពស់​ជាតិ អន្តរជាតិ និង​លើ​ការងារ​កសាង​ក្នុង​មូលដ្ឋាន​ជា​គ្រឹះ​បង្អែក សំដៅ​កសាង​កម្លាំង​ធនធានមនុស្ស​ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព​បាន​យ៉ាង​ល្អ​សមរម្យ ពិសេស​បាន​ចូលរួម​ការការពារ​ស​ន្តិ​សុខ សុវត្ថិភាព  និង​ភាព​សុខដុម​រម្យ​នា ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

​ទន្ទឹម​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រដ្ឋា​ន​អង្គរក្ស មាន​ប្រសា​ន៍​លើកឡើង​ពី​ការរីកចម្រើន​នៅក្នុង​អង្គភាព​ថា បញ្ជាការដ្ឋាន​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ហ្វឹកហ្វឺន​លើកកម្ពស់ ពង្រឹងសមត្ថភាព​កង​ទ័ព និង​ការកសាង​ជ​ម្រុំ​បន្ទាយ មាន​ចំនួន ៤ កន្លែង ដែល​មួយកន្លែងៗ​បាន​ចំណាយ​ថវិកា អស់​ជាច្រើន​លាន​ដុល្លារ ក្នុងនោះ​គឺ​នៅ​ក្រុង​តាខ្មៅ ២ កន្លែង និង​រាជធានី​ភ្នំពេញ ១ កន្លែង និង​ទីបញ្ជាការ​ស្រាល​នៅ​ទិស​ប្រាសាទព្រះវិហារ ១ កន្លែង បាន​ធានា​រាល់​ការ​ស្នាក់នៅ​របស់​កងទ័ព និង​ទុកដាក់​សម្ភារៈ​អាវុធ​យុ​ធ​ភ័​ណ្ឌ​បាន​យ៉ាង​ល្អ​ទៀតផង ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មានប្រសាសន៍​បន្ថែមថា សំដៅ​លើកកម្ពស់​សមត្ថ​ភាព និង​ពូតផ្តុំ​ប្រមូល​ធនធានមនុស្ស​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស បានរៀបចំ​កសាង​ម​ជ្ឈ​ម​ណ្ឌ​ហ្វឹកហ្វឺន និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ ប៊ុនរ៉ានី ហ៊ុន សែន ក្រាំងចេក នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្រៅពី​ការងារ​ស្នូល បញ្ជាការដ្ឋាន​អង្គរក្ស​នៅបាន​ចូលរួម​ធ្វើជា​សេនាធិការ​កាកបាតក្រហម​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រោះមហន្តរាយ និង​ធ្វើជា​កម្លាំង​ស្នូល​នៅក្នុង​ការអន្តរាគមន៍ ចុះជួយ​ប្រជាពលរដ្ឋ​ដែលមាន​ការលំបាក​ខ្វះខាត ដូចជា ជួយ​ភ្ជួរ​រាស់​ការដក​ស្ទូង និង​បូមទឹក សង្គ្រោះ​សំណាប សន្ទូង របស់​ប្រជាកសិករ​ដែល​ជួប​គ្រោះមហន្តរាយ រាំងស្ងួត និង​ទឹកជំនន់​ជាដើម ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ មានប្រសាសន៍​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករ​ដេ្ឋ​មន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ បាន​ថ្លែង​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល និង​សមិទ្ធផល​នានា ក៏ដូចជា កិច្ចខិតខំ​ពុះពារ​ទាំងឡាយ​របស់​នា​យ​ទាហាន និង​ពលទាហាន នៃ​បញ្ជាការ​អង្គរក្ស​ដែល​សម្រេចបាន​គួរ​ជាទី​មោទន នាពេល​កន្លងមកនេះ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ចាត់ទុកថា ទាំងនេះ​គឺជា​ការចូលរួមចំណែក​នៅក្នុង​កិច្ច​កសាង អភិវឌ្ឍន៍​ជាតិ​និង​កិច្ច​ការពារជាតិ មាតុភូមិ ស្របតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ការឆ្លើយតប​តាម​អនុសាសន៍ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ។

ទន្ទឹម​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានផ្តល់​ការលើកទឹកចិត្ត ដោយបាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស រួមមាន អង្ករ​, មី​, ត្រីខកំប៉ុង និង​ថវិកា​សម្រាប់​ចូលរួម​កសាង​បញ្ជាការដ្ឋាន​អង្គរក្ស​ជាច្រើន​ទៀត ។​

​សូមបញ្ជាក់ថា នៅក្នុង​អង្គពិធី​ក៏មាន​រៀបចំ​ក្បួន​ព្យុះ​ហយា​ត្រា ចំនួន ២៣ ផែន គឺ​ផែន​កង​អនុសា​នា​ធំ ការពារ​ផ្ទាល់ ផែន​ដើរ​ស្នើរ​របស់​ក្រុម​គ្រូ​យោធា​ចា​រ្យ នៃ​មជ្ឈមណ្ឌល ហ្វឹកហ្វឺន កម្ពុជា​ឥ​ណ្តូ​នេ​ស៊ី​ក្រាំងចេក ផែន​ដើរ​ស្មើរ​របស់​បញ្ជាការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ផែន​កង​អន្តរាគមន៍​លេខ​២១០ ផែន​កង​អន្តរាគមន៍​លេខ ៣១១ ផែន​កង​អន្តរាគមន៍​ប្រឆាំង​ភេរវកម្ម ផែន​រាវរក​ជាតិ​ផ្ទុះ ផែន​កង​អន្តរាគមន៍​បង្ក្រាប​បាតុកម្ម ផែន​ប្រដាប់​ដោយ​អាវុធ​បាញ់​ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ ផែន​កង​អន្តរាគមន៍​លេខ​២៤៦ ផែន​កងអនុសេនាធំ ជើង​ទឹក ផែន​កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការ​អភិវឌ្ឍន៍ និង​សង្គម ផែន​កង​អន្តរាគមន៍​រថក្រោះ រថពាសដែក ផែន​គ្រឿងចក្រ​មាន​រថយន្ត តាំង​អាវុធ ការពារ​អាកាស ផែន​អាវុធ​គាំទ្រ​ធន់​ធ្ងន់​ប្រភេទ​បេ​អ៊ឹម ២១ ផែន​ម៉ាស៊ីនបូមទឹក និង​ផែន​សិល្បៈ និង​កីឡា ផងដែរ ៕