សារអេឡិចត្រូនិច
វាយ​ប្រហារ​នានា ​នៅ​អ៊ីរ៉ាក់​ស្លាប់ ៨​នាក់​


យោង​តាម​ប៉ូលិស​ថា ជន​អត្ត​ឃាត​ម្នាក់​បាន​សម្លាប់​មនុស្ស​៥​នាក់ និង​ធ្វើ​ឱ្យ​របួស​១២០​នាក់​ទៀត នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ទី​១១ មីនា ខណៈ​មនុស្ស​៣​នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ការ​វាយ​ប្រហារ​២​ផ្សេង​ទៀត​នៅ​ភាគ​កណ្តាល​អ៊ីរ៉ាក់ ។ ជន​អត្ត​ឃាត​មា្នក់​បាន​ធ្វើ​ឱ្យ​រថ​យន្ត​​ដឹក​គ្រឿង​​ផ្ទុះ​របស់​គេ​ផ្ទុះ​ជិត​ទី​ស្នាក់​ការ​ប៉ូលិស​មួយ​នៅ​ទីក្រុង​ អាល់​ដឺ​ប៊ីស ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤៥​គីឡូ​ម៉ែត្រ​ ភាគ​ពាយ័ព្យ​​ក្រុង​គៀរ​គុក​ សម្លាប់​មនុស្ស​៥​នាក់​ហើយ​មនុស្ស​១២០​នាក់​ទៀត​ត្រូវ​របួស ។ អ្នក​ស្លាប់​៣នាក់​ជា​ប៉ូលិស ហើយ​អ្នក​របួស​៦៥​នាក់​ជា​សិស្ស​សាលា​មធ្យម​សិក្សា​មួយ ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កម្ទេច​ទីស្នាក់​ការ​ប៉ូលិស ព្រម​ទាំង​សាលារៀន​ និង​អគារ​រដ្ឋ​មួយ ។

ក្នុង​ឧប្បត្តិ​ហេតុ​មួយ​ទៀត ជន​ស៊ី​វិល​២​នាក់​បាន​ត្រូវ​បាញ់​សម្លាប់​ដោយ​ពួក​ជន​ប្រដាប់​​អាវុធ​​ដែល​ប្រើ​កាំ​ភ្លើង​ខ្ទប់​សំឡេង​ក្នុង​តំបន់​សាប៊ី​ អាល់​បួរ​ ភាគ​ខាង​ជើង​ក្រុង​បា​ដាដ ។ ចំណែ​ក​នៅ​ខេត្ត​ឌី​យ៉ា​ឡា​ ពួក​ជន​ប្រដាប់​អាវុធ​ជិះ​ម៉ូតូ​​បាន​បាញ់​សម្លាប់​ជាង​ដែក​​ម្នាក់​នៅ​ជិត​ក្រុង​បា​គូ​បា ចម្ងាយ​ប្រមាណ​ជា​៦៥​គីឡូ​ម៉ែត្រ​ ភាគ​ឦ​សាន​​ក្រុង​បាដាដ ៕