សារអេឡិចត្រូនិច
ថាក់ ស៊ីន ​ទូរស័ព្ទ​ចូល​នៅ​ ពេល​បក្ខពួក​នយោបាយ​ថៃ ​ជួបប្រជុំ​និយាយ​អំពី​ច្បាប់ ​លើកលែងទោស


នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​បាន​បញ្ជា​អោយ​គណបក្ស​ភឿ​ថៃ​ជំរុញ​អោយ​​ចេញ​ច្បាប់​លើកលែង​ទោស​មួយ ​ដើម្បី​បង្ការ​កុំ​អោយ​ពួក​អាវ​ក្រហម​បោះបង់​ចោល​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​គណបក្ស​។​ យោងតាម​ប្រភព​គណបក្ស​ភឿ​ថៃ ថាក់ ស៊ីន ​បាន​ចេញ​បញ្ជា​តាមរយៈ​បណ្តាញ​ Skype​ ទៅកាន់​គណៈកម្មាធិការ​សម្រប​សម​ម្រួ​ល​របស់​គណបក្ស​ កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ថាក់ ស៊ីន ​បាន​និយាយថា​ រដ្ឋាភិបាល ​និង​គណបក្ស​ភឿ​ថៃ​បាន​ធ្វើ​ការសម្របសម្រួល​ជា​ច្រើន​ជាមួយ​​គូប្រឆាំង រួម​មាន​ពួកយោធា​និង​អាមាត្យ ដែល​មិន​ព្រម​ផ្សះផ្សារ​ជាមួយ​គណបក្ស​កាន់អំណាច​។​ សភាពការណ៍​នាំ​ដល់​ការបែក បាក់​​រវាង​គណបក្ស​កាន់​អំណាច ​និង​បក្ខពួក​ខ្លះ​ក្នុង​ក្រុម​អាវ​ក្រហម​ដែល​បាន​ជួយ​អោយ​ខ្លួន​បាន​កាន់​អំណាច​។​

​ជា​លទ្ធផល លោក​ថាក់ ស៊ីន ​បាន​បញ្ជា​អោយ​គណបក្ស​ភឿ​ថៃ ​ខិតខំ​ជំរុញ​អោយ​ចេញ​ច្បាប់​ស្តីពី​ការលើកលែង​ទោស​មួយ​ដើម្បី​ស​​បញ្ជាក់​ដល់​ពួក​អាវ​ក្រហម​ដែល​បាន​ទទួល​រងគ្រោះ ​ពី​ព្រឹត្តិការណ៍​នយោបាយ​កាលពី​អតីតកាល​ថា​គណបក្ស​មិន​មែន​មិន​អើពើ​ពួកគេ​​ និង​ដើម្បី​រក្សា​ការគាំទ្រ​របស់​ពួកគេ​។​

​តែ​ទោះជា​យ៉ាងណា​លោក​បាន​ណែនាំ​អោយ​ភឿ​ថៃ​ មាន​ការប្រុងប្រយ័ត្ន​នៅ​ក្នុង​ការជំរុញ​ច្បាប់​នេះ ​ដើម្បី​កុំអោយ​មាន​ប្រតិកម្ម​ណា​​មួយ​ដោយសារតែ​ច្បាប់​មាន​បំណង​ជួយ​លោក​ និង​ពួក​មេដឹកនាំ​ក្រុម​អាវ​ក្រហម​។​

​ក្នុងពេល​ជាមួយគ្នា អនុប្រធាន​សភា​លោក​ចារឺន ចាន់កូ​ម៉ុល​ បាន​និយាយថា​លោក​នឹង​នៅតែ​ព្យាយាម​ពន្យល់​បញ្ចុះបញ្ចូល​គូប្រឆាំង​​អោយ​មក​ជួបជុំ​ពិភាក្សា​អំពី​ពង្រាងច្បាប់​លើកលែងទោស​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ចារឺន ​បាន​ជួបប្រជុំ​ជាមួយ​តំណា​ង​ភាគី​៥​ក្នុងចំណោម​ភាគី​១១​ ដែល​លោក​បាន​អញ្ជើញ​មក​ជួបជុំ​ពិភាក្សា​។ ​ពួក​​គេ​រួមមាន​តំណាង​គណបក្ស​ភឿ​ថៃ ក្រុម​អាវ​ក្រហម យោធា សហគ្រិន​ និង​ក្រុម​ម៉ា​ត​ជី​ម៉ា​ នៃ​គណបក្ស​ភូម​ចៃ​ថៃ​។​

​ភាគី​ដែល​មិន​បាន​មក​ចូលរួម រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ ក្រុម​អាវ​លឿង ក្រុម​Pitak Siam ក្រុម​អាវ​ចំរុះ​ពណ៌ គណៈ​កម្មា​ធិ​​ការស្វែងរក​ការពិត​និង​ពួក​មន្ត្រី​រដ្ឋាភិបាល​ដែល​រង​ផល​ប៉ះពាល់​ពី​ចលាចល​នយោបាយ​៕