អ៊ីរ៉ង់ និងប៉ាគីស្ថាន សម្ពោធ ការដ្ឋានសង់បំពង់បង្ហូរឧស្ម័ន ផ្គើននឹងទណ្ឌកម្មរបស់អាមេរិក
ថ្ងៃ អង្គារ ទី ១២ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១១:៤០
មេដឹកនាំអ៊ីរ៉ង់ និង ប៉ាគីស្ថាន កាលពីថ្ងៃចន្ទទី ១១ មីនា បានសម្ពោធការដ្ឋានសាងសង់ផ្នែកនៃបំពង់បង្ហូរឧស្ម័នតម្លៃ ៧,៥ ពាន់លានដុល្លារ ដែលត្រូវបានពន្យារពេលជាយូរមកហើយ ដែលភ្ជាប់ប្រទេសជិតខាងទាំងពីរ ដោយប្រឆាំងទៅនឹងការគំរាមកំហែងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។
ប្រធានាធិបតី លោក ម៉ាសម៉ូដ អាម៉ាឌីនេចាត បានចាប់ផ្តើមគម្រោងខាងលើជាមួយសមភាគីប៉ាគីស្ថានរបស់លោក គឺ លោក អាស៊ីហ្វ អាលី ហ្សាដារី នៅពិធីមួយតាមព្រំដែន ដោយជំទាស់ទៅនឹងទណ្ឌកម្មរបស់អាមេរិកមកលើវិស័យប្រេង និងឧស្ម័នរបស់ប្រទេសខ្លួន ។
មេដឹកនាំទាំងពីរបានបង្ហាញផ្ទាំងចារឹកមួយមុនពេលចាប់ដៃគ្នា និងធ្វើការបួងសួងឲ្យបញ្ចប់ដោយជោគជ័យនូវគម្រោងខាងលើ ដែលពាក់ព័ន្ធនឹងផ្នែកនៃបំពង់បង្ហូរប្រវែង ៧៨០ គីឡូម៉ែត្រនៅខាងភាគីប៉ាគីស្ថាន ដែលគេរំពឹងថានឹងចំណាយអស់ប្រមាណ ១,៥ ពាន់លានដុល្លារ។
មេដឹកនាំទាំងពីរបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា "ការបញ្ចប់បំពង់បង្ហូរឧស្ម័ននេះ គឺដើម្បីប្រយោជន៍សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ... វាក៏នឹងពង្រឹងផងដែរនូវទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៃប្រទេសទាំងពីរ" ។
លោកអាម៉ាឌីនេចាត បានទទួលស្គាល់ការពិតថា ការងារលើផ្នែកថ្មីនៃបំពង់បង្ហូរឧស្ម័ននេះនឹងបន្តប្រព្រឹត្តទៅ ថ្វីបើមានការដាក់ចេញនូវទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងវិស័យប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួនក៏ដោយ ។
លោកអាម៉ាឌីនេចាត បាននិយាយថា "បំពង់បង្ហូរហ្គាសនេះគឺជាការបង្ហាញការតស៊ូប្រឆាំងនឹងប្រទេសមហាអំណាច ។ មានប្រទេសមួយចំនួនដែលប្រឆាំងនឹងការរីកចម្រើនរបស់ប្រជាជន ហើយដូចនេះពួកគេកំពុងតែប្រើប្រាស់បញ្ហានុយក្លេអ៊ែរដើម្បីជាលេសរារាំងការអភិវឌ្ឍរបស់ប្រទេសទាំងនោះ" ៕