សារអេឡិចត្រូនិច
ជនសង្ស័យ ​ក្នុងការ​ចាប់រំលោភ ​នៅ​ក្រុង​ញូវដេល្លី​ចងកសម្លាប់ខ្លួន ឬក៏ត្រូវគេធ្វើឃាត?


ជនសង្ស័យ​ដ៏​សំខាន់​ក្នុង​ការចាប់រំលោភ​បូក​ ដែល​បណ្តាលអោយ​ស្លាប់​និស្សិត​ម្នាក់ ​នៅលើ​រថយន្ត​ក្រុង​ នៅ​ក្រុង​ញូវដេល្លី​កាលពី​​ខែ​ធ្នូ​នោះ ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​បន្ទប់​គុក​ កាលពី​ថ្ងៃ​ចន្ទទី១១មីនា ជាហេតុ​បណ្តាល​អោយ​មាន​កំហឹង​តាំងពី​សមាជិកគ្រួសារ​ជន​រង​​គ្រោះ​ និង​គ្រួសារ​ជន​ត្រូវ​ចោទ​។​

ពួក​មន្ត្រី​គុក​បាន​និយាយថា​អ្នកបើក​រថយន្ត​ក្រុង​ឈ្មោះ​រ៉ា​ម ស៊ី​ង​បាន​ចងក​សម្លាប់ខ្លួន​ដោយ​យក​សម្លៀកបំពាក់​ធ្វើ​ជា​ខ្សែ​ចង​។​ តែ​ឪពុក​ម្តាយ​របស់​ស៊ី​ង​បាន​និយាយថា​ គ្មាន​ផ្លូវ​ដែល​កូន​របស់​ពួកគេ​អាច​ព្យាយាម​សម្លាប់​ខ្លួន​ និង​ថា​កូន ប្រុស​របស់​ពួកគេ​បាន​ប្រាប់​​ពួកគេ​ថា ​ជីវិត​របស់​ខ្លួន​ស្ថិត​ក្រោម​គ្រោះថ្នាក់ នៅពេល​មេធាវី​របស់​ជនជាប់ចោទ​បាន​និយាយថា​ការស្លាប់​នេះ​ត្រូវបាន​ចាត់ទុកជា​​ឃាតកម្ម​។​

ស៊ី​ង ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៦​នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​រង់ចាំ​ការកាត់ទោស​ពាក់ព័ន្ធ​នឹង​ការចាប់ រំលោភ​នេះ​។​ សាក​​សព​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​ព្រឹក​។​

​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​និយាយថា​"​គាត់​បាន​ចង​សម្លៀក​បំពាក់​គាត់​ទាំងអស់​ចូល​គ្នា​និង​បាន​ប្រើ​ចំរឹង​ដែក​ពិ​ដាន​ដើម្បី​ចងក​"​។​ ក្នុងពេល​ជាមួយគ្នា​ឪពុក​របស់​ជនរងគ្រោះ​២៣​ឆ្នាំ​នេះ​បាន​និយាយថា​វា​ច្បាស់​ណាស់​អាជ្ញាធរ​មានកា​រ​ធ្វេសប្រហែស​។ ​"​យើង​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​ប៉ូលិស​មិន​អាច​ការពារ រ៉ា​ម ស៊ី​ង បាន​។​ ពួកគេ​ដឹងថា​គាត់​ជា​ជនសង្ស័យ​សំខាន់​ម្នាក់ ​ក្នុង​ការចាប់រំលោភ​កូនស្រី​​របស់ខ្ញុំ​។​ ប៉ូលិស​បរាជ័យ ​និង​ខ្ញុំ​ឆ្ងល់​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​ករណី​នេះ​នៅពេល​ឥឡូវ​"​។​ ចំណែក​ម្តាយ​របស់​ស្ត្រី​រងគ្រោះ​បាន​និយាយថា​"​ខ្ញុំ​គ្រាន់តែ​ចង់បាន​យុត្តិធម៌​សំរាប់​កូនស្រី​របស់​ខ្ញុំ​"​។​

​ស៊ី​ង បាន​បង្ហាញ​មុខ​ក្នុង​តុលាការ​ជា​ញឹកញាប់ កន្លែង​ដែល​ខ្លួន​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម ចាប់រំលោភ​ និង​ចាប់ពង្រត់ ​​ចំពោះ​បទឧក្រិដ្ឋ​មួយ ​ដែល​បាន​បណ្តាលអោយ​មាន​ការ​ប្រឆាំង​តវ៉ា​តាម​ដងផ្លូវ​នៅ​ឥណ្ឌា​។​

​បុរស​៤​នាក់​ទៀត​ដែល​ក៏​ជាប់ចោទ​ក្នុង​បទល្មើស​នេះ ប្រឈម​ទោស​ប្រហារជីវិត បើសិន​ជា​ត្រូវ​កាត់ទោស​ដោយ​តុលាការ​ពិសេស​​មួយ​។​ ពួកគេ​ទាំងអស់​បាន​បដិសេធ​មិន​ព្រមឆ្លើយ​ទទួលកំហុស​ទេ​។​ ជនសង្ស័យ​ទី​៦​អាយុ​១៧​ឆ្នាំ​កំពុង​ត្រូវបាន​វិនិច្ឆ័យ​ទោស​នៅ​តុលាការ​សំរាប់​យុវវ័យ និង​ប្រឈម​ការជាប់គុក​ច្រើន​បំផុត​៣​ឆ្នាំ​។​

​ក្នុងពេល​ជាមួយគ្នា​មេធាវី​របស់​រ៉ា​ម ស៊ី​ង​បានទាមទារ​អោយ​មាន​ការស៊ើបអង្កេត​ការស្លាប់​របស់​កូនក្តី​របស់​ខ្លួន​ពីព្រោះ​លោក​យល់​​ថា​វា​ជា​ករណី​ឃាតកម្ម​៕