សារអេឡិចត្រូនិច
ប៉ាគីស្ថាន ​៖ ផ្ទះ​ពួក​គ្រឹស្ត​ជាង ​១០០​ខ្នង ​ត្រូវ​ពួក​អ៊ិ​ស្លាម​​ដុត​ក្រោយ​ជម្លោះ​មួយ​


ប៉ូលិស​និងសាក្សី​ទាំង​ឡាយ​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​១០ មីនា ​ថា​ជម្លោះ​​មួយ​ខាង​សាសនា​​​​រវាង​ជន​កាន់​សាសនា​គ្រឹស្ត​ម្នាក់​និង​ជន​កាន់​សាសនា​អ៊ិ​ស្លាម​ម្នាក់​ដែល​ស្រវឹង​ស្រា​ជោគ​​ដូចគ្នា​ញុំាង​ឱ្យ​ផ្ទុះ​ការ​បះ​បោរ​មួយ​កាល​ពីថ្ងៃ​ទី​៩ មីនា ​កន្លងមក​នេះ​​ដោយ​ពួក​អ៊ិ​ស្លាម​បាន​នាំ​គ្នា​ដុត​ផ្ទះ​ពួក​គ្រឹស្តអស់​ជាង​១០០​ខ្នង ​នៅ​ភាគ​ខាង​កើតប៉ា​គីស្ថាន ​។

ការ​បះបោរនេះ​ជា​សញ្ញា​មួយ​ថែម​ទៀត​នៃ​ភាពតាន​តឹង​ខាងសាសនា ​ដែល​កើត​មាន​នៅ​បាគីស្ថាន​ដែល​ពលរ​ដ្ឋ​ជាង​៩៥​%​ជា​អ្នក​​កាន់​សាសនា​អ៊ិស្លាម​ ។ ​នៅប្រទេស​នេះ​​រលក​​​នៃការ​វាយ​ប្រហារ​ភេវ​កម្ម​ប្រឆាំង​ពួក​អ៊ិស្លាម​ស៊ី​អ៊ីត ​(មាន​២០%​នៃប្រជា​ជន​ ) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៥០​នាក់​ រួច​ហើយ​ក្នុងឆ្នាំ​២០១៣​នេះ​​ដែល​នោះ​ជា​រឿង​គួរ​ឱ្យ​​ព្រួយ​បារម្ភ​ខណៈ​ជិត​ដល់​​ការ​បោះ​ឆ្នោត​ទូ​ទៅ​គ្រោង​ធ្វើ​នា​ខែ​ឧសភា​ខាង​មុខ​​ ។

ពួក​អ៊ិស្លាម​ជាង ​៣.០០០​នាក់ ​ដែល​មាន​កំហឹង​បាន​លុក​ទន្ទ្រាន​ហើយ​​បំផ្លាញ​​សង្កាត់​គ្រឹស្ត​JOSEPH COLONY នៅទីក្រុង​ឡា​ហ័រ ​ជា​ទី​ក្រុង​​ធំ​មួយ​នៅ​ភាគ​​ខាងកើត​ប្រទេស​ក្រោយ​ការ​​ចាប់​ខ្លួន​បុរស​គ្រឹស្ត​ម្នាក់​ទទួល​ការ​ចោទ​ប្រកាន់​​កាលពី​​៣​ថ្ងៃ​មុននេះ​ថា ​​បាន​ប្រើ​ពាក្យ​ប្រមាថ​នានា​ប្រឆាំង​ព្រះ​មហា​ម៉ាត់ ​។ ​ប៉ូលិស​ក្រុង​ឡា​ហ័រ​ទី​ប្រជុំ​​ខេត្ត​បញ្ចាប​​ គូស​បញ្ជាក់​ថា ​បាន​ចាប់​​ខ្លួន​មនុស្ស​ជាង​៦០​នាក់​សង្ស័យ​ថា ​ចូល​រួម​ក្នុង​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​៩ មីនា ​រួច​អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ខេត្ត​សន្យា​ឱ្យ​មាន​ការ​​កាត់​ទោស​ដោយ​តុលា​​ការ​ប្រឆាំង​ភេរវ​កម្ម​ចំពោះ​ពួក​បះ​បោរ ។

បុរស​គ្រឹស្ត​ឈ្មោះ​សាវ៉ាន ​ម៉ា​ស៊ីហ៍ ​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨ មីនា ​ក្រោយ​ទទួល​ការ​ចោទ​ប្រកាន់​​ពី​​​បុរស​ឈ្មោះ​សាហ៊ីដ ​អ៊ីម​រ៉ាន ​​ជន​​អ៊ិ​ស្លាម​​ម្នាក់​​ជា​មិត្ត​ភក្តិ​គ្នា​ថា​ប្រមាថ​ដល់​ព្រះ​មហា​ម៉ាត់ ។ ​ពួក​គ្រឹស្ត​​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ ​ខ្លាច​ការ​សង​សឹក​របស់​ពួក​អ៊ិ​ស្លាម​មូល​ដ្ឋាន​ ។ ​បុរស​ទាំង​ ២​នាក់​​ជា​មិត្ត​នឹងគ្នា​បាន​ផឹក​ស្រា​ស្រវឹង​​កាលពី​ថ្ងៃ​ទី​៦ មីនា ​កន្លងមក​នេះ ​ពេល​​កើត​មានការ​ឈ្លោះ​ទាស់​ទែង​គ្នា​ខាង​សាសនា ​។ ​ការ​ផឹក​ស្រា​ជា​ផ្លូវ​ការ​ត្រូវ​ហាម​ឃាត់​ចំពោះ​ពួក​អ៊ិ​ស្លាម​នៅ​ប៉ា​គីស្ថាន ​។

​អ្នក​នាំ​ពាក្យ​ម្នាក់​របស់ ​ប៉ូលិស​ខេត្ត​បញ្ចាប ​លោក​ស្រី​ណា​ប៊ីឡា ​ហ្គា​ហ្សាន​ហ្វា​​ប្រកាស​ថា ​​អ្នក​ទទួស​ខុសត្រូវ​​ជាន់ខ្ពស់ ​៤​នាក់​​នៃ​​ប៉ូលិស​ខេត្ត​ត្រូវ​ដក​ហូត​តំណែង​មក​ពីការ​ធ្វេស​ប្រហែស​​ដោយ​ពុំ​អាច​រា​រាំង​ការ​បះ​បោរ​នោះ​បាន ។ ដោយ​ចង់​សម្រាល​រឿង​នេះ​អាជ្ញា​ធរ​ខេត្ត​​បញ្ចាប​ប្រកាស​ថា ​បណ្តា​ជន​រង​គ្រោះ​នឹង​ទទួល​ការ​ចេញ​សង​ការ​ខូច​ខាត​​ក្នុងម្នាក់​ៗ​ចំនួន​២០០.០០០​រូពី ​(​ប្រមាណ​១.៦០០​អឺរ៉ូ​) ហើយ​​អាជ្ញា​ធរ​នឹង​ចេញ​ប្រាក់​សម្រាប់​ការ​កសាង​ផ្ទះ​ឡើង​វិញ ៕​