សារអេឡិចត្រូនិច
បោះ​ប្រជា​មតិ​ លើ​លក្ខន្តិកៈ​​ កោះ​ម៉ាល់​វី​ណាស់​


ការ​បោះ​ប្រជា​មតិ​លើ​លក្ខ​ន្តិ​កៈ​នយោ​បាយ​នៃ​ប្រជុំ​កោះ​​ម៉ាល់​វីណាស់ ដែល​អង់​គ្លេស​ហៅ​ប្រជុំ​កោះ​ ហ្វ័រ​​ឡែន ចាប់​ផ្តើម​ធ្វើ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​១០ មីនា ហើយ​មាន​រយៈ​ពេល​២​ថ្ងៃ ។ យោង​តាម​កាសែត​ក្នុង​ស្រុក​ THE PENGUIN NEWS ថា​ក្នុង​ចំណោម​ប្រជា​ជន​នៃ​ប្រជុំ​កោះ​នោះ​២.៩៣២​នាក់ មាន​១.៦៤៩​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ប្រជា​មតិ​​នោះ ។ ការ​ជ្រើស​រើស​របស់​ប្រជា​ជន​ប្រជុំ​កោះ​នេះ គឺ​ងាយ និង​ច្បាស់​ តើ​ចង់​ឱ្យ​ប្រជុំ​កោះ ហ្វ័រ​ឡែន រក្សា​លក្ខ​ន្តិ​កៈ​​នយោបាយ​បច្ចុប្បន្ន​ ក្នុង​ឋានៈ​ជា​​ដែន​ដី​នាយ​សមុទ្រ​របស់​អង់​គ្លេស​ទៀត​​ឬ​យ៉ាង​ណា ?

ការ​បោះ​​ប្រជា​មតិ​នោះ ចាត់​ទុក​ថា​ខុស​ច្បាប់​ ដោយ​រដ្ឋា​ភិបាល​អាហ្សង់​ទីន​ ធ្វើ​ឡើង​ពេល​មាន​ភាព​អាប់​អួ​នៃ​ទំនាក់​ទំនង​រវាង​អាហ្សង់​ទីន​ និង​អង់​គ្លេស​ ខណៈ​ដែល​អង់​គ្លេស​ចាប់​ផ្តើម​ធ្វើ​ប្រតិ​បត្តិ​ការ​បូម​យក​ប្រេង​ និង​ឧស្ម័ន​ក្នុង​ដែន​ទឹក​នៃ​ប្រជុំ​កោះ​នោះ​ជា​ការ​ជ្រើស​រើស​មួយ​ថ្កោល​ទោស​ដោយ​ក្រុង​ប៊ុយ​ណូ​​ស៊ែ ។ ប្រទេស​អាហ្សង់​ទីន​ទទួល​ការ​គាំ​ទ្រ​ដោយ​ទូលំ​ទូលាយ​ជា​អន្តរ​ជាតិ​ចំពោះ​ ការ​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​ខាង​ការ​ទូត​ ​យោង​តាម​ដំណោះ​ស្រាយ​​​​នានា​របស់​អ.​ស​.ប. ​ទាក់​ទិន​ដល់​​អធិប​តេយ្យ​ភាព​ដែន​ដី​នៃ​ប្រជុំ​កោះ​ដែល​​មាន​ជម្លោះ​​នោះ ៕