សារអេឡិចត្រូនិច
ក្មេងប្រុស​អាយុ ៨ ឆ្នាំ​រៀបការ ​ជាមួយ​ស្ត្រី​អាយុ ៦១ ឆ្នាំ តាម​ការពន្យល់​ស​ប្តិ​ របស់​ព្រលឹង​ជីតា​


ក្មេងប្រុស​សិស្សសាលា​អាយុ ៨ ម្នាក់​បាន​រៀបការ​ជាមួយ​ស្ត្រី​អាយុ ៦១ ឆ្នាំ​ព្រោះ​ព្រលឹង​បុព្វបុរស​របស់ខ្លួន​បាន​ប្រាប់​ដល់​កុមារា​រូបនេះ ។ ក្មេងប្រុស​ឈ្មោះ សា​នេ​ឡេ ម៉ា​ស៊ី​ឡេ​ឡា បាន​រៀបការ​ជាមួយ​អ្នកស្រី ហេ​លេន សាបាន​ហ្គូ ដែល​ធ្លាប់បាន​រៀបការ និង ជា​ម្តាយកូន​ប្រាំ​រួចទៅហើយ ។​

​ក្មេងប្រុស​មកពី​ទីក្រុង​ស្វា​នេ (Tshwane) ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង​រូបនេះ បាន​និយាយថា ខ្លួន​ត្រូវបាន​បុព្វបុរស​ស្លាប់ទៅ​ប្រាប់​ឲ្យ​រៀបការ ហើយ​គ្រួសារ​របស់ខ្លួន​ដែល​ភ័យខ្លាច​កម្ម​ពៀរ​របស់​បុព្វបុរស ក៏បាន​ចំណាយលុយ​រៀបចំ​អាពាហ៍ពិពាហ៍​នេះ​ឡើង ។​

​ពួកគេ​បានចេញ​លុយ​ឲ្យ​កូនក្រមុំ​ចំនួន ៥០០ ផោន (៧៤៥,៧៥ ដុល្លារ​) និង ចំនួន ១.០០០ ផោន (១.៤៩១,៥ ដុល្លារ​) ទៀត សម្រាប់​ថ្ងៃ​រៀបការ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុងពេល​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ ។​

​ស្លៀកពាក់​ក្នុង​ឈុត​ពណ៌​ទឹកប្រាក់​ដ៏​តូច និង ក្រវ៉ាត់​កបូ ក្មេងប្រុស​សេ​នេ​ឡេ​ដ៏​តូច ដែលជា​កូនពៅ​ក្នុងចំណោម​កូន​ប្រាំ​នាក់​រូបនេះ​បាន​ពាក់ចិញ្ចៀន​ឲ្យ​គ្នា​នៅ​ចំពោះមុខ​ភ្ញៀវ​ចំនួន ១០០ នាក់ និង​ថែមទាំង​បឺត​មាត់​គ្នា​ទៀតផង ។​

​រឿងនេះ​បានធ្វើ​ឲ្យ​សហគមន៍​មានការ​ភ្ញាក់ផ្អើល​រួចទៅហើយ ប៉ុន្តែ​គ្រួសារ​របស់​ក្មេងប្រុស​នេះ​បាន​ចេញមក​ការពារ​ពិធី​នេះ​ដោយ​និយាយថា វា​គ្រាន់តែ​ជា​ពិធី​សាសនា​មួយ​ប៉ុណ្ណោះ ហើយ​មិនមែនជា​ការព្រមព្រៀង​ខុសច្បាប់​នោះទេ ។​

ម្តាយ​វ័យ ៤៦ ឆ្នាំ​របស់​ក្មេងប្រុស​សេ​នេ​ឡេ គឺ​អ្នកស្រី ផេ​សិន ម៉ា​ស៊ី​ឡេ​ឡា បាន​និយាយថា "​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​រឿងនេះ​បាន​កើតឡើង​ក្នុង​គ្រួសារ​នេះ ។ សេ​នេ​ឡេ​ត្រូវបាន​ដាក់ឈ្មោះ​តាម​ជីតា​របស់​វា ដែល​មិន​ធ្លាប់បាន​រៀបការ​តាមបែប​អឺរ៉ុប​មុនពេល​គាត់​ស្លាប់ ដូច្នេះ​ក៏​ប្រាប់​ឲ្យ​សេ​នេ​ឡេ​រៀបការ ។ សេ​នេ​ឡេ​បាន​ជ្រើស​យក​អ្នកស្រី​ហេ​លេន​ព្រោះ​ក្មេង​នេះ​ស្រឡាញ់​រូបគាត់​" ។​

​អ្នកស្រី​បន្តថា "​ធ្វើបែបនេះ យើង​នឹងធ្វើ​ឲ្យ​បុព្វបុរស​សប្បាយចិត្ត ។ ប្រសិនបើ​យើង​មិន​ធ្វើ​អ្វីដែល​កូនប្រុស​ខ្ញុំ​បានស្នើ​សុំ​ទេនោះ នឹង​មានរឿង​អាក្រក់​កើតឡើង​ក្នុង​គ្រួសារ​នេះ​ជាមិនខាន​" ៕