សារអេឡិចត្រូនិច
បក្សប្រឆាំង​មី​យ៉ាន់​ម៉ា តែងតាំង អ៊ុង សាន ស៊ូ​ជី ជា​មេដឹកនាំ​


គណបក្ស​ប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា ​កាលពី​ថ្ងៃអាទិត្យ ​បាន​តែងតាំង​ជា​ថ្មី ជ័យលាភី​ណូបែល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី​ អោយ​​ធ្វើជា​ប្រធាន​បក្ស​ នៅពេល​គណបក្ស​សម្លឹងរ​ក​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​សកល​នា​ឆ្នាំ ​២០១៥​។​

​ប្រភព​គណបក្ស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អាអេ​ហ្វ​ប៉េ​ថា អតីត​អ្នកទោសនយោបាយ​រូបនេះ ត្រូវបាន​គណៈកម្មាធិកា​រ​កណ្តាល​ដែល​មាន​សមាជិក​ ១២០​រូប​ ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន​គណបក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​(NLD)​។​

​ក្នុង​សមាជ​បក្ស​ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ លោកស្រី​ស៊ូ​ជី​ បាន​ទទូច​អោយ​គណបក្ស​ប្រឆាំង​របស់​លោកស្រី   ​"​ចាប់​យក​ឱកាស​"​នៅ​ពេល​ខ្លួន​ត្រៀមខ្លួន​សំរាប់​អ្វី​ជា​ជោគជ័យ​ធំ​មួយ​សំរាប់​ NLD​ ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៥ ប្រសិនបើ​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​​ដោយ​យុត្តិធម៌​ និង​សេរី​នោះ​។​

លោកស្រី​បាន​ប្រាប់​ពួក​ប្រតិភូ​ដែល​ចូលរួម​អង្គប្រជុំ​ថា​"​សំរាប់​ជា​ប្រយោជន៍​ជាតិ យើង​គួរ​មាន​ឯកភាព​និង​ភារតរ​ភាព​។​ខ្ញុំ​ចង់​សុំ​អ្នក​​រាល់គ្នា​កុំអោយ​អារម្មណ៍​ផ្ទាល់ខ្លួន​ធ្វើ​អោយ​ស្ទះ​អនាគត​របស់​ប្រទេសជាតិ​"៕