សារអេឡិចត្រូនិច
ទាហានថែរក្សា​សន្តិភាព ​អង្គការសហប្រជាជាតិ ​ត្រូវបាន​ដោះលែង​ និង​ទៅ​ដល់​អា​ម៉ង់​


អង្គការសហប្រជាជាតិ​បាន​ស្វាគមន៍​ការដោះលែង​កាលពី​ថ្ងៃ​សៅរ៍ ​នូវ​ទាហាន​ថែរក្សា​សន្តិភាព​សញ្ជាតិ​ហ្វីលីពីន​ចំនួន​២១​នាក់ដែល​ត្រូវបាន​ពួក​ឧទ្ទាម​ស៊ី​រី​ចាប់​នៅ​តំបន់​ខ្ពង់រាប​ Golan Heights នៅ​ពេល​ពួកគេ​ឆ្លងកាត់​មក​កាន់​តំបន់​មាន​សេរីភាព​នៅ​ហ្សកដានី​​ក្រោយ​ត្រូវ​បាន​ចាប់​ឃាត់​ទុក​អស់​ ៣​ថ្ងៃ​។​

​អាជ្ញាធរ​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​សម្តែង​ការធូរស្រាល​អារម្មណ៍​ និង​ស្វាគមន៍​នៅពេល​ទទួល​ព័ត៌មាន​ដែល​ថា​សមាជិក​ក្រុម​អ្នកសង្កេតការណ៍​អង្គការសហប្រជាជាតិ​នេះ​បាន​ទៅដល់​ទីក្រុង​អា​ម៉ង់ របស់​ហ្សកដានី​។​

​នាយទាហាន​ហ្សកដានី​ម្នាក់​ បាន​និយាយថា​ពួក​ទាហាន​ថែរក្សា​សន្តិភាព​ទាំង​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​ឆ្មាំ​ព្រំដែន​នៅ​ពេល​ពួក​​គេ​ឆ្លង​មក​ពី​ស៊ី​រី​និង​ត្រូវ​បាន​ពិនិត្យ​សុខភាព​។​ ពួកគេ​បន្ទាប់មក​ត្រូវបាន​ដឹក​ទៅ​កាន់​ទីក្រុង​អា​ម៉ង់​មុន​ពេល​ប្រគល់​អោយ​តំណាង​​អង្គការ​សហប្រជាជាតិ​នៅ​ទីនោះ​។​

​ទាហាន​ទាំងនេះ​ជា​សមាជិក​ក្រុម​សង្កេតការណ៍​ UNDOF ​ដែល​មាន​ភារកិច្ច​ត្រួត​មើល​ខ្សែបន្ទាត់​ផ្អាក​សង្គ្រាម​រវាង​ស៊ី​រី​និង​​អ៊ីស្រាអែល​ក្រោយ​សង្គ្រាម​អារ៉ាប់​-​អ៊ីស្រាអែល​ឆ្នាំ​១៩៧៣​។ ​ពួកគេ​ត្រូវបាន​ពួក​ឧទ្ទាម​ស៊ី​រី​ចាប់ខ្លួន​នៅ​ជិត​ខ្សែបន្ទាត់​ដើម្បី​ជា​ថ្នូរ​នឹង​ការទាមទារ​អោយ​ទាហាន​ស៊ី​រី​ដកចេញ​ចម្ងាយ​ ២០​គីឡូម៉ែត្រ ​ពី​តំបន់​ចាម​ឡា​និង​ការចាកចេញ​របស់​ជន​ស៊ីវិល​ពី​តំបន់​នេះ​ដោយ​សុវត្ថិភាព​៕