សារអេឡិចត្រូនិច
ឡើង​ប្រឆាំង​​ លើ​ដងសន្ទូច ​ដើម្បី​បាន​ជួប​ចៅ


ជីដូន​សញ្ជាតិ​អាមេរិក​ម្នាក់​បាន​ធ្វើដំណើ​រ​ពី​រដ្ឋ​ខុន​ណិតធិ​កិត ​ទៅ​បារាំង ​និង​បាន​ឡើង​លើ​កំពូល​ដងសន្ទូច​មួយ​នៅ​ទីនោះ​កាលពី​ថ្ងៃ​សៅរិ៍ ​ដើម្បី​ប្រឆាំង​នឹង​ការ​មិន​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​មើល​ចៅស្រី​អាយុ​ ៦​ឆ្នាំ​ដែល​ឪពុក​របស់​នាង​ត្រូវបាន​ចោទប្រកាន់​ថា​រំលោភ​លើ​ក្មេងស្រី​នេះ​។​

​វា​ជា​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​ចុងក្រោយ​មួយ​នៃ​ឪពុកម្តាយ​ដែល​ចែក​ផ្លូវ​គ្នា​បាន​ឡើង​លើ​ដងសន្ទូច​នៅ​ពាសពេញ​ប្រទេស​បារាំង​​ដើម្បី​តវ៉ា​អំពី​ការ​មិន​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ជួប​កូនៗ​របស់​ពួកគេ​។

​លោកយាយ April Reiss អាយុ​៧០​ឆ្នាំ បាន​និយាយថា​តុលាការ​បារាំង​មួយ ​បាន​បញ្ជា​អោយ​ម្តាយ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ច នៃ​ចៅស្រី​​របស់​គាត់​អនុញ្ញាតអោយ​លោកយាយ​ទៅ​លេង​ចៅ​រាល់ថ្ងៃ​ចន្លោះ​ពី​ថ្ងៃ​២៣​កុម្ភៈ ​ដល់​១០​មីនា​តែ​កូនប្រសារ​ស្រី​ដែល​កំពុង​រស់នៅ​​បារាំង​មិន​អនុវត្តតាម​។​

​លោកយាយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អាអេ​ហ្វ​ប៉េ​ថា​"​កូនប្រសារ​ស្រី​របស់​ខ្ញុំ​នាំ​យក​ចៅ​ Rose​ ពី​ខ្ញុំ​ទៅ​បាត់​ និង​តុលាការ​​មិន​ស្តាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​ស្តាប់​។ ​ប្តី​របស់​ខ្ញុំ​ឈឺ​ធ្ងន់​និង​ចង់​ជួប​មុខ​ចៅ​មុន​គាត់​ស្លាប់​"​។​

ឪពុក​របស់​Rose លោក ​Scott Alexander Reiss បាន​ឈរ​នៅ​ជិត​ដង​សន្ទូច ដោយ​ស្រែក​ជា​ភាសា​បារាំង អង់គ្លេស​និង​អា​ល្លឺ​​ម៉ង់​ថា​"​ពេល​ណា​ខ្ញុំ​ជួប​កូនស្រី​ Ardèche Rose​។​

​សូម​រំលឹក​ថា នៅ​ពីរ​បី​សប្តាហ៍​មក​នេះ មាន​ឪពុក​ជាច្រើន​បាន​ឡើង​ប្រឆាំង​តវ៉ា​លើ​ដងសន្ទូច​ខ្ពស់ៗ ដោយ​ក្នុង​ករណី​ខ្លះ​បាន​ចោទ​ប្រ​​កាន់​ចៅក្រម​ថា​លម្អៀង​ទៅ​ខាង​ម្តាយ​នៅ​ក្នុង​បណ្តឹង​លែងលះ​។​ កាលពី​ថ្ងៃ​សុក្រ បុរស​ម្នាក់​បាន​ឡើង​អាគារ ​Paris’s Pompidou Centre ​និង​ចុះ​មក​វិញ​បន្ទាប់ពី​បាន​ការសន្យា​អោយ​ជួប​អ្នក​ន​យោ​​បាយ​មូលដ្ឋាន​ម្នាក់​។​

April Reiss​ បាន​ធ្វើដំណើរ​ទៅ​បារាំង​ដោយ​មាន​ការ​អមដំណើរ​ដោយ​លោក ​Nicolas Moreno​ ដែល​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​​បី​សប្តាហ៍​កាលពី​ឆ្នាំមុន ដើម្បី​ទាមទារ​ជួប​កូនប្រុស​ ២​នាក់​ដែល​រស់នៅ​ជាមួយ​ម្តាយ​របស់​ពួកគេ​នៅ​តំបន់​ឡង់​ដេស​។​

​កាលពី​ខែ​កុម្ភៈ​ Moreno ​បាន​ចូលរួម​ជាមួយ​ឪពុក​ម្នាក់ទៀត​ឈ្មោះ ​Serge Charney ដោយ​ពួកគេ​បាន​ឡើង​លើ​ដង​សន្ទូ​ចអស់ ​៣​ថ្ងៃ​ដើម្បី​ទទួលបាន​សិទ្ធិ​ចូល​ជួប​កូន​៕