សារអេឡិចត្រូនិច
លោក​ចន ប្រេន​ណាន​ ត្រូវ​ព្រឹទ្ធ​សភា​សម្រេច​​ ឱ្យ​ធ្វើ​ប្រមុខ​ CIA


ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុ​ម័ត​ កាល​ពី​​ថ្ងៃ​ទី​៧ មីនា ដោយ​៦៣​សំឡេង​គាំ​ទ្រ និង​៣៤​សំឡេង​​ប្រឆាំង​លើ​ការ​តែង​តាំង​លោក​ចន ប្រេន​ណាន​ជា​ប្រមុខ​ថ្មី​របស់​ភ្នាក់​ងារ​ចារ​កម្ម​អាមេរិក​ CIA ។ក្រោយ​ការ​អនុ​ម័ត​របស់​ព្រឹទ្ធ​សភា​លោក​ប្រេន​ណាន​នឹង​ឡើង​ជំនួស​តំណែង​លោក​ MIKE MORRELL ជា​ប្រមុខ​ CIA បណ្តោះ​អាសន្ន​ ក្រោយ​ការ​សុំ​លា​លែង​របស់​ឧត្តម​សេនីយ៍​ DA -VID PETROEUS ដោយ​សារ​រឿង​​អាស្រូវ​​លួច​មាន​ស្រី​ថ្មី​មក ។

ការ​អនុ​ម័ត​លើការ​តែង​តាំង​លោក​ប្រេន​ណាន​ជា​ប្រមុខ​ CIA ធ្វើ​ឡើង​ ក្រោយ​ការ​ឡើង​ថ្លែង​យ៉ាង​យូរ​របស់​ព្រឹទ្ធ​សមា​ជិក​គណបក្ស​សា​ធារណ​រដ្ឋ​ លោក​ RAND PAUL អូស​បន្លាយ​ពេល​ដល់​ជិត​១៣​ម៉ោង ដែល​ចប់​ក្រោយ​ពាក់​កណ្តាល​យប់ ។ លោក​ PAUL ដែល​មាន​ការ​ព្រួយ​បារម្ភ​​លើ​ភាព​មិន​ច្បាស់​លាស់​ជុំ​វិញ​លទ្ធ​ភាព​របស់​រដ្ឋា​ភិបាល​អាមេរិក​ប្រើ​ប្រាស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ដើម្បី​សម្លាប់​ជន​ជាតិ​អា​មេរិក​លើ​ដែន​ដី​របស់​ខ្លួ​ន​ផ្ទាល់​ឆ្លៀត​ឆក់​យក​បែប​បទ​ដែល​ចែង​ថា បណ្តា​វា​គ្មិន​អាច​និយាយ​យូរ​ប៉ុណ្ណា​ក៏​បាន ដើម្បី​កាន់​ក្បាល​មីក្រូ​និយាយ​ដល់​ជិត​១៣​ម៉ោង​ប៉ង​ពន្យារ​ពេល​ដល់​ការ​បោះ​ឆ្នោត​អនុម័ត ៕