សារអេឡិចត្រូនិច
សព​លោក​ឆាវេស​ នឹង​តម្កល់​ទុក ​ដូច​សព​ឡេនីន​ ៧​ថ្ងៃ​ថែម​ទៀត​


សព​របស់​លោក​ប្រធានាធិបតី​ ហ៊ូហ្គាឆាវេស​​ ដែល​ដំបូង​គ្រោង​បញ្ចុះ​នា​ថ្ងៃ​ទី​៨​ មីនា​ នឹងត្រូវ​តម្កល់​ទុក​រយៈ​ពេល​៧​ថ្ងៃ​ទៀត​ បន្ទាប់​មក​ទើប​យក​ទៅ​បញ្ចុះ​ ។​ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ របស់​ប្រធានា​ធិបតី​ស្តី​ទី​វេណេ​ស៊ុយ​អេឡា​ លោក​នីកូឡាស់ ម៉ាឌូរ៉ូ។​​លោក​ម៉ាឌូរ៉ូ​ បញ្ជាក់​តាម​ទូរទស្សន៍​ថា​ ក្រោយ​ពិធី​បុណ្យ​​ សព​របស់​លោក​ហ៊ូ​ហ្គោ​ឆាវេស ​នឹង​ត្រូវ​តម្កល់​ទុក​ឱ្យ​សាធារណ​ជនបាន​ឃើញ​ និង​​​គោរព​នៅ​ខាង​ក្នុងអតីត​បន្ទាយ​យោធា​មួយ​ នៃ​ក្រុង​ការ៉ាកាស់ ។​

លោក​បន្តថា​ សព​នោះ​​នឹង​ត្រូវ​តម្កល់​ដូច​សពហូ ជីមិញ​ សព​ឡេនីន​ ឬ​សព​ម៉ៅ សេទុង ។ លោក​ពន្យល់​ថា​ ក្រោយ​បុណ្យ​សព​ដែល​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ​យ៉ាង​តិច​៣៣​រូប​ សព​លោក​ឆាវេស​ ក្នុង​គ្រា​ដំបូង​តម្កល់​ទុក​នៅ​បន្ទាយ​ MONTAGNE ភាគ​ខាង​លិច​ក្រុង​ការ៉ាកាស់ ។​

គឺ​ចេញ​ពី​បន្ទាយ​យោធា​នេះ​ហើយ​ដែល​លោក​ឆាវេស​ ធ្លាប់​បាន​ធ្វើ​រដ្ឋ​ប្រហារ​មិនបាន​សម្រេច​មួយ​កាល​ពី​ឆ្នាំ​១៩៩២​ មុនពេល​លោក​ជាប់​ឆ្នោត​ជា​លើក​ដំបូង​ធ្វើ​ប្រធានាធិបតី​កាលពី​​ឆ្នាំ​១៩៩៨ ។​ លោក​ម៉ាឌូរ៉ូ បន្ត​ថា​ នោះ​នឹង​ជា​កន្លែង​ស្នាក់​ដំបូង​របស់​លោក​ ។​ កាល​នៅ​រស់​ លោក​ឆាវេស​ បាន​សម្រេច​ប្រែ​ក្លាយ​បន្ទាយ​នេះ​ជា​សារ​មន្ទីរបដិវត្តន៍​បូលីវីយែន ដែល​បច្ចុប្បន្ន​កំពុង​សាង​សង់​ ។​ គេបាន​សម្រេច​សាង​សង់​រូប​ចម្លាក់​លោក​មួយ​នៅ​ទី​នោះ​ ដើម្បី​ឱ្យ​អ្នក​ផង​បាន​ឃើញ​លោក​ជា​អមតៈ ៕​