សារអេឡិចត្រូនិច
គីម​ ចុះទៅ​ខ្សែត្រៀម​ជួរមុខ ​និង​និយាយ​អំពី​សង្គ្រាម ​ពេញធឹង​ជាមួយ​កូរ៉េ​ខាងត្បូង​


​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​និយាយ​អំពី​"​សង្គ្រាម​ពេញធឹង​"​មួយ​នៅពេល​លោក​ចុះ​មើល​កងឯកភាព​ទ័ព​ជួរ​មុខ​មួយ​ដែល​បាន​បាញ់​ផ្លោង​ដាក់​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១០​។​

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​បាន​និយាយថា ក្នុងពេល​ទស្សនកិច្ច​កោះ​ពីរ​នៅ​ជាប់​ព្រំដែន​ទឹក​ជាមួយ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បត៍ លោក​គីម​បាន​និយាយថា​យោធា​កូរ៉េ​ខាងជើង​បាន​"​ត្រៀម​ខ្លួន​ពេញលេញ​សំរាប់​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពេញធឹង​ស្ទីល​កូរ៉េ​មួយ​"​។​

​ការចុះពិនិត្យ​ទ័ព​នៅ​ខ្សែត្រៀម​ជួរមុខ​នេះ​បាន​កើតឡើង​នៅពេល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ថ្កោលទោស​ទណ្ឌកម្ម​របស់​អង្គការ​សហ​​ប្រជាជាតិ​ដែល​ត្រូវបាន​អនុម័ត​ដាក់​មកលើ​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បត៍​ដោយសារតែ​ខ្លួន​បាន​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ខែ​មុន ជា​​មួយ​នឹង​ការ​គំរាម​វាយប្រហារ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​បង្ការ​ទុកជាមុន​លើ​អាមេរិក​និង​សម្ពន្ធ​មិត្ត និង​ការប្រកាស​ហែក​ចោល​សន្ធិ​​សញ្ញា​សន្តិភាព​ជាមួយ​កូរ៉េខាងត្បូង​។​

​ថ្លែង​ទៅ​កាន់​ពលទាហាន​ដែល​ឈរជើង​នៅលើ​កោះ លោក​គីម​បាន​និយាយថា​ការបង្ក​រឿង​តិចតួច​បំផុត​នឹង​នាំ​ដល់​ការបញ្ជា​បន្ទាន់​​សំរាប់​"​ការ​មាន​ប្រៀប​ខ្លាំង​"​មួយ​នៅ​តាម​ខ្សែត្រៀម​ជាមួយ​កូរ៉េខាងត្បូង​។​

​នៅលើ​កោះ​មូ លោក​បាន​ត្រួតពិនិត្យ​កងកាំភ្លើងធំ​ដែល​បាន​បាញ់​ដាក់​កោះ​យឹង​ព្យុង​របស់​កូរ៉េ​ខាងត្បូ​ង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១០​ដោយ​បាន​សម្លាប់​មនុស្ស​៤​នាក់​និង​បង្ក​អោយ​ការបាញ់​ត​គ្នា​មួយ​។​

​ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​លោក​គីម​ពិនិត្យ​មាត់​រណ្តៅ​ដែល​បាន​បន្សល់ទុក​ពី​គ្រាប់ផ្លោង​របស់​កូរ៉េខាងត្បូង​នៅលើ​កោះ​ក្នុង​អ្វីដែល​​លោក​បាន​ពណ៌នា​ថា​"​ការប្រយុទ្ធ​គួរ​អោយ​សប្បាយ​បំផុត​"​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ​១៩៥៣​។​លោក​គីម​ក៏​បាន​ប្រើ​​កែវយឹត​ឆ្លុះ​មើល​ទៅ​កាន់​កោះ​កូរ៉េ​ខាងត្បូង​និង​ក៏​ទំនង​ជា​បាន​ពិភាក្សា​អំពី​ទីតាំង​គោលដៅ​ជា​មួយ​ពួក​នាយទាហាន​កាំភ្លើង​ធំ​។​

​លោក​គីម​ត្រូវបាន​អមដំណើរ​ដោយ​សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​មេដឹកនាំ​កូរ៉េខាងជើង រួម​មាន​ស្នងការ​នយោបាយ ចូ រី​យ៉ុង​និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​គីម គ្យុក​-​ស៊ិក​៕