សារអេឡិចត្រូនិច
ម៉ាឡេស៊ី​ អាច​សុំ​បញ្ជូន​ខ្លួន​ ស្តេច​ស៊ុល​តង់​ហ្វីលីពីន​


រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​និយាយថា ​ប្រទេស​លោក​អាច​ស្វះស្វែង​ធ្វើ​បត្យាប័ន​ស្តេច​ស៊ុល​តង់​ហ្វីលីពីន ​ដែល​ប្រកាស​ដោយ​​ខ្លួន​ឯង​ម្នាក់​ដែល​អ្នក​គាំទ្រ​របស់​គាត់​បាន​ជ្រៀតចូល​ម៉ាឡេស៊ី​ខាងកើត​។​

កងកម្លាំង​ម៉ាឡេស៊ី​បច្ចុប្បន្ន​កំពុង​តាម​ប្រមាញ់​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​កោះ​ប័រណេ​អូ​​កន្លែង​ដែល​ពួក​ទៅ​ហ្វីលីពីន​បាន​ជិះ​ទូក​ទៅ​ឡើងគោក​កាលពី​ខែ​មុន​ដើម្បី​អះអាង​ទឹកដី​ក្នុង​អ្វី​ដែល​អាច​ជា​វិបត្តិ​សន្តិសុខ​អាក្រក់​បំផុត​​នៅ​ម៉ាឡេស៊ី​ក្នុង​ប៉ុន្មាន​សិប​ឆ្នាំ​មកនេះ​។​ យ៉ាងតិច​មនុស្ស​២៨​នាក់​ត្រូវបាន​សម្លាប់ ភាគច្រើន​ជា​ជន​សកម្មប្រយុទ្ធ​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក​អា​នី​ហ្វា អា​ម៉ាន់​បាន​និយាយថា​ម៉ាឡេស៊ី​បាន​ពិចារណា​ថា​តើ​ត្រូវ​ស្វះស្វែង​សុំ​ការបញ្ជូន​ខ្លួន​ស្តេច​ចា​ម៉ា​លុល គី​រ៉ា​ម​ទី​៣ ដែរ​ឬ​អត់​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ខកខាន​មិន​បាន​ចាត់ការ​។​

​លោក​អា​នី​ហ្វា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​"​មេដឹកនាំ​ក្រុម​នេះ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដែល​ញុះញុង​បង្ក​កំហឹង​និង​សម្អប់​។​តើ​ហ្វី​​លី​ពី​ន​មានច្បាប់​សំរាប់​នាំ​គាត់​ទៅ​កាត់ទោស​ដែរឬទេ​?​បើ​គ្មាន ប្រហែលជា​យើង​ស្នើសុំ​អោយ​ហ្វីលីពីន​ប្រគល់​គាត់​មក​ពួកយើង​។​​យើង​មិន​មាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហ្វីលីពីន​ទេ តែ​វា​អាច​ធ្វើបាន​ក្នុង​ស្មារតី​អាស៊ាន​"​។​

​ទោះ​ជា​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ព្រមាន​លោក​គី​រ៉ា​ម​ថា​លោក​អាច​បំពាន​ច្បាប់​ក្នុងស្រុក ក៏​ការធ្វើ​បត្យាប័ន​ទៅ​ម៉ាឡេស៊ី​ទំនងជា​មិន​​អាច​ដោយសារ​មិន​មាន​កិច្ចខិតខំ​ណា​ដើម្បី​ចាប់ខ្លួន​លោក​។​

​លោក​គី​រ៉ា​ម​និង​អ្នកគាំទ្រ​ក៏​ត្រូវបាន​អនុញ្ញាត​អោយ​ធ្វើ​សកម្មភាព​ដោយ​សេរី​ពី​ផ្ទះ​របស់​គាត់​នៅ​ក្រុង​ម៉ានីល កន្លែង​ដែល​គាត់​បាន​ធ្វើ​​សន្និសីទកាសែត​ប្រចាំថ្ងៃ​និង​បាន​ជួប​ប្រធាន​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ដែល​គាំទ្រ​ការអះអាង​របស់​លោក​ដែល​ថា​រដ្ឋ​សា​បា​របស់​ម៉ាឡេស៊ី​​ជា​ទឹកដី​នៃ​អតីត​ស្តេច​ស៊ុល​តង់​នៃ​តំបន់​ស៊ូ​លូ​ហ្វីលីពីន​។​

​ម៉ាឡេស៊ី​បាន​បើក​ប្រតិបត្តិការ​បោសសម្អាត​សមាជិក​ក្រុម​លោក​គី​រ៉ា​ម​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​បញ្ចប់​ការ​ប្រទាញប្រទង់​អស់​ពេល​៣​សប្តាហ៍ តែ​វា​ហាក់​មិន​បាន​បំផ្លាញ​ពួក​បះបោរ​ទាំងស្រុង​ទេ ហេតុ​ដូច្នេះ​កងកម្លាំង​ម៉ាឡេស៊ី​បន្ត​តាមរក​ជន​ជ្រៀតចូល​គ្រប​កន្លៀត​ចន្លោះ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បារម្ភ​ថា​ពួក​សកម្មប្រយុទ្ធ​នៅ​សម្ងំ​លាក់ខ្លួន​៕