សារអេឡិចត្រូនិច
ពលរដ្ឋ​វេណេ​ស៊ុយ​អេឡា ​ច្រើន​រយ​​ពាន់​នាក់​ចូល​រួម​ហែ​សព ​លោក​ហ៊ូ​ហ្គោ​ឆា​វេស


ពលរដ្ឋ​វេណេ​ស៊ុយ​អេឡា​​ជា​ច្រើន​រយ​​ពាន់​នាក់​​កាលពី​ថ្ងៃ​ទី​៦ មីនា ​បាន​លើក​គ្នា​មក​កាន់​ទី​ក្រុង​ការ៉ាកាស់​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​សព​លោក​ប្រធានា​ធិបតី​ហ៊ូ ហ្គោ​ឆាវេស​​ដែល​ទទួល​មរណ​ភាព​កាលពីថ្ងៃ​ទី​៥ ​មីនា ​ដោយ​សារ​ជំងឺ​មហា​រីក។​ក្រោម​បទ​ភ្លេង​ជាតិ​សព​របស់​ប្រ​ធានា​ធិបតី​​ត្រូវបាន​នាំ​យក​ចេញ​ពី​មន្ទីរ​ពេទ្យ​​យោធា​ក្រុង​​ការ៉ា​​​កាស់​​​យកមក​តម្កល់​​ឯ​បណ្ឌិត​សភា​​យោធា​រហូត​ដល់​ពេល​បញ្ចុះ​សព​លោក​គ្រោង​នា​ថ្ងៃ​ទី​៨ មីនា ។

ក្បួន​ដង្ហែ​​សព​លោក​​មាន​ប្រវែង​​ដល់​ប្រមាណ​ជា​១០​គីឡូ​ម៉ែត្រ ​ដោយ​មាន​មនុស្ស​ចូល​រួម​ជា​ច្រើន​រយ​ពាន់​នាក់​​​ភាគ​ច្រើន​ ស្លៀក​ពាក់​​ពណ៌​ក្រហម​​ជា​ពណ៌​របស់​​ពួក​ឆា​វេសនិយម​ ។ ​​ពល​រដ្ឋ​វេណេ​ស៊ុយ​អេឡា​មួយ​ចំនួន​ដែល​ចូ​ល​រួម​ដង្ហែ​សព​បាន​បង្ហូរ​ទឹក​ភ្នែក​សោក​ស្តាយ​មេ​ដឹក​នាំ​​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ ​។ ​មឈូស​សព​ប្រធា​នា​​ធិបតី​ដែល​គ្រប់​ទង់​ជាតិ​អម​ដោយ​​កង​ឆ្មាំ​កិត្តិ​យស​ប្រធានា​ធិបតី​គឺ​កង​​បេរេ​​​​ក្រហម​ហើយ​នៅ​​ជាប់​មឈូស​​សព​គេ​សង្កេត​ឃើញ​ជា​​​ ពិសេស​អនុ​ប្រធានាធិបតី​លោក​នី​កូឡាស់​ម៉ា​ឌូរ៉ូ ​ជាអ្នក​ទទួល​​​មរតក​នយោ​​បាយ​​ពី​លោក​ឆា​វេស ​ប្រធាន​​សភា​ជាតិ​លោក​ឌី​អូ​ស​ដាតូ ​ការ​​​បែល​ឡូ ព្រម​ទាំង​ប្រធានាធិបតី​បូលី​វី លោក​អឺរ៉ូ​ម៉ូ​រ៉ា​ឡេស ។

​​ពួក​អ្នកចូលរួម​ហែ​សព​មាន​​មួយ​ចំនួន​ដណ្តើម​គ្នា​ទិញ​រូប​ថត​លោក​ឆា​វេស​ដោយ​ពួកគេ​និយាយ​ថា ពួក​គេ​នឹង​ថត​ចម្លង​រូប​ថត​មេ​ដឹក​នាំ​រូប​នេះ​ទុក​​​ចែក​ចាយ​ឱ្យ​កូនចៅ ​ចៅ​ទួត​ និង​គ្រួសារ​ពួកគេ​ទាំង​មូល ​។ អាជ្ញា​ធរ​វេណេ​ស៊ុយ​អេឡា​ប្រកាស​ពីការ​ចូល​រួម​កាន់​មរណ​ទុក្ខ​រយៈ​េពល​៧​ថ្ងៃ ​ហើយ​បណ្តា​​សាលា​រៀន​និង​អគារ​​រដ្ឋទាំង​ឡាយ​បាន​បិទ​​​ទ្វារ​កាលពី​ថ្ងៃទី​៦ ម​ីនា ​។រដ្ឋ​មន្ត្រី​ការ​បរ​ទេស​វេណេ​ស៊ុយ​អេឡា​លោក​អឺ​លី​យ៉ាស់ ​ហ្សា​អ៊ូអា ​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៥​មីនា ​ថា ​លោក​​អនុ​ប្រធានា​ធិបតី​ម៉ា​ឌូរ៉ូ ​ឡើង​ធ្វើ​ប្រមុខ​រដ្ឋ​ស្តី​ទី​និង​​ថា​​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​​​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​៣០​ថ្ងៃ ​​ក្រោយ​មរណ​ភាព​របស់​លោក​ឆាវេស​ ​យោងទៅ​តាម​ការ​ផ្តែ​ផ្តាំ​របស់​​លោក ។

នៅ​អាមេរិក​ឡាទីន ​ប្រទេស​​ជាច្រើន​ដូច​ជា ​ប្រេ​ស៊ីល​ គុយ​បា ​អេ​ក្វា​ទ័រ ​រហូត​ដល់​​ស៊ី​លី​ បាន​​ប្រកាស​ពី​ការ​កាន់​មរណ​ទុក្ខ​រយៈ​ពេល​ច្រើន​ថ្ងៃ ។​ពេល​តម្កល់​នៅ​បណ្ឌិត​​សភា​យោធា​មឈូស​សព​របស់​​លោក​ឆាវេស​ត្រូវ​បើក​គម្របចេញ ។ ​ពល​រដ្ឋ​វេណេ​ស៊ុយ​អេឡា​​អាច​ទៅ​កាន់​កន្លែង​តម្កល់​សព​នោះ​គោរព​វិញ្ញាណ​ក្ខន្ធ​មេ​​ដឹក​នាំ​របស់​​ខ្លួន​ដែល​ទទួល​មរណ​ភាព​កាលពីថ្ងៃទី​៥ មីនា ​ក្នុង​ជន្មា​យុ​៥៨ ឆ្នាំ ​ដោយសារ​ជំងឺ​មហារីក ​មុន​ពេល​បញ្ចុះ​ដែល​ក្នុង​ពិធី​បញ្ចុះ​នា​ថ្ងៃ​ទី​៨ ​មីនា ​នឹងមាន​មេ​ដឹក​នាំ​បរ​ទេស​ជា​ច្រើន​រូប​ចូ​លរួម ៕