សារអេឡិចត្រូនិច
វៀតណាម ៖ ហាម​ប៉ូលិស​ដុះ​ក្បាល​ពោះ ​និង​កោង​កាច​បំពេញ​តួនាទី ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ


ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា​ រដ្ឋាភិបាល​វៀត​ណាមបាន​​ហាម​ប៉ូលិស​ដែល​ដុះ​ក្បាល​ពោះ​ និង​ប្រើ​សម្តី​កោង​កាច​ មិន​ឱ្យ​បំពេញ​តួនាទី​ជា​ប៉ូលិស​ចរាចរ​ក្នុង​ទីក្រុង​ហាណូយ​ទេ ។​ ការ​ហាម​បែប​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​ការងារ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​នៅ​ក្នុង​ស្ថាប័ន​ប៉ូលិស​ជាតិ ។​ កាសែត​ធៀន​ហ្វុង​របស់​វៀត​ណាម​បាន​ផ្សាយ​ថា​ ប៉ូលិស​ដែល​ដុះ​ក្បាល​ពោះ​ និង​កោងកាច​ រួម​ទាំង​ទាប​កន្តឿ​ ហើយ​មាន​ឥរិយា​បថ​មិន​សមរម្យ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ប្រតិ​បត្តិ​​តួនាទី​ផ្នែក​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​ហាណូយ​ឡើយ​ តែ​ពួក​គេ​គប្បី​បំពេញ​ការងារ​​ក្នុងការិយា​ល័យ​វិញ​ទើប​ជា​ការប្រសើរ ។​

លោក​ដាវ វិនថាំង​ មេ​បញ្ជាការ​ប៉ូលិស​ចរាចរ​ក្រុង​ហាណូយ​បង្ហើប​ឱ្យដ​ឹង​ថា​ ក្រុម​សង្កេត​ការណ៍​ចំនួន​៥​ក្រុម​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​ដាន​ទង្វើ​របស់​ប៉ូលិស​នៅ​លើ​ដង​ផ្លូវ​ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង​ ក្រោយ​ពី​មាន​ការ​អំពាវនាវ​ពី​ប្រជាពល​រដ្ឋ​ជា​ច្រើន​នាក់​ទាក់​ទង​នឹង​ការ​ប្រតិ​បត្តិ​តួនាទី​របស់​ប៉ូលិស​ចរាចរ​ រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ និង​កោង​កាច​ផង​ដែរ ។​

ទោះ​ជា​យ៉ាង​ណា​ កាលពីខែ​មករា​កន្លង​ទៅ​វៀតណាម​បាន​បញ្ជូន​ស្ត្រី​ប៉ូលិស​ឱ្យ​ចូល​រួម​ប្រតិបត្តិ​តួនាទី​ផ្នែក​ចរាចរណ៍​ កែ​លម្អ​សម្ព័ន្ធ​ភាព​ផ្នែក​សន្តិសុខ​ ដើម្បី​ឱ្យ​ប៉ូលិស​ប្រុស​មាន​ពេល​ហាត់​ប្រាណសម្រក​ទម្ងន់​ សម្រក​ក្បាល​ពោះ​ឱ្យ​ស្រប​តាម​បណ្តា​ប្រទេស​ជា​ច្រើនរួម​មាន​ ថៃ​ ប៉ាគីស្ថាន​ អង់​គ្លេស​ ឥណ្ឌូណេស៊ី​ និង​ហ្វ៊ីលីពីនជា​ដើម ៕​