សារអេឡិចត្រូនិច
កូរ៉េខាងជើង ​ចាប់ផ្តើម​សមយុទ្ធ​ យោធា​ទូទាំង​ប្រទេស​


កូរ៉េខាងជើង​កំពុង​ធ្វើ​ការហ្វឹកហាត់​យោធា​បន្តបន្ទាប់ ​និង​ត្រៀម​អនុវត្ត​សមយុទ្ធ​ទូទាំងប្រទេស ​ក្នុង​សណ្ឋាន​ដែល​មិន​ធ្លាប់​មាន​ពី​​មុន​មក នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បត៍ នៅពេល​ភាព​តានតឹង​កើន​កាន់តែខ្លាំង​នៅមុន​ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​កូរ៉េ​ខាងត្បូង​និង​អាមេរិក ដែល​ក៏​កំពុង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ចុង​ខែ​មេសា កំពុង​តាមដាន​សកម្មភាព​របស់​កូរ៉េ​ខាងជើង​​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​លោក​គីម មីន សឹក​បាន​និយាយថា​"​វា​មិន​ញឹកញយ​ទេ​ដែល​កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​​យោធា​នៅ​កម្រិត​ទូទាំងប្រទេស​។​កូរ៉េខាងជើង​ឥឡូវ​កំពុង​ធ្វើ​ការហ្វឹកហាត់​ផ្សេងៗ​សំរាប់​ទ័ពជើងគោក អា​កាស​និង​ជើង​ទឹក​"​។​

"​យើង​កំពុង​តាមដាន​ក​សម្មភាព​របស់​កូរ៉េ​ខាងជើង​និង​បង្កើន​ការត្រៀមខ្លួន​ក្រោម​ការសន្និដ្ឋាន​ថា​ការហ្វឹកហាត់​នេះ​អាច​នាំ​ដល់​ការ​​បង្ក​រឿង​នៅ​ពេល​ណាមួយ​"​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កូរ៉េ​ខាងជើង​បាន​កំណត់​តំបន់​ហាម​ហោះហើរ​និង​នាវាចរណ៍​នៅ​​ឯនាយ​ឆ្នេរ​ខាងកើត​និង​ខាងលិច​ដែល​នេះ​បញ្ជាក់ថា​ខ្លួន​នឹង​ធ្វើ​ការហ្វឹកហាត់​យោធា​ដ៏​ធំ​មួយ តែ​ការបាញ់​សាកល្បង​កាំជ្រួច​ចម្ងាយ​​ខ្លី និង មធ្យម​មិនអាច​ច្រាន​ចោល​ទេ​៕