សារអេឡិចត្រូនិច
រថ​យន្ត​ដឹក​សិស្ស ​បុក​ជាមួយ​រថ​យន្ត​ដឹក​ទំនិញ​ស្លាប់​ ១១​នាក់​ និង​រង​របួស ១០នាក់​ ​


​​​​ប្រភព​ពី​ BBC បាន​ផ្សាយ​ឱ្យ​ដឹង​ថា នៅ​ភាគ​ខាង​ជើង​ក្នុង​រដ្ឋ​ប៉ាន​ចាប ប្រទេស​ឥណ្ឌា មាន​ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​រថ​យន្ត​ដឹក​សិស្ស​បុក​ជាមួយ​រថ​យន្ត​ផ្ទុក​ទំនិញ​ បណ្តាល​ឱ្យ​កុមារ​ជា​សិស្ស​សាលា​ចំនួន​១១​នាក់​ បាន​ស្លាប់​ និង​១០​នាក់​​ទៀត​រង​របួស​ ។ ឧប​ទ្ទវ​ហេតុ​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ មីនា នៅ​តំបន់​កាហ៊ី​ ក្នុង​ស្រុក​ហ្សាឡា​ថា ។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ នៅ​ឯ​រដ្ឋ​ឧត្តរ​ប្រទេស​ កើត​មាន​ឧប​ទ្ទវ​ហេតុ​​គ្រោះ​​ថ្នាក់​ចរាចរណ៍​រថ​យន្ត​ដឹក​សិស្ស​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដង​អូរ​ បង្ក​ឱ្យ​សិស្ស​ចំនួន​១៦​នាក់​ស្លាប់ និង​១៨​នាក់​រង​របួស​ ដែល​នេះ​ចាត់​ទុក​ថា ជា​ឧប​ទ្ទវ​ហេតុ​ដ៏​អាក្រក់​ដែល​កើត​​ឡើង​​ទៅ​លើ​សិស្ស​សាលានៅ​ក្នុង​​ប្រទេស​​ឥណ្ឌា ។ តាម​របាយ​ការណ៍​​បាន​បញ្ជាក់​​​​ថា ក្នុង​មួយ​ឆ្នាំ​ៗ​​ប្រជា​ជន​​ឥណ្ឌា​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ប្រមាណ​ជាង​១១០.០០០​នាក់ ។

​ដោយ​ឡែក ក្នុង​ប្រទេស​កម្ពុជា​ ក៏​កើត​មាន​ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ដ៏​សន្ធឹក​សន្ធាប់​ ដែល​បង្ក​ឱ្យ​មាន​​អ្នក​​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ។ យ៉ាង​ណា​ម៉ិញ​សម្រាប់​រថ​យន្ត​ដឹក​សិស្ស​​​បច្ចុប្បន្ន​ កំពុង​មាន​​​ការ​រិះ​គន់​ពី​មហាជន​ជា​ច្រើន​ថា អ្នក​បើក​បរភាគ​ច្រើន​មិន​សូវ​គោរព​ច្បាប់​​ចរាចរណ៍ ទោះ​បី​ជា​​ផ្លូវ​ដ៏​ចង្អៀត​ ក៏​គេ​នៅ​តែ​បើក​បរ​ក្នុង​ល្បឿន​​លឿន​​ដោយ​មិន​គិត​ពី​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ​ ៕