សារអេឡិចត្រូនិច
ទាហាន​សូ​វៀត​ត្រូវ​បាន​ឃើញ​នៅពេល ​៣៣​ឆ្នាំក្រោយ​បាត់​ខ្លួន​នៅ​អា​ហ្ក​ហ្គានី​ស្ថាន​


ទាហាន​ជើងចាស់​សូ​វៀត​មួយរូប ​ដែល​បាន​បាត់​ខ្លួន​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ​អស់​រយៈពេល​៣៣​ឆ្នាំ​នោះ ត្រូវបាន​រកឃើញ​កំពុង​រស់នៅ​ជាមួយ​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ខេត្ត ហេ​រ៉ាត់ ភាគ​ខាងជើង​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​RIA របស់​ប្រទេស​រុស្ស៊ី បាន​រាយការណ៍​ថា ទាហាន​ជើងចាស់​រូបនេះ​បាន​ដាក់​ឈ្មោះ​តាម​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ជា សេក អាប់​ឌុល​ឡា​។​ ​លោក​ជា​ជនជាតិភាគតិច​អ៊ុ​បេគី​ស្ថាន ដែល​ត្រូវបាន​រកឃើញ​ដោយ​ទាហាន​ជើងចាស់​ដទៃទៀត​។​

​លោក​បាន​រងរបួស​នៅក្នុង​សង្គ្រាម​នៅ​ឆ្នាំ​១៩៨០ ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​លុកលុយ​របស់​សហភាពសូវៀត និង​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ប្រធាន​គណៈកម្មការ​ទា​ហាន​ជើងចាស់ លោក​រូ​ស្លា​ន អូ​សេវ បាន​និយាយ ថា​លោក សេក អាប់​ឌុល​ឡា ដែល​មាន​ឈ្មោះ​ពិត​ថា បាក់​ក្រេ​ដីន កាគី​ម៉ូ​វ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ស្រុក ស៊ីន​ដង់​បន្ទាប់​ពី​ការស្វែងរក​អស់​រយៈពេល​មួយ​ឆ្នាំ​ដែល​គាត់​បាន​បម្រើការ​ក្នុង​កង​កាំភ្លើងយន្ត​។​

​គណៈកម្មការ​នោះ បាន​ចុះឈ្មោះ​ទាហាន​សូ​វៀត​២៦៤​នាក់​ដែល​នៅ​មិនទាន់​បាន​រកឃើញ នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដែល​ពាក់កណ្តាល​នៃ​ពួកគេ​ទាំងនោះ​ជា​ជនជាតិ​រុស្ស៊ី​ ។​ នៅ​ក្នុង​ទសវត្សរ៍​ដំបូង​បន្ទាប់​ពី​ការ​ដកទ័ព​ចេញ​របស់​សហភាពសូវៀត​នៅ​ឆ្នាំ​១៩៨៩ គណៈកម្មាការ​នោះ​បាន​រកឃើញ ទាហាន​បាត់​ខ្លួន​ចំនួន​២៩​នាក់​ហើយ​ទាហាន​២២​នាក់​បាន​សម្រេចចិត្ត​ត្រលប់​មក​មាតុភូមិ​វិញ នៅ​ខណៈពេលដែល​ទាហាន​ប្រាំពីរ​នាក់​សម្រេចចិត្ត​ស្នាក់​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក សេក អាប់​ឌុល​ឡា បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ ប៉ុន្តែ​នាង​បាន​ស្លាប់ ហើយ​លោក​មិន មាន​កូន​ទេ​។ លោក​អាច​ស្តាប់​យល់​ភាសា​រុស្ស៊ី ប៉ុន្តែ​មិន​អាច​និយាយ​ភាសា​នោះ​បាន​ល្អ​ទេ​៕