សារអេឡិចត្រូនិច
ម៉ាឡេស៊ី​ តាម​ប្រមាញ់​ពួក​ជ្រៀតចូល ​នៅពេល​ពួក​ឧទ្ទាម​កុំម្មុយនីស្ត​ ហ្វីលីពីន​ចូល​ជួយ​


កងកម្លាំង​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​តាម​ប្រមាញ់​ពួក​ឈ្លានពាន​ហ្វីលីពីន​ដោយ​ធ្វើការ​ឆែកឆេរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​ដើម្បី​រក​ពួក​​សកម្មប្រយុទ្ធ​ហ្វីលីពីន​ដែល​បាន​នៅ​រស់​ពី​ការវាយប្រហារ​របស់​ក​ង​កម្លាំង​ម៉ាឡេស៊ី​ដ៏​ធំ​កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​ពួក​ឧទ្ទាម​ហ្វីលីពីន​​មួយ​បាន​ព្រមាន​ថា​យុទ្ធជន​របស់​ខ្លួន​ច្រើន​ថែម​ទៀត​នឹង​ទៅដល់​។​

ម៉ាឡេស៊ី ​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ការវាយប្រហា​រ​ធំ​មួយ​ដោយ​មាន​ការចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រាប់ ​និង​ទាហាន​២​កងពល​ដើម្បី​​បោសសម្អាត​ពួក​ឈ្លានពាន​ហ្វីលីពីន​ប្រមាណ​៣០០​នាក់​ក្នុង​បំណង​បញ្ចប់​ភាព​ប្រទាញប្រទង់​រយៈពេល​៣​សប្តាហ៍​ដែល​បណ្តាលអោយ​ស្លាប់​មនុស្ស​២៧​នាក់ រួម​មាន​ប៉ូលិស​ម៉ាឡេស៊ី​៨​នាក់​។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សាក់​បានប្រកា​សប្រតិបត្តិការ​បោសសម្អាត​ពួកអ្នកដើ​រ​តាម​ស្តេច​ស៊ុល​តង់​ដែល​ប្រកាស​​ដោយ​ខ្លួនឯង​ម្នាក់​នៅ​ហ្វីលីពីន ដែល​បាន​ប្រកាស​អះអាង​ថា​ទឹកដី​នៃ​រដ្ឋ​សា​បា​របស់​ម៉ាឡេស៊ី​ធ្លាប់​ជា​រដ្ឋ​របស់​អតីត​ស្តេច​ស៊ុល​តង់​​របស់ខ្លួន​។​ ​អាជ្ញាធរ​អះអាងថា​ពួក​ជ្រៀតចូល​កំពុង​ភៀសខ្លួន​ទៅ​សម្ងំ​នៅ​តំបន់​កសិដ្ឋាន​ជុំវិញ​នៅលើ​កោះ​ប័រណេ​អូ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​Bernama​បាន​ស្រង់​សម្តី​ប៉ូលិស​ដែល​បាន​និយាយថា​"​ការ​តាម​ប្រមាញ់​និង​រុករក​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​កំពុង​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​សុវត្ថិភាព​ប៉ូលិស​និង​ទាហាន​"​។​ ​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​លោក​អ៊ី​សមេ​ល អូ​ម៉ា​បាន​និយាយ​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​បន្ទាប់ពី​ការវាយប្រហារ មិន​បាន​រកឃើញ​ខ្មោច​​ពួក​សកម្មប្រយុទ្ធ​ឬក៏​ចាប់ខ្លួន​បាន​ពួកវា​ទេ​។​ ​លោក​បាន​បន្តថា​"​យើង​បាន​ណែនាំ​អោយ​កម្លាំង​របស់​យើង​បន្ត​ប្រុងប្រយ័ត្ន​ពី​ព្រោះ​សត្រូវ​ស្ថិតនៅ​ទៅ​នោះ​នៅឡើយ​"​។​

ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​ម្នាក់​របស់​ក្រុម​ឧទ្ទាម​ហ្វីលីពីន​ដ៏​ល្បី​ឈ្មោះ​គឺ​"​រណសិរ្ស​រំដោះជាតិ​ម៉ូ​រ៉ូ​(MNLF)"​ដែល​បាន​ធ្វើ​សង្គ្រាម​​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក បាន​និយាយថា​យុទ្ធជន​ក្បាលរឹង​ទៅ​ពី​ក្រុម​របស់​លោក​បាន​ទៅដល់​ម៉ាឡេស៊ី​ដើម្បី​ជួយ​ពួក​សកម្មប្រយុទ្ធ​របស់​ស៊ុល​តង់​ចា​ម៉ាលូ គី​រ៉ា​ម ទី​៣​។​

​លោកមូហា​ចាប ហា​ស៊ីម​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ថា​"​ពួកគេ​ជាច្រើន​បាន​ជ្រៀតចូល​ដោយ​ឆ្លងកាត់​កងកម្លាំង​សន្តិសុខ​។​ ពួក​​គេ​ដឹង​តំបន់​នេះ​ដូច​បាតដៃ​របស់គេ​ ពីព្រោះ​ពួកគេ​បាន​ទទួល​ការហ្វឹកហាត់​នៅ​ទីនោះ​កាលពី​អតីតកាល​"​។​

"​យើង​រំពឹងថា​ពួកគេ​ច្រើន​ថែម​ទៀត​នឹង​ចូលរួម​ការប្រយុទ្ធ​ទោះ​ជា​ការណែនាំ​ផ្លូវការ​របស់​យើង​បាន​ប្រាប់​កុំអោយ​ពួកគេ​ទៅ​ទី​នោះ​ក្តី​"​។​ ​វិបត្តិ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​១២​កុម្ភៈ នៅពេល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយថា​ពួក​ជនជាតិ​ហ្វីលីពីន​ពី​១០០​ទៅ​៣០០​នាក់​បាន​ជិះ​ទូក​មក​ឡើងគោក​នៅក្នុង​រដ្ឋ​សា​បា ​និង​ពួកគេ​ត្រូវបាន​កម្លាំង​ម៉ាឡេស៊ី​ឡោមព័ទ្ធ​នៅ​ភូមិ​តាន់​ដូ​។​ ​បន្ទាប់​ពី​ការប៉ះទង្គិច​គ្នា​ពីរ​លើក​និង​ឧបទ្ទវហេតុ​ពាក់ព័ន្ធ អាជ្ញាធរ​បាន​និយាយថា​មនុស្ស​២៧​នាក់​បាន​ស្លាប់​។​

​ពួក​អ្នក​ជ្រៀតចូល​នេះ​ជា​មនុស្ស​របស់ ចា​ម៉ា​លូ គី​រ៉ា​ម ទី​៣ ជា​អ្នក​ស្នងរាជ្យ​ដែល​ប្រកាស​ដោយ​ខ្លួនឯង​របស់​អតីត​ស្តេច​ស៊ុល​តង់​​នៃ​តំបន់​ស៊ូ​លូ​ដែល​ធ្លាប់​គ្រប់គ្រង​ហ្វីលីពីន​ខាងត្បូង​និង​បាន​អះអាង​អធិបតេយ្យភាព​លើ​រដ្ឋ​សា​បា​។​

​សូមបញ្ជាក់​ថា​អំណាច​របស់​រដ្ឋ​ស្តេច ​ស៊ុល​តង់​ស៊ូលូ​បាន​ថមថយ​តាំង​ពី​មួ​យ​ទសវត្សរ៍​មុន តែ​អ្នក​ស្នងរាជ្យ​របស់​ក្សត្រ​អង្គ​នេះ​នៅតែ​អះអាង​កម្មសិទ្ធិ​​លើ​រដ្ឋ​សា​បា​ ដ៏​សំបូរ​ប្រភពធនធាន ​និង​ក៏​នៅ​តែ​ទទួល​ប្រាក់​ឧបត្ថម្ភ​ជា​និមិត្តរូប​ពី​ម៉ាឡេស៊ី​ ក្រោម​កិច្ចព្រមព្រៀង​ជួល​មួយ​ដែល​ពីដំបូង​​ចុះហត្ថលេខា​ដោយ​មហាអំណាច​អាណានិគម​លោកខាងលិច​៕